Monday, November 17, 2025
Homeព័ត៌មានជាតិនាងដាក់ពាក្យបណ្តឹង ៥ថ្ងៃក្រោយទើបចាប់ខ្លួនបានម្នាក់ នៅបក្ខពួកទៀត

នាងដាក់ពាក្យបណ្តឹង ៥ថ្ងៃក្រោយទើបចាប់ខ្លួនបានម្នាក់ នៅបក្ខពួកទៀត

ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិស្ត្រីម្នាក់បានសម្រេច រួចក៏ព្យាយាមសម្ងំលាក់ខ្លួនអស់រយៈពេល៥ថ្ងៃ ក៏ស្រាប់តែត្រូវកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យម្នាក់ដល់ផ្ទះ ខណៈដែលបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីប្លន់ទ្រព្យសម្បត្តិខាងលើនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់។ លុះមកដល់ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចក៏តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិបបុះ ឃុំឈើទាល ស្រុកបាណន់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ាង ឃុនឆាង ហៅចិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិបបុះ ឃុំឈើទាល ស្រុកបាណន់។ ចំណែកបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ កំពុងរត់គេចខ្លួន។ ដោយឡែកស្ត្រីរងគ្រោះ មានឈ្មោះនឿន សុខា អាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់។ រីឯទ្រព្យសម្បត្តិដែលបាត់បង់មាន ខ្សែកប្លាទីន ទម្ងន់៥ជី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៤ មិថុនា កន្លងទៅ ជនសង្ស័យឈ្មោះម៉ាង ឃុនឆាង ហៅចិន រួមនឹងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពប្លន់ខ្សែកប្លាកទីន ទំងន់៥ជី ពីស្ត្រីរងគ្រោះឈ្មោះនឿន សុខា។ លុះធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់ បានរត់គេចបាត់ស្រមោលភ្លាមៗ ចំណែកស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានបណ្តឹងខាងលើ កម្លាំងជំនាញ បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ បានម្នាក់ ចំណែកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES