ព្រាប សុវត្ថិ បានបុកជួយកូនប្រុសទាំង៣របស់លោក ទាំងការថតបទចម្រៀងជុំគ្នានៅហង្សមាស និងការចេញទៅច្រៀងសម្តែងនៅក្រៅស្រុក ដូចជា កាលពីថ្ងៃទី២៨ ខែឧសភា តារាហង្សមាសរូបនេះ ទើបបានដឹកដៃកូនប្រុសរបស់លោកវិលត្រឡប់មកពីច្រៀងសម្តែងនៅអាមេរិក នៅខែកក្កដានេះ។

ព្រាប សុវត្ថិ នឹងនាំកូនៗចេញទៅច្រៀងសម្តែងនៅអូស្ត្រាលី រយៈពេលខ្លីផងដែរ។ ការផ្តល់បទពិសោធន៍ទាំងក្នុងនិងក្រៅស្រុក ដល់កូនប្រុសទាំង៣របស់ព្រាប សុវត្ថិ នៅពេលនេះ បញ្ជាក់ថា តារាជើងចាស់របស់ហង្សមាស រូបនេះ ចង់ផ្តល់បទពិសោធន៍ទាំងឡាយដល់កូនៗរបស់លោក មុនពេលដែលតារាល្បីជាង២ទសវត្សន៍រូបនេះ ចូលនិវត្តន៍នាពេលខាងមុខ។

លោកម៉ិញ សុធីវណ្ណ ធ្លាប់អះអាងថា ពេលនេះ ព្រាប សុវត្ថិ កំពុងត្រួសត្រាយផ្លូវឱ្យកូនៗរបស់លោកដើរតាមគន្លងមួយ ដែលលោកបានជោគជ័យជាមួយអាជីពនេះជាច្រើនឆ្នាំមកហើយ។

លោកសុធីវណ្ណ ថា ការដែលព្រាប សុវត្ថិ យកកូនច្រៀងសម្តែងរួមគ្នានេះ មិនប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកឡើយ ព្រោះកន្លងមកក៏មានតារាមួយចំនួនបានយកកូនឱ្យច្រៀងសម្តែងបន្តវេនដែរ។

តាមរយៈការឈរជើងនៅហង្សមាស ២២ឆ្នាំពេលនេះ ព្រាប សុវត្ថិ នៅតែមិនទាន់មានតារាណាអាចដណ្តើមតំណែងរបស់លោកឡើយ ទោះជាថ្មីៗនេះ ហង្សមាស ទទួលបានអតីតតារាសាន់ដេ ខេមរៈ សិរីមន្ត មកចូលកៀកស្មាព្រាប សុវត្ថិ ក៏ដោយ។

ប៉ុន្តែអ្នកគាំទ្រព្រាប សុវត្ថិ បានលើកឡើងថា ពេលនេះ លោកមមាញឹកច្រើនទៅលើការជួយជ្រោមជ្រែងកូនៗរបស់លោក ហេតុនេះ ហើយទើប ព្រាប សុវត្ថិ អាចប្រឈមការចុះខ្សោយជាងមុន ព្រោះមិនសូវមានបទចម្រៀងផ្ទុះខ្លាំងដូចមុនទៀតឡើយ ទោះជាថ្មីៗនេះ បទ “សង្សារមួយខែពីរខែ” ត្រូវបានគេនិយមគួរសមក្តី៕
