តារាសម្តែងខ្ពស់ស្រឡះ ទឹម រដ្ឋា បានភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសកូនកាត់អាមេរិក-អេស្ប៉ាញ លោក Jovany Antonio ជាង៣ឆ្នាំមកហើយ បន្ទាប់ពីនាងបានផ្តាច់ស្នេហ៍ប្រុសប៉ាគីស្ថាន។ ទឹម រដ្ឋា បានឱ្យដឹងថា នាងនឹងចូលរោងការមិនឱ្យផុតពីអាយុ៣៥ឆ្នាំឡើយ ពោលគឺនៅឆ្នាំ២០២១ ខាងមុខនេះ នឹងសូមលាភាពនៅលីវហើយ…។

ទឹម រដ្ឋា សម្រេចចិត្តថា នឹងដឹកដៃគូស្នេហ៍ថ្មី លោក Jovany Antonio សញ្ជាតិអាមេរិក កាត់អេស្ប៉ាញ ចូលរោងការនៅ2ឆ្នាំខាងមុខនេះហើយ ក្រោយពេលពួកគេបានស្វែងយល់ចិត្តគ្នាជាង3ឆ្នាំមក។ ការថ្លែងរបស់រដ្ឋា នៅពេលនេះ បន្ទាប់ពីនាងបានឃើញតារារួមអាជីព មាន ឱក សុគន្ធកញ្ញា , កុល ដាវី និងណូម័រ ជាដើម បានរៀបការនៅឆ្នាំ2019នេះ ដូចគ្នា។

ទឹម រដ្ឋា វាចាថា “ខ្ញុំឃើញពួកគាត់រៀបការ យើងចេះតែមានអារម្មណ៍ថា ចង់រៀបការដូចគាត់ដែរ ពួកគាត់បានរៀបការអ៊ីចឹងល្អហើយ។ ចំពោះខ្ញុំវិញបានស្រលាញ់គ្នាជាមួយគាត់ (Jovany Antonio) ជាង3ឆ្នាំមកហើយ ឃើញថា មានការទាស់ទែងគ្នាក៏ច្រើនដែរ ប៉ុន្តែពួកខ្ញុំទាស់គ្នា មិនដែលអត់ប្រយោជន៍ទេ។ ខ្ញុំខ្មែរ គាត់អឺរ៉ុប អ៊ីចឹងប្រពៃណីយើងខុសគ្នា ដូចជាទម្លាប់របស់គាត់នៅអឺរ៉ុប ទៅណាគេបណ្តើរគ្នាជាគូទៅ តែយើងនៅឯណេះទៅណាម្នាក់ឯងក៏បាន ឥឡូវទើបគាត់យល់ និងតាមកម្មវិធីខ្លះ ខ្ញុំមិនចាំបាច់បណ្តើរគ្នាជាមួយគាត់ទេ ហើយគាត់ក៏ដឹងដែរ។ ឥឡូវនេះខ្ញុំអាយុ33ឆ្នាំ ហើយចំណែកសង្សារខ្ញុំអាយុ40ឆ្នាំ អ៊ីចឹងយើងមិនចង់ឱ្យទុកយូរតទៅទៀតទេ គឺខ្ញុំនឹងរៀបការជាមួយគាត់ ក្នុងរយៈពេល2ឆ្នាំខាងមុខនេះ ពោលគឺ នៅឆ្នាំ2021 ហើយខ្ញុំអាយុ35ឆ្នាំ”។

ថ្វីត្បិតតែទឹម រដ្ឋា កំណត់ពេលវេលារៀបការជាក់លាក់មែន តែនាងនៅស្ទាក់ស្ទើរថា ដរាបណាមិនទាន់ឮភ្លេងការនោះ គឺនៅតែមិនទាន់ច្បាស់100%ទេ អ៊ីចឹងហើយបានជាកន្លងមក នាងតែងព្យាយាមមិននិយាយរឿងរៀបការទេ ព្រោះខ្លាចមានការប្រែប្រួលដូចមុនទៀត នាំឱ្យពិបាកប្រឈមជាមួយមហាជន។

ទឹម រដ្ឋា បន្ថែមថា “រឿងនៅលើលោកនេះ អ្វីៗក៏មាន ក៏អាចប្រែប្រួលបានដែរ អ៊ីចឹងហើយខ្ញុំនៅតែចាត់ទុកវាថា មិនទាន់ច្បាស់100% គឺទាល់តែឃើញសំបុត្រការសិន ទើបច្បាស់។ ខ្ញុំបារម្ភខ្លាចតែយើងថា រៀបការនៅឆ្នាំហ្នុងហើយបែរជាមិនបានធ្វើវិញ អាហ្នឹងវាពិតជាពិបាកប្រឈមណាស់ វានាំឱ្យយើងខ្មាសគេ អ៊ីចឹងហើយខ្ញុំកម្រនិយាយរឿងរៀបការណាស់ ព្រោះចាំឱ្យច្បាស់លាស់សិន ទោះជាខ្ញុំនិងគាត់ស្រលាញ់គ្នាជាង3ឆ្នាំមែន តែអ្វីៗនៅតែអាចមានការប្រែប្រួលបានហ្នឹង”។

ទឹម រដ្ឋា ថា ពេលនេះ គូស្នេហ៍និងនាង មិនសូវមានការខ្វែងគំនិតគ្នាទេ ហើយនាងអាចថតសម្តែង សិល្បៈបានដោយសេរីទៀតផង ដោយម្ចាស់ចិត្តនាងមិនចេះប្រចណ្ឌផ្តេសផ្តាសឡើយ។

មុនប្រកាសថ្ងៃរៀបការនេះ ទឹម រដ្ឋា បានទិញវីឡាទ្រនំស្នេហ៍យ៉ាង ស្កឹមស្កៃ តម្លៃជាង20ម៉ឺនដុល្លារ នៅបុរីមេគង្គ (ព្រែកលៀប) ហើយរដ្ឋា និយាយដោយមានជំនឿយ៉ាងមុតមាំថា នាងមិនខ្លាចមានប្តី ហើយអាជីពសិល្បៈត្រូវអស់ទីផ្សារនោះទេ ហេតុនេះហើយ នាងនៅតែបន្តការងារមួយនេះតទៅទៀត ដរាបណាលែងមានទស្សនិកជនគាំទ្រ។

ប៉ុន្តែសម្រាប់ចំណងស្នេហាថ្មីពេលនេះវិញ ទឹម រដ្ឋា បានឱ្យដឹងថា នាងនិងលោក Jovany Antonio ចុះសម្រុងគ្នាល្អ ហើយក្រុមគ្រួសារទាំងសងខាងក៏បានដឹងឮអស់ហើយដែរ។ ប៉ុន្តែរឿងរៀបការ រដ្ឋា ថា អាស្រ័យនៅលើការសម្រេចចិត្តរបស់នាងជាមួយសង្សារប៉ុណ្ណោះ ដោយឪពុកម្តាយមិនហ៊ានបង្ខំទេ ព្រោះតែពួកគាត់ដឹងពីអាជីពសិល្បៈរបស់នាងសព្វថ្ងៃ៕