ពេជ្រ សោភា ផ្អាកចេញទៅច្រៀងសម្តែងនៅប៉ែកអឺរ៉ុប ជាច្រើនឆ្នាំមកហើយ គឺនាងចេញទៅតែប្រទេសជិតខាងដូចជាកូរ៉េ ប៉ុណ្ណោះ ដែលធ្វើឱ្យប្រាក់ចំណូលក្រៅស្រុករបស់តារាហង្សមាស រូបនេះ បានបាត់បង់ស្ទើរតែទាំងស្រុង ខណៈដែលមាស សុខសោភា ក្តោបយកទីផ្សារចម្រៀងក្រៅប្រទេស។

តាមប្រភពថា មូលហេតុដែលពេជ្រ សោភា គេចចេញពីការទៅច្រៀងសម្តែងនៅអាមេរិក ជាច្រើនលើកច្រើនសានោះ ដោយសារតែនាងមិនចង់ជួបមុខអតីតប្តី លោកឡៅ ឆលី ដែលកំពុងរស់នៅទីនោះទាំងមិនសប្បាយចិត្តជាមួយសោភា ទាក់ទងរឿងលែងលះគ្នាដោយតក់ក្រហល់ កាលពីឆ្នាំ២០១៦។

ពេជ្រ សោភា បានឱ្យដឹងថា នាងមិនមែនមិនទៅច្រៀងសម្តែងនៅក្រៅប្រទេសរហូតនោះទេ គឺទៅនៅពេលវេលាសមស្របណាមួយ ប៉ុន្តែពេលនេះមិនអាចចេញទៅរួច ដោយសារតែជាប់រវល់ការងារច្រើនពេកនៅក្នុងស្រុក រកតែដកឃ្លាមិនរួច។

ពេជ្រ សោភា វាចាថា “តាមមើលទៅ ការរកលុយនៅក្រៅប្រទេស គឺមិនដូចមុនទេ ដោយសារតារាយើងចេញទៅច្រើនដែរ។ ចំពោះខ្ញុំវិញមិនមែនខ្លាចជួបអ្នកណាមិនហ៊ានទៅទេ។ ខ្ញុំរវល់ក្នុងស្រុក ដកឃ្លាមិនបានហ្នឹងតែម្តង។ និយាយទៅ ខែហ្នឹងភ្លៀងមែន តែយើងនៅតែមានការងារធ្វើរហូតដូចជាការធ្វើបទចម្រៀងដែលត្រៀមចេញនៅអំឡុងខែសីហា ខាងមុខនេះ គឺយើងត្រូវមានបទក្នុងដៃឱ្យហើយ។ ម៉្យាងទៀត ខ្ញុំរវល់ទៅលើការថតស្ពតហ្នឹង ក៏ច្រើនដែរ ដូចជា ម្សៅស៊ុបខ្នរ Sunsilk និង Oppo ជាដើម ដែលមានការងារច្រើនផ្សេងៗទៀត គេកំពុងចរចាបន្ថែមផងដែរ អ៊ីចឹងខ្ញុំគិតារកលុយនៅក្រៅស្រុកក៏បានដែរ ទើបមិនទាន់ចេញទៅច្រៀងនៅបរទេសដូចមុនទៀត”។

ពេជ្រ សោភា បានឱ្យដឹងទៀតថា “ក្រៅពីត្រូវប៉ាន់ក្រសោបបានស្ពតធំៗក្នុងពេលតែមួយនេះ មុខជំនួញក្រៅពីសិល្បៈ ដែលនាងនាំចូលផលិតផលរក្សាសុខភាពពីស្រុកថៃ P-Collagen និង Fiber ក៏កាក់កបខ្លាំងដែរ ទើបធ្វើឱ្យនាងកាន់តែមមាញឹកមិនអាចចេញទៅច្រៀង សម្តែងនៅក្រៅស្រុកបានយូរទេ គឺទៅបានតែប្រទេសជិតខាងក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ។ ដោយឡែក ចំពោះអតីតស្វាមីរបស់នាងវិញ នៅពេលនេះ គឺមានការរាប់អានជាមួយនាង និងម្តាយនាង ដែលកំពុងរស់នៅអាមេរិកនោះ ជាធម្មតាគ្មានគំនុំគុំកួនគ្នាឡើយ ក្រោយពេលលែងលះគ្នាជាង២ឆ្នាំមកនេះ៕
