តារាសិចស៊ី កុល ដាវី បានធ្វើឱ្យតារាសិល្បៈរួមអាជីពមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែនាងបានបង្ហាញខ្សែកមាសក្រហមឆ្អិនឆ្អៅ មានទម្ងន់ជាច្រើនតម្លឹង ដែលពាក់នៅករបស់នាង ចូលរួមមង្គលការតារាចម្រៀង អាលីហ្សា កាលពីពេលថ្មីៗនេះ។

ភ្ញៀវដែលឈរក្បែរកុល ដាវី បានក្រឡេកមើលខ្សែកតារាសម្តែងរូបនេះគ្រប់គ្នា ហើយពួកគេលាន់មាត់ថា “មាសធំអី ធំយ៉ាងនេះ” ពាក់អីចឹងមិនខ្លាចធ្ងន់កទេអី ? តារាស្និទ្ធកុល ដាវី និយាយថា ប្រពន្ធសុខ រក្សា ថ្ងៃនេះ លេចធ្លោដោយសារពាក់មាសហ្នឹងតែម្តង មើលទៅមិនក្រោម10តម្លឹងទេ។

យ៉ាងណា ទាំងកុល ដាវី និងសុខ រក្សា បានព្យាយាមមិនប្រាប់ពីតម្លៃខ្សែកមាសធំ រហូតពាក់ទៅលុបកនោះថា មានតម្លៃប៉ុន្មានទេ ដោយពួកគេអះអាងថា មិនចង់និយាយរឿងតម្លៃ។

កុល ដាវី និយាយលាយឡំសំណើចថា “ហ៊ឺ ! មានប៉ុន្មានបង តិចតួចហ្នឹង!។ ខ្ញុំពាក់មាសហ្នឹង ដោយសារតែឥឡូវឃើញគេនិយមពាក់មាសច្រើន អ៊ីចឹងក៏ទិញពាក់ទៅ។ ប៉ុន្តែមិនមែនខ្ញុំទិញខ្លួនឯងទេ គឺប្តីខ្ញុំ បងរក្សា ជាអ្នកទិញឱ្យ។ ប្តីខ្ញុំនេះមិនបានទេ ខ្សែក ចិញ្ចៀនពេជ្រ អីហ្នឹង ឱ្យតែខ្ញុំថាស្រលាញ់ គឺចូលចិត្ត Surprise ទិញឱ្យខ្ញុំភ្លាម ហើយក្រៅពីខ្សែកមាសនេះ គាត់ទិញចិញ្ចៀនពេជ្រ ឱ្យខ្ញុំមួយទៀតដែរ”។

ចំណែកលោកសុខ រក្សា វិញ បាននិយាយដោយបិទមាត់មិនជិតឡើយថា “អារឿងទិញគ្រឿងអលង្ការឱ្យប្រពន្ធអីហ្នឹង ទាល់តែយើងសល់លុយដែរ បានទិញបានហ្នឹង។ ខ្ញុំសល់លុយតិចតួចដែរ អ៊ីចឹងទិញរបស់ដែលគាត់ស្រលាញ់ឱ្យទៅ ហើយមិនថ្លៃប៉ុន្មានទេ តិចតួចហ្នឹង។ បើឃើញគេស្រលាញ់ហើយ យើងមិនទិញឱ្យម៉េចនឹងកើតទៅ ?”។

កុល ដាវី ដែលទទួលបានខ្សែកមាសធំពីប្តីនេះ ចំពេលដែលមានព័ត៌មានថា សុខ រក្សា កំពុងតែរំអុកចង់ឱ្យតារាសិចស៊ីរូបនេះ ពពោះកូនដំបូងឱ្យគេ ព្រោះ រក្សា ស្រលាញ់កូនង៉ែតខ្លាំងណាស់ ហេតុនេះហើយបានជា ដាវី ត្រូវតែបំពេញបំណងនេះតាមស្វាមី ហើយតាំងពីរៀបការរួចពួកគេបាននាំគ្នាទៅសាសងស្នេហ៍នៅក្រៅស្រុកជាច្រើនលើក ដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀតផង។

កុល ដាវី និយាយលាយឡំសំណើចថា “ប្តីខ្ញុំនេះមិនបានទេចូលចិត្តស្វីត (Sweet) ណាស់ ឱ្យតែរាងទំនេរបន្តិចបបួលប្រពន្ធទៅស្វីតក្រៅប្រទេសហើយ។ ឥឡូវជិតទៅទៀតហើយ ព្រោះគាត់ចូលចិត្ត Sweet ណាស់។ ចំពោះរឿងយកកូនវិញ ខ្ញុំនៅមិនទាន់មានទម្ងន់ទេ តែជិតបានមែនទែនហើយធានាថាឆាប់ៗហ្នឹងមិនយូរទេ។ ខ្ញុំនិងប្តីបានគិតដូចគ្នាថា ចង់បានកូន2នាក់ ព្រោះបើយកម្នាក់គ្នាឯកាអ៊ីចឹង បើមាន2នាក់ទៅគេបានគ្នា អីចឹងខ្ញុំនឹងយកកូនឱ្យបាន2នាក់”។

កុល ដាវី បានរៀបការជាមួយសុខ រក្សា កាលពីថ្ងៃទី8 ខែមីនា ឆ្នាំ2019 ហើយពេលនេះពួកគេមានជីវភាពធូរធាទិញបានផ្ទះ2ល្វែង និងរថយន្តទំនើប2គ្រឿងទៀតផង។ ដោយឡែក ក្រៅពីអាជីពសិល្បៈ កុល ដាវី រកស៊ីលក់សម្លៀកបំពាក់ ខណៈដែលរក្សា មានជួលវង់តន្ត្រី និងទិញលក់ដីឡូតិ៍ផងដែរ៕