ពេជ្រ សូលីកា បានវិលមកស្តារកេរ្តិ៍ឈ្មោះឡើងវិញ តាមរយៈការជ្រកកោននៅហង្សមាស ជាលើកទី២ ធ្វើឱ្យទ្រនំនេះ មានស្រីស្អាត២ដួងប្រជែងគ្នា ខាងទាំងរូបសម្រស់ និងទីផ្សារចម្រៀង គឺពេជ្រ សូលីកា និង រ៉េត ស៊ូហ្សាណា។
វាមិនមែនជារឿងចៃដន្យឡើយ សម្រាប់ការវិលមកចាប់ក្បាលមីក្រូសាជាថ្មីរបស់ស្រីស្អាតពេជ្រ សូលីកា នៅពេលនេះ តែវាបានធ្វើឱ្យមហាជនចាប់អារម្មណ៍ ព្រោះថា នៅពេលឱក សុគន្ធកញ្ញា រៀបការប្តីហើយ ទើបស្រីស្រស់សូលីកា មានឱកាសបានស្តារមុខមាត់នៅទ្រនំចាស់របស់ នាងឡើងវិញ…។
អ្នកជំនាញសិល្បៈមួយចំនួនបានលើកឡើងថា ឱក សុគន្ធកញ្ញា នៅពេលដែលក្លាយទៅប្អូនថ្លៃថៅកែហង្សមាស គឺនាងកាន់តែមានអំណាចខ្លាំងថែមទៀត ជាមួយផលិតកម្មនេះ ព្រោះម្នាក់ៗគិតថា ហង្សមាស នឹងមិនលើកតារាស្រីណាផ្សេង ក្រៅពីប្អូនថ្លៃរបស់លោកថៅកែឡើយ។

ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះលើកឡើងផងដែរថា សុគន្ធកញ្ញា ពេលមានប្តីហើយ អាចចុះខ្សោយ ហេតុនេះហើយបានជាហង្សមាស បានបញ្ចោញសូលីកា ឱ្យបង្ហាញខ្លួនភ្លាមៗនៅផលិតកម្មនេះ ព្រោះអតីតតារាចម្រៀងផលិតកម្ម M រូបនេះ នៅក្មេងនិងស្រស់ស្អាត ខណៈដែលទឹកដមសំឡេងរបស់នាង ក៏មិនអន់ដែរ។
សំណួរដែលមហាជនចង់ដឹងថា តើផលិតកម្មរស្មីហង្សមាស នឹងលើកពេជ្រ សូលីកា ឱ្យខ្លាំងក្លា ដើម្បីទៅជំនួសឱក សុន្ធកញ្ញា ដែលមានប្តី ហើយឬយ៉ាងណា?
ការមកដល់ហង្សមាស ជាលើកទីពីររបស់ពេជ្រ សូលីកា ពិតណាស់ថា នាងមិនមែនជាគូប្រជែងរបស់ឱក សុគន្ធកញ្ញា ទេ ប៉ុន្តែទីផ្សារតារាដែលប៉ះពាល់ជាងគេ គឺទេព បូព្រឹក្ស ព្រោះសូលីកា មានសម្រស់ទាក់ទាញនិងច្រៀងបានល្អជាង។

ប៉ុន្តែការចូលមកហង្សមាស ជាលើកទីពីរ របស់ពេជ្រ សូលីកា នៅពេលនេះ គឺមិនមែនដើម្បីទៅប្រជែងជាមួយទេព បូព្រឹក្ស ឡើយ គឺប្រជែងជាមួយតារាតែម្នាក់ប៉ុណ្ណោះ គឺរ៉េត ស៊ូហ្សាណា ហើយច្បាស់ណាស់ថា ពេលនេះ នៅហង្សមាស មានស្រីស្អាតដល់ទៅពីរដួងលេចត្រដែតសម្រស់ជាងគេ គឺពេជ្រ សូលីកា និងរ៉េត ស៊ូហ្សាណា នេះឯង។
អ្នកជំនាញសិល្បៈបានលើកឡើងថា ពេជ្រ សូលីកា ច្រៀងបទខ្មែរ ធ្វើបានល្អជាងរ៉េត ស៊ូហ្សាណា តែហ្សាណា ច្រៀងបទបរទេស ធ្វើបានល្អជាងហ្សាណា វិញម្តង។

ដោយឡែក ទាក់ទងរូបសម្រស់វិញ ទាំងពេជ្រ សូលីកា និងរ៉េត ស៊ូហ្សាណា គឺសុទ្ធតែជាស្រីស្អាតដែលមានសម្រស់ទាក់ទាញម៉្យាងៗម្នាក់ ហេតុនេះហើយ តារាទាំងពីរដួងនេះ នឹងមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លា ទាំងបទចម្រៀង និងការលេងសម្រស់ ជាមិនខាន។

បទ “លេងសើចផ្លូវអារម្មណ៍” របស់ពេជ្រ សូលីកា ដែលចេញបើកឆាកលើកដំបូង នៅហង្សមាស ពេលនេះ សំឡេងនាងមធ្យម តែរូបសម្រស់នៅតែទាក់ទាញ តាមរយៈការលេងម៉ូដសក់ ពណ៌ទង់ដែង ហើយគេជឿថា ប្រសិនបើសូលីកា ពិតជាប្រឡូកសិល្បៈយ៉ាងពេញទំហឹងមែន នាងក៏អាចទាញស្ពតធំៗពីរ៉េត ស៊ូហ្សាណា បានដែរ ព្រោះទោះជាបាត់ខ្លួនជាង៥ឆ្នាំមែន ប៉ុន្តែសូលីកា នៅតែមានសម្រស់ទាក់ទាញដូចមុនដដែល។

ការវិលរកឆ្នាំងចាស់វិញរបស់សូលីកា នៅពេលនេះ ក៏ត្រូវបានហង្សមាស រុញឱ្យនាងទៅចាប់ដៃគូជាមួយនីកូ ទាំងចម្រៀង និងការថតកុន ខណៈដែលមុនចេញបទចម្រៀងនោះ សូលីកា ឆក់បានតំណែងតួឯករឿង “អាពាហ៍ពិពាហ៍ចៃដន្យ” ផងដែរ។
ពេជ្រ សូលីកា ធ្លាប់លេងបិទពួនដាក់ហង្សមាស ម្តងរួចហើយ កាលពីឆ្នាំមុន តាមរយៈការចុះកុងត្រាជាន់គ្នាជាមួយផលិតកម្ម Rock ធ្វើឱ្យថៅកែហង្សមាស មួម៉ៅយ៉ាងខ្លាំង រហូតដល់ផ្អឹបបទចម្រៀងរបស់នាង ដែលថតជា Audio និង MV ១វ៉ុលជាមួយឆន សុវណ្ណរាជ ហើយមិនឱ្យចេញឡើយ។

ដោយឡែក ការស្តារមុខនៅហង្សមាស ជាលើកទី២ របស់សូលីកា នៅពេលនេះ ក៏បង្ហាញថា អតីតតារាចម្រៀង Rock និង M នេះ ពិតជាត្រូវបានមន្ត្រីធំផ្កាយ២ម្នាក់ ដែលជាគូស្នេហ៍លាក់មុខរបស់នាងជាច្រើនឆ្នាំមកហើយនោះ ពេលនេះលោកបានដោះលែងសូលីកា ឱ្យមានសិទ្ធិសេរីភាពឡើងវិញហើយ។

ប្រភពបានឱ្យដឹងថា សូលីកា បានចែកផ្លូវគ្នារយៈពេលខ្លីជាមួយគូស្នេហ៍វ័យចំណាស់នោះ ប៉ុន្តែចុងក្រោយ លោកធំនោះបានព្យាយាមផ្សះផ្សាស្នេហ៍ជាមួយស្រីស្អាតរូបនេះឡើងវិញ បើទោះជាលោកមានស្រីស្នេហ៍វ័យក្មេងៗដល់ទៅ៦នាក់ផ្សេងទៀតក្តី តែនារីៗទាំងនោះមិនអាចប្រជែងសម្រស់ជាមួយសូលីកា បានឡើយ។

ការឈានជើងចូលហង្សមាស ជាថ្មីរបស់សូលីកា នៅពេលនេះជីវិតនាងនៅតែហ៊ឺហា ដោយជិះរថយន្តទំនើប Porsche ពណ៌ខ្មៅ តម្លៃជាង២០ម៉ឺនដុល្លារ និងពេលខ្លះទៀត គេឃើញនាងជិះរថយន្ត Range Rover ពណ៌ខ្មៅ តម្លៃជាង២០ម៉ឺនដុល្លារផ្សេងទៀតផងដែរ។

ប៉ុន្តែយ៉ាងណា សូលីកា មិនដែលហ៊ានបណ្តើរគូស្នេហ៍ជាមន្ត្រីធំនោះជាចំហឡើយ គឺជាញឹកញាប់ នាងលេងបិទពួនជាមួយនីកូ ទៅវិញ៕