Wednesday, September 17, 2025
Homeតារាខ្មែរខេម ប្រាប់មូលហេតុមិនដែលចាប់ដៃស្រីស្អាត រ៉ាប៊ី

ខេម ប្រាប់មូលហេតុមិនដែលចាប់ដៃស្រីស្អាត រ៉ាប៊ី

តារាចម្រៀងសំនៀងស្អក លោកប៊ុន សុណារិន្ទ ហៅខេម បានឱ្យដឹងថា ការដែលលោកមិនដែលច្រៀងឆ្លងឆ្លើយជាមួយស្រីស្អាត ផាន វីរ៉ាទី ហៅរ៉ាប៊ី ដោយសារតែផលិតកម្មតម្រូវ ម៉្យាងទៀត រ៉ាប៊ី ស៊ីបទញាក់ជាងស្លូវ ហេតុនេះហើយបានជាឃ្វាងមិនបានចាប់ដៃគូ ជាមួយគ្នារហូតមក។

ទោះជាយ៉ាងណា ខេម បានឱ្យដឹងថា រាល់តារាចម្រៀងស្រីទាំងអស់ នៅថោន លោកពេញចិត្តចាប់ដៃគូជាមួយតារាម្នាក់ណា ក៏មិនប្រកាន់ដែរ ពោលគឺឱ្យតែថោន តម្រូវគេធ្វើតាមផលិតកម្មជានិច្ច។

ខេម បញ្ជាក់ថា “រ៉ាប៊ី ឃើញគាត់ចាប់ដៃគូ ជាមួយលោកសុគន្ធ ថេរ៉ាយុ ច្រើនជាងតារា ផ្សេង។ រ៉ាប៊ី ស៊ីបទញាក់ច្រើនជាងបទស្លូវ ចំណែកខ្ញុំភាគច្រើនតម្រូវបទស្លូវ អ៊ីចឹងហើយបានជាមិនត្រូវចាប់ដៃគូជាមួយគ្នាហ្នឹង។ ខ្ញុំធ្លាប់ចាប់ដៃគូជាមួយបងមាស សុខសោភា, អេនីហ្សាម អីដែរ ហើយខ្ញុំមិនប្រកាន់ទេ ច្រៀងជាមួយអ្នកណាក៏បាន ឱ្យតែផលិតកម្មតម្រូវ មិនមែនថា​ ទាល់តែអ្នកហ្នុងល្បីខ្លាំងបានច្រៀងជាមួយ អ្នកល្បីតិចមិនច្រៀងជាមួយអី អត់អ៊ីចឹងទេ។ ប៉ុន្តែខ្ញុំយល់ថា ខាងផលិតកម្ម គាត់មើលដែរថា តារាណាសំឡេងស៊ីគ្នា អាចច្រៀងឆ្លងឆ្លើយជាមួយគ្នាបាន មិនមែនគាត់ចេះតែចាប់ដាក់ទេ”។

ខេម អតីតអ្នករត់ម៉ូតូឌុប និងធ្លាប់ដេកតាមសួនច្បារ បានផ្លាស់ប្តូរជីវភាពទាំងស្រុង នៅពេលដែលបានក្លាយទៅជាតារាចម្រៀងថោន ដោយពេលនេះមានផ្ទះតម្លៃរាប់ម៉ឺនដុល្លារ ហើយជិះរថយន្តទំនើប Range Rover យ៉ាងកាលីពទៀតផង។

តាមការអះអាងរបស់តារាចម្រៀងកូន2 សុវណ្ណ ម៉ូលីកា បានឱ្យដឹងថា ខេម មានប្រពន្ធហើយ ឈ្មោះ “ស្រីកា” កំពុងរស់នៅប្រទេសបារាំង ហើយម៉ូលីកា បានច្រានចោលចំពោះការសង្ស័យថា នាងជាស្រីស្នេហ៍របស់ ខេម។

យ៉ាងណា រហូតមកដល់ពេលនេះ ខេម នៅតែមិនហ៊ានលាតត្រដាងរឿងមានប្រពន្ធនៅបារាំងទេ ដោយអះអាងថា ជីវភាពលោកនៅមានកម្រិត ហេតុនេះហើយ ត្រូវប្រឹងរកលុយថែមទៀតឱ្យជីវភាពល្អប្រសើរសិន ទើបគិតគូររឿងការប្រពន្ធដូចនី រតនា ឬ សៅ ឧត្តម។ ប៉ុន្តែ ខេម ថា នៅខែកក្កដា ខាងមុខនេះ លោកត្រូវទៅដើរលេងនៅបារាំង រយៈពេល1ខែ ដែលគេជឿថា តារាសំនៀងស្អករូបនេះប្រាកដជាទៅសាសងស្នេហ៍ជាមួយអូនកា ជាមិនខាន៕

RELATED ARTICLES