Wednesday, September 17, 2025
Homeតារាខ្មែរឃុំ ប៉ុណ្ណាដែត នាំសែម សង្វាត រកគ្រូពេទ្យព្យាបាលជំងឺ ក្រែងមានអច្ឆរិយកើតឡើង ចុងក្រោយ...

ឃុំ ប៉ុណ្ណាដែត នាំសែម សង្វាត រកគ្រូពេទ្យព្យាបាលជំងឺ ក្រែងមានអច្ឆរិយកើតឡើង ចុងក្រោយ…

អតីតតារាចម្រៀង Ev Bands លោកសែម សង្វាត ដែលជាម្ចាស់បទ “កម្មករឆ្លងដែន”,“ស្នេហ៍តែអូន”និងបទជាច្រើនទៀតនោះ បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយរូបរាងលោកធ្លាក់ចុះស្គមស្ទើរតែមិនគួរឱ្យជឿឡើយ ក្រោយបាត់ខ្លួនរយៈពេល21ឆ្នាំ ពីឆ្នាំ1998-2019 ពីអាជីពសិល្បៈ។

លោកឃុំ ប៉ុណ្ណាដែត ស្វាមីរបស់អ្នកនាងយក់ ថិតរដ្ឋា និងជាអតីតតារាចម្រៀង Ev Bands ដែរនោះ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកបានទៅជួបលោកសែម សង្វាត ផ្ទាល់ កាលពីថ្ងៃទី25 ខែមិថុនា នៅចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ព្រោះពេលនេះស្ថានភាពសុខភាពរបស់លោកសង្វាត កំពុងដុនដាបខ្លាំង។

លោកប៉ុណ្ណាដែត បានឱ្យដឹងថា លោកបានរៃអង្គាសថវិកាពីមិត្តភក្តិ និងសប្បុរសជនបានចំនួន900ដុល្លារ យកទៅជូនលោកសង្វាត ដើម្បីដោះស្រាយថ្លៃព្យាបាលជំងឺបានខ្លះៗហើយ អ្វីដែលលោកមានការតក់ស្លុតបំផុតនោះ គឺជំងឺលោកសង្វាត ធ្ងន់ធ្ងររហូតដល់គ្រូពេទ្យលែងហ៊ានទទួល និងពេទ្យខ្លះនិយាយថា លោកសង្វាត មិនអាចឆ្លងផុតរយៈពេល3ខែទៀតផង។ ប៉ុន្តែយ៉ាងណា លោកប៉ុណ្ណាដែត បានឱ្យដឹងថា លោកបានផ្តល់កម្លាំងចិត្តឱ្យលោកសង្វាត ហើយក៏បានជូនទៅពេទ្យមួយចំនួនដែរ ក្រែងមានអច្ឆរិយកើតឡើង ទោះជាពេលនេះនៅមានសង្ឃឹមតិចតួចក្តី។

ឃុំ ប៉ុណ្ណាដែត ថ្លែងថា “ខ្ញុំនឹងបន្តស្វែងរកថវិកាពីសប្បុរសជនមកជួយលោកសែម សង្វាត តាមលទ្ធភាពដែលអាចធ្វើបាន ព្រោះយើងមិនអាចមើលនឹងភ្នែកបានទេ ហើយខ្ញុំនឹងរកពេទ្យឱ្យគាត់ផងដែរ ព្រោះទោះជាសង្ឃឹមតិចយ៉ាងណា ក៏យើងត្រូវតែធ្វើដែរ។ ក្រៅពីខ្ញុំ ក៏មានខាងសមាគមសិល្បករខ្មែរ បានទៅជួបលោកសង្វាត ដែរ ហើយខ្ញុំនិងភរិយា ទោះជារវល់យ៉ាងណា ក៏ឆ្លៀតជួយរកថវិកា និងពេទ្យឱ្យគាត់តទៅទៀត ក្រែងយើងមានសំណាងអាចព្យាបាលគាត់បានជា ព្រោះគាត់ពេលនេះពិបាកណាស់ លក់ផ្ទះអស់ហើយ ដោយសារគាត់មានជំងឺថ្លើមផង ក្រពះធ្ងន់ធ្ងរផង ហើយ2ទៅ3ថ្ងៃចូលពេទ្យម្តង អស់300ទៅ400ដុល្លារ។

តាមដឹងជំងឺក្រពះរបស់គាត់ឈឺ តាំងពីខ្ញុំនៅច្រៀងជាមួយគាត់ កាលពីឆ្នាំ1998ម៉្លេះ ហើយខ្ញុំទើបលែងបានជួបគាត់3ឆ្នាំមុននេះទេ ព្រោះគ្រួសារលោកសង្វាត ថា គាត់ខ្មាសគេព្យាយាមគេចពីមិត្តភក្តិ ខ្ញុំបានឆាតទៅគាត់ទើបដឹងថា គាត់ឈឺធ្ងន់ហ្នឹង”។

សែម សង្វាត អតីតតារាចម្រៀងក្រុម Ev Bands​ ដែលបង្កើតឡើងដោយលោកអ៊ា វឌ្ឍនា កាលពីឆ្នាំ1998 ដែលមានសមាជិក5នាក់ គឺឱក សុគន្ធកញ្ញា,យក់ ថិតរដ្ឋា,ឃុំ ប៉ុណ្ណាដែត និងបួរ វិចិត្រ។ ក្រៅពីលោកសែម សង្វាត ដែលកំពុងធ្លាក់ខ្លួនឈឺ ពេលនេះក៏មានសមាជិកម្នាក់ទៀត គឺ លោកបួរ វិចិត្រ ក៏ធ្លាក់ខ្លួនខ្លាំងដែរ រហូតធ្វើជាសន្តិសុខយាមឡានឱ្យគេហើយថ្មីៗនេះ លោកប៉ុណ្ណាដែត និងភរិយា ទើបបានប្រមែប្រមូលថវិកាបាន3500ដុល្លារ ទិញរ៉ឺម៉កកង់៣ ឥណ្ឌា ជូនតាមបំណងលោកវិចិត្រ ផងដែរ។ ដោយឡែកស្ថានិក Ev Bands លោកអ៊ា វឌ្ឍនា បានទទួលមរណភាពទៅហើយ៕

RELATED ARTICLES