ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានមកជឿស្រាបៀរពីស្ត្រីម្នាក់ យកទៅផឹកនៅក្នុងបន្ទប់ជាមួយបក្ខពួក២នាក់ទៀត លុះបន្តិ ក្រោយមក ស្ត្រីជាអ្នកលក់មិននៅ ពឹងឱ្យនារីជាអ្នកស្គាល់គ្នាជួយមើលកន្លែង ក៏ត្រូវជនសង្ស័យត្រឡប់មកជឿស្រាបៀរម្តងទៀត រួចក៏ល្បួងហៅនារីរូបនោះ តាមទៅយកលុយនៅក្នុងបន្ទប់របស់គេ លុះទៅដល់ក៏ចាប់អូសដៃខ្ទប់មាត់ប្រុងចាប់រំលោភ តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្រែកឆោឡោ ព័ទ្ធចាប់ក្របួចជាប់ទាំង៣នាក់ ប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះមួយកន្លែងដែលគ្មានមនុស្សនៅ ផ្លូវលេខ១២២ ខាងក្រោយទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ជនសង្ស័យមានឈ្មោះឌី ឃុនយ៉ា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកបក្ខពួក២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែក នារីរងគ្រោះ មានឈ្មោះ ខ.ស.ឃ អាយុ២៦ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានមកទិញស្រាបៀរចំនួន៥កំប៉ុង ពីស្ត្រីម្នាក់ស្គាល់គ្នា ដែលលក់ដូរនៅក្បែរកន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យសុំជឿ (ជំពាក់) សិន។ លុះមួយសន្ទុះក្រោយមក ស្ត្រីជិអ្នាកលក់ស្រាបៀរនោះ រវល់ចេញទៅផ្សារ ក៏ពឹងឱ្យនារីរងគ្រោះដែលជាអ្នកស្គាល់គ្នា ជួយមើលលក់ដូរឱ្យ ស្រាប់តែលេចមុខជនសង្ស័យដដែល មកទិញស្រាបៀរថែម ចំនួន៥កំប៉ុងទៀត។ ពេលនោះ នារីរងគ្រោះក៏បានទារលុយពីជនសង្ស័យ តែជនសង្ស័យមិនព្រមឱ្យលុយ និងថែមទាំងបានកញ្ឆក់យកស្រាបៀរពីនារីរងគ្រោះទៀត បន្ទាប់មក ក៏ប្រើល្បិចលួងលោមហៅនារីរងគ្រោះ ឱ្យតាមទៅយកលុយនៅកន្លែងដែលខ្លួនស្នាក់នៅ។

ប្រភពដដែលបន្តថា ភ្លាមនោះ នារីរងគ្រោះក៏បានដើរតាមជនសង្ស័យ បំណងទៅតាមយកលុយដែលជនសង្ស័យជំពាក់ថ្លៃស្រាបៀរ ស្រាប់តែពេលទៅដល់ក្នុងផ្ទះដែលគេទុកចោល ជនសង្ស័យខាងលើ ក៏បានស្ទុះមកចាប់កដៃរបស់នារីរងគ្រោះ រួចខ្ទប់មាត់ទាញចូលក្នុងផ្ទះនោះ តែសំណាងបានសន្តិសុខ និងអ្នកបោសសំអាតថ្នល់ ប្រទះឃើញបានស្រែកនាំគ្នាស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋក្បែរនោះ ព័ទ្ធចាប់ជនសង្ស័យ រួមនឹងបក្ខពួកគេ២នាក់ទៀត ដែលកំពុងសម្ងំនៅក្នុងផ្ទះខាងលើដែរ រួចប្រគល់ទៅឱ្យសមត្ថកិច្ចនាំយកទៅ សាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕