តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាគណកម្មការក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia ឆន សុវណ្ណរាជ ដែលបានស្ពឹកមិនតិចឡើយ នៅក្នុងថ្ងៃមង្គលការឱក សុគន្ធកញ្ញា នោះ ពេលនេះហាក់ស្រស់ស្រាយទឹកមុខច្រើនណាស់ហើយ បន្ទាប់ស្ត្រី៣នាក់ រស់នៅប្រទេសកាណាដា ជួយឧបត្ថម្ភ ឲ្យលោកចេញទៅច្រៀងរាំនៅប្រទេសកាណាដា កាលពីពេលថ្មីៗនេះ។

ឆន សុវណ្ណរាជ បានចាកចេញពីប្រទេសកម្ពុជា ទៅច្រៀងរាំនៅប្រទេសកាណាដា កាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ ហើយលោកនឹងច្រៀងរាំបម្រើអារម្មណ៍បងប្អូននៅឯនាយសមុទ្រនេះ រយៈពេល១ខែ ពោលនៅពាក់កណ្តាលខែកក្កដា ទើបត្រឡប់មកវិញ។

បើតាមម្ចាស់ Sponsor ម្នាក់ ឈ្មោះ Sandap Chao បានប្រាប់អ្នកសារព័ត៌មានយើងតាមសារហ្វេសប៊ុកថា “ការមកដល់ប្រទសកាណាដា របស់ឆន សុវណ្ណរាជ គឺទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីបងប្អូននៅទីនេះ។ សុវណ្ណរាជ នឹងចេញច្រៀងរាំនៅរដ្ឋសំខាន់ៗចំនួន៣ ដូចជា Montreal , Totonto និង Vancouver។ ហើយសុវណ្ណរាជ មកកាណាដា នេះ ចំនួន១ខែ”។

អ្នកស្រីក៏បានបន្តថា “រាល់ពេលដែលសុវណ្ណរាជ ចេញច្រៀងរាំម្តងៗ បងប្អូនអាណិកជនរស់នៅប្រទេសកាណាដា ចូលទស្សនារាំកម្សាន្តពេញៗសាលតែម្តង ហើយក៏មានបងប្អូននៅទីនោះចោមរោមថតហែលហ្វីជាមួយ រកតែរើខ្លួនមិនរួចឡើយ ដែលបង្ហាញថា សុវណ្ណរាជ ជោគជ័យយ៉ាងខ្លាំងនៅទីនេះ”។

អ្នកស្រីបានបញ្ជាក់ថា “ស្ត្រីចំនួន៣នាក់ ក្នុងនោះមានលោកស្រីម្នាក់ផងដែរ ជាម្ចាស់ Sponsor ទី២ ដែលបានធានាសុវណ្ណរាជ មកច្រៀងរាំនៅកាណាដា ដោយឡែក ម្ចាស់ Sponsor ធំ គឺភោជនីយដ្ឋាន Tong Por ដែលមានទីតាំងនៅទីនោះ”។

បន្ទាប់ពីច្រៀងរាំ សុវណ្ណរាជ ត្រូវបានអាណិកជនខ្មែរនៅទីនោះ នាំដើរកម្សាន្តតាមរមណីយដ្ឋាន និងកន្លែងទេសចរណ៍សំខាន់ៗ ធ្វើឲ្យលោកមានចិត្តរំភើបរីករាយយ៉ាងខ្លាំង។ ហើយការចេញទៅច្រៀងរាំនេះ បានធ្វើឲ្យលោករំសាយអារម្មណ៍តានតឹងពីការងារ ក៏ដូចជាកន្លងមក បានស្ពឹកជាខ្លាំង ដោយសារតែមហាជនបង្អាប់លោក ក្នុងថ្ងៃមង្គលការឱក សុគន្ធកញ្ញា និងអុឺង សុខលី៕




