លី ម៉ារីណា បានគ្រងរ៉ូបដូចឈុតដាំពេជ្រយ៉ាងស្រស់ស្អាត ចូលរួមមង្គលការតារាចម្រៀង អាលីហ្សា កាលពីពេលថ្មីៗនេះ នាំឱ្យតារារួមអាជីពមួយចំនួនចាប់អារម្មណ៍តារាកូនមួយរូបនេះជាខ្លាំង ដោយពួកគេថែមទាំងសរសើរម៉ារីណា ថា នៅតែស្អាតមិនចាញ់កាលនៅវ័យ១៨ឆ្នាំឡើយ បើទោះពេលនេះអ្នកនាងមានវ័យ៣៩ឆ្នាំក្តី។

លី ម៉ារីណា ថែមទាំងពាក់ខ្សែក និងក្រវិលពេជ្រ ស៊ីគ្នាជាមួយរ៉ូបនោះ កាន់តែធ្វើឱ្យសម្រស់របស់នាងឡើងត្រដែតបន្ថែមទៀតផង ហើយនៅពេលចុះពីលើរថយន្តទំនើប Lexus LX570 តម្លៃជិត២០ម៉ឺនដុល្លារនោះ ម៉ារីណា មិនចាញ់ជំទាវឡើយ។

លី ម៉ារីណា បានប្រាប់អ្នកយកព័ត៌មានយើងថា រ៉ូបដែលនាងស្លៀកចូលរួមមង្គលការអាលីហ្សា នេះ មានតម្លៃ៥៨០ដុល្លារ ហើយនាងបានទិញរ៉ូបនេះមកពីប្រទេសថៃ។
តារាកូនមួយ ម៉ារីណា បញ្ជាក់ថា “មួយឈុតនេះថ្លៃ៥៨០ដុល្លារ ហើយខ្ញុំទិញវាពីថៃមក។ និយាយទៅ រ៉ូបដែលខ្ញុំស្លៀកចូលកម្មវិធីធំៗកន្លងមក សុទ្ធតែខ្ញុំទិញមកពីបរទេសទាំងអស់ហ្នឹង។ សម្រាប់រ៉ូបមួយនេះ អាចប្រើបានក្នុងកម្មវិធីមង្គលការ និងជប់លៀងផ្សេងៗ”។

ការបញ្ចោញរ៉ូបថ្លៃស៊ីនឹងសាច់សខ្ចីរបស់លី ម៉ារីណា នៅពេលនេះ ចំពេលដែលស្វាមីរបស់នាង លោកសាត ចាន់ថន បានវិលទៅអាមេរិក រយៈពេល២ថ្ងៃហើយ ទើបម៉ារីណា ខកខានបណ្តើរស្វាមីទៅបង្អួតមិត្តភក្តិ។
យ៉ាងណា ម៉ារីណា ថា ប្តីនាងទៅមិនយូរទេ គឺចុះឡើងមកស្រុកខ្មែរ ទើបធ្វើឱ្យអ្នកកាសែតជជីកសួរម៉ារីណា ថា ប្តីមកស្រុកខ្មែរញឹកញាប់ ដោយសារនឹកនាង ឬយ៉ាងណានោះ ប៉ុន្តែត្រូវម៉ារីណា តបវិញថា មិនមែននឹកតែនាងម្នាក់ទេ គឺគាត់នឹងកូនជាងម៉ែ។

លី ម៉ារីណា បានរៀបការកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ហើយពេលនេះទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះសាត ថៃសាន់ អាយុជាង៤ឆ្នាំ។ ម៉ារីណា និងប្តី មានគម្រោងយកកូនថែមមួយទៀតក្នុងពេលឆាប់ៗនេះ ប៉ុន្តែនាងថា ដោយសារជាប់ថតកុនរឿង “ទារុណកម្មស្នេហ៍” ហើយនាងនិងប្តីរស់នៅឆ្ងាយពីគ្នាពេក ហេតុនេះហើយការយកកូនដោយអន្ទះសាពេក គឺ មិនអាចទៅរួចឡើយ។

ម៉ារីណា ថា ចាប់ពីពេលនេះតទៅ នាងទទួលសម្តែងកុន ក្នុង១ឆ្នាំ តែមួយរឿងប៉ុណ្ណោះ ដើម្បីយកពេលវេលាពង្រឹងមុខជំនួញ ច្រើនជាងលេងសិល្បៈ៕