Wednesday, September 17, 2025
Homeតារាខ្មែរអាលីហ្សា ថ្ងូរឈឺក ខណៈកំពុងនាំប្តី ទៅក្រេបចន្ទទឹកឃ្មុំនៅប្រទេសថៃ

អាលីហ្សា ថ្ងូរឈឺក ខណៈកំពុងនាំប្តី ទៅក្រេបចន្ទទឹកឃ្មុំនៅប្រទេសថៃ

ទើបតែរៀបការបានជាង១សប្តាហ៍ប៉ុណ្ណោះពេលនេះ អាលីហ្សា ស្រាប់តែថ្ងូរដូចព្រាបថា នាងឈឺក្រហាយបំពង់ក រកតែនិយាយ មិនកើតឡើយ។ ការឈឺបំពង់ករបស់អាលីហ្សា នៅពេលនេះ ខណៈដែលនាងកំពុងតែនាំស្វាមីវ័យក្មេង លោកសូ លីឃាំង ទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅថៃ ដោយសប្បាយរីករាយ។

តាមរយៈឆាត អាលីហ្សា និយាយខ្សាវៗប្រាប់អ្នកយកព័ត៌មានយើងថា ពេលនេះនាងកំពុងតែពិបាកទ្រាំមែនទែនហើយ ព្រោះមិនដឹងជាម៉េច ស្រាប់តែសុខៗទៅជាឈឺបំពង់កក្រហាយៗ សូម្បីតែនិយាយតិចៗ ក៏មានអារម្មណ៍ថា ពិបាកទ្រាំដែរ។

ទោះជាយ៉ាងណា អាលីហ្សា មិនប្រាប់ទេថា តើជំងឺឈឺបំពង់ករបស់នាង ដែលកើតឡើងនៅពេលនេះបណ្តាលមកពីនាងញ៉ាំអាហារអឺរ៉ុបច្រើនពេក ឬបណ្តាលមកពីនាងញ៉ាំហឹរច្រើនពេកនោះឡើយ ស្របពេលដែលប្តីនាងកាន់តែលែងហ៊ានទៅណាឆ្ងាយពីអាលីហ្សា ថែមទៀត បើទោះជាជំងឺនេះអាចរំខានខ្លះៗដល់ភាពផ្អែមល្ហែមស្នេហ៍របស់ពួកគេក្នុងដំណើរក្រេបចន្ទទឹកឃ្មុំនេះក៏ដោយ។

អាលីហ្សា ថ្លែងថា“ខ្ញុំឈឺកណាស់បងអើយ !។ មិនដឹងជាម៉េចស្រាប់តែនៅសុខៗទៅជាអីចឹង ? ឥឡូវខ្ញុំនិងប្តីកំពុងនាំគ្នាដើរលេងនៅថៃ ហើយខ្ញុំពិបាកនិយាយណាស់ ព្រោះឈឺកពេក ចាំខ្ញុំជាសិនចាំប្រាប់រឿងដើរលេងថែមទៀត”។

ទោះជាបំពងក អាលីហ្សា ក្រហាយៗដូចមានរបួសយ៉ាងណាក្តី ប៉ុន្តែអាលីហ្សា មិនបាននាំប្តីក្មេងវិលមកស្រុកវិញ ដោយសារជំងឺនោះរំខានកណ្តាលផ្លូវទេ គឺនាងនៅតែបន្តដំណើរកម្សាន្តនៅថៃ ជាមួយស្វាមីជាបន្តទៅទៀត។

អាលីហ្សា ប្រាប់ឱ្យដឹងដែរថា ប្តីនាងនឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិក វិញ នៅដើមខែកក្កដា នេះហើយ។ ចំណែកនាងវិញត្រៀមទៅរស់នៅអាមេរិក តាមស្វាមី ហើយរង់ចាំទិដ្ឋាការពីស្ថានទូតអាមេរិក ធ្លាក់មកសិន ទើបអាចចេញទៅតាមប្តីបាន។

អាលីហ្សា អាយុ៣៣ឆ្នាំ បានរៀបការកាលពីថ្ងៃទី២២ ខែមិថុនា ជាមួយអ្នកជំនួញជាអាណិកជនខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកសូ លីឃាំង អាយុ២៩ឆ្នាំ ដោយមានតារាល្បីៗជាច្រើនបានចូលរួមអបអរសាទរ។ អាលីហ្សា ត្រូវបានគេចាត់ទុកថា នាងមានសំណាងបានប្តីក្មេង ដូចតារា៣ដួងផ្សេងទៀតដែរ គឺអ្នកនាងគង់ សុជាតិ, ឆ័យលី ដាឡែន និងខាត់ សុឃីម។

អាលីហ្សា ហៅ កូនបារាំង បញ្ជាក់ថា ជីវិតសិល្បៈរបស់នាងដែលប្រឹងតស៊ូជាង១០ឆ្នាំមកនេះ គឺត្រូវបញ្ចប់ត្រឹមឆ្នាំ២០១៩ នេះហើយ ព្រោះពេលនេះនាងលែងប្រឡូកសិល្បៈពេញទំហឹងទៀតហើយ គឺមានតែត្រៀមខ្លួនចេញទៅរស់នៅតាមប្តីប៉ុណ្ណោះ។

ការលាភាពនៅលីវរបស់ អាលីហ្សា នៅពេលនេះ ធ្វើឱ្យតារាដែលធ្លាប់ប៉ះរឿងស្នេហាបរាជ័យ២លើកផ្ទួនៗ គឺជាមួយអតីតសង្សារ សេន រ៉ានុត និងអតីតគូដណ្តឹងលោក ដេននី នោះប្រែរជាធ្វើឱ្យអាលីហ្សា ស្រស់ថ្លា ហើយជំងឺបេះដូងដ៏ធ្ងនធ្ងរក៏បានធូរស្រាល បើទោះជាពេលនេះ អាលីហ្សា ហាក់មួម៉ៅរឿងឈឺក ពិបាកផឹកទឹក និងញ៉ាំអាហារបន្តិចក្តី៕

RELATED ARTICLES