Thursday, May 21, 2026
Homeតារាខ្មែរកែវ កល្យាណ ហោះទៅជួបអម្ពរ ទេវី

កែវ កល្យាណ ហោះទៅជួបអម្ពរ ទេវី

សហរដ្ឋអាមេរិក ៖ អតីតតារាសម្ដែង លោកស្រី កែវ កល្យាណ បានហោះទៅអាមេរិក កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដែលដំណើរលើកនេះ ជាការកម្សាន្ដនិងជួបជុំសាច់ញាតិមួយចំនួន នៅទីនោះ ។ នេះមិនមែនជាលើកទី១ ទេ សម្រាប់លោកស្រី កែវ កល្យាណ ដែលជាញឹកញាប់ តែងដើរលេងនៅក្រៅប្រទេស ហើយតាមព័ត៌មានថា លើកនេះ ក៏ដូចជាលើកមុនដែរ គឺលោកស្រី នឹងស្កាត់ទៅជួបមិត្តសម្លាញ់ ជាអតីតរា សម្តែងរួមជំនាន់ គឺលោកស្រី អម្ពរ ទេវី ដែលបច្ចុប្បន្នកំពុងរស់នៅទីក្រុងតាកូម៉ា (Tacoma) រដ្ឋវ៉ាស៊ីងតោន ( Washington) សហរដ្ឋអាមេរិក ។ ប៉ុន្ដែគម្រោងដើរលេងនៅអាមេរិក ប៉ុន្មានថ្ងៃ និងបង្ហួសទៅប្រទេសណា ជាបន្ដនោះ លោកស្រី កល្យាណ មិនបានបង្ហាញឡើយ ។

 លោកស្រី អម្ពរ ទេវី ពេលឃើញលោកស្រី កែវ កល្យាណ ហោះហើរទៅអាមេរិក លោកស្រី បានខម្មិនថា «យើងចាំទទួលសម្លាញ់ ទាំងពីរ សុខសប្បាយក្នុងការធ្វើដំណើរ»។

សូមបញ្ជាក់ថា អតីតតារាសម្ដែងទសវត្សឆ្នាំ១៩៨០-១៩៩០ កែវ កល្យាណ បានផ្អាកសិល្បៈ ជាច្រើនឆ្នាំមកហើយ ដោយងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ទិញ-លក់ដី ហើយលោកស្រី មានជីវភាពធូរធារ មានរថយន្ដប្រណិតជិះ និងរស់នៅផ្ទះវីឡាប្រណិត ។ ដោយសារតែស្រលាញ់អាជីពសម្ដែង និងចង់លើកស្ទួយវិស័យសិល្បៈទី៧ ឲ្យមានការរីកចម្រើន ទើប លោកស្រី កែវ កល្យាណ បានគាំទ្រនិងរុញកូនស្រី កែវ ឡាវីញ ឲ្យចូលប្រឡូកក្នុងវិស័យភាពយន្ដ បន្ដវេនពីម្តាយ រហូតមកដល់សព្វថ្ងៃ ។ ប៉ុន្ដែ កល្យាណ ធ្លាប់ដាក់លក្ខខណ្ឌឲ្យកូនស្រីថាបើកូនហ៊ានលេងរឿងស្រីស្រលាញ់ស្រី (lesbian) នោះម្តាយ នឹងមិនអនុញ្ញាតឲ្យលេងសិល្បៈ បន្តទៀតជាដាច់ខាត ក្រោយពីមិនសប្បាយចិត្ត ដែលឮកូនស្រី ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយតារាស្រី យ៉ា សុផាន់ម៉ៃ បន្ទាប់ពីអ្នកទាំងពីរបានថតរឿងជាមួយគ្នា «រសជាតិអ្នកមាន» ។

អ្នកនាងកែវ កល្យាណ ទៅទទួលអ្នកនាងអម្ពរ ទេវី នៅព្រលានយន្ដហោះពោចិនតុង ពេលអ្នកនាងទេវី​ ចុះមក​ថតភាពយន្ដនៅខ្មែរ

តាមប្រភពថា អំឡុងពេលដែលលោកស្រី កែវ កល្យាណ ផ្អាកថតភាពយន្ដ ជាច្រើនឆ្នាំនេះ ក៏នៅតែមានផលិតករមួយចំនួន ហៅថតកុន ក្នុងតំណែងជាតួម្ដាយ តែលោកស្រី បានបដិសេធ ព្រោះមិនមានពេលវេលាគ្រប់ គ្រាន់ និងចង់ផ្ដល់ឱកាសឲ្យតារាជំនាន់ក្រោយ សាងស្នាដៃ ។

តាមព័ត៌មានថា កែវ កល្យាណ ក្រៅពីទៅជួបអម្ពរ ទេវី ក៏នឹងជួបអតីតមិត្តរួមអាជីព មួយចំនួនទៀត ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ដែរ ដូចជា លោកស្រី នារីរ័ត្ន គន្ធា, លោក យស បូវណ្ណៈ និងសុវណ្ណ មុនី ជាដើម ។ ប៉ុន្ដែគ្មានដំណឹងថា កែវ កល្យាណ ចង់ទៅរស់នៅអាមេរិក ជាអចិន្ត្រៃយ៍ ដូចមិត្តភក្ដិឡើយ ពោលគឺរាល់លើក ពេលដើរកម្សាន្ដតាមគម្រោង ចប់ អ្នកនាង នឹងវិលចូលស្រុកវិញ តាមកាលកំណត់។

អ្នកនាងកែវ កល្យាណ និងកូនស្រីកែវ ឡាវីញ​

ក្រៅពីកែវ កល្យាណ  តារាដែលឲ្យកូនបន្ដអាជីពចាស់ពីខ្លួន មានដូចជា លោកហួរ ឡាវី, ព្រាប សុវត្ថិ, ខាន់ ជេមស៍, សឿន ផានផាភួង និងស្រីអ៊ីត ជាដើម ៕

RELATED ARTICLES