ញឹម ចាន់ថន ហាក់បាក់មុខបន្តិចនៅពេលដែលត្រូវដៃគូពិធីករ ដា សួរឈ្លេចនៅលើឆាកក្នុងកម្មវិធីមង្គលការ អាលីហ្សា កាលពីពេលថ្មីៗនេះ នៅចំពោះមុខភ្ញៀវជាច្រើនរយនាក់នោះថា តើចាន់ថន នឹងយកប្តីប្រុស ឬ ស្រី ?

ការនិយាយលេងបន្លំមែនរបស់ដៃគូពិធីករ ធ្វើឱ្យញឹម ចាន់ថន ស្រឡាំងកាំង ហើយទឹកមុខនាងប្រែក្លាយពីស្រស់ថ្លា ទៅជាស្លេកៗ ខណៈដែលលោកដា និងម៉ារ៉ាដូណា គិតតែពីសើចយ៉ាងសប្បាយរីករាយ ហើយចាន់ថន គាំងចម្លើយមិនអាចនិយាយតបទៅដៃគូទាំងពីរបានឡើយ។ ចំណែក អាលីហ្សា និងស្វាមីវិញ គិតតែពីសើច គ្មានហ៊ានឆ្លើយជំនួសតបទៅម្ចាស់សំណួរទេ។

ញឹម ចាន់ថន ធ្លាប់រងពាក្យចចាមអារ៉ាមថា នាងស្រលាញ់ភេទដូចគ្នា នៅពេលដែលចាន់ថន ធ្លាប់បង្ហាញភាពស្អិតល្មួតជាមួយតារាចម្រៀង ស៊ឹម ថៃណា និងតារាសម្តែង អ៊ិន វរលក្ខណ៍ទេពី នាពេលកន្លងមក។

ទោះជា យ៉ាងណា ទាំងចាន់ថន និងភាគីពាក់ព័ន្ធធ្លាប់ចេញមុខប្រកែកហើយនាពេលកន្លងមក។ ប៉ុន្តែចាប់តាំងពីប៉ះរឿងស្នេហ៍ដ៏រសើបនោះមក ចាន់ថន មិនទាន់មានគូស្នេហ៍ថ្មីជាប្រុសពេញលក្ខណៈ ដោយបើកចំហនោះទេ ស្របពេលដែលមិត្តភក្តិមួយចំនួនរបស់នាងបានរៀបការចោលអស់ ទើបធ្វើឱ្យពិធីករ ដា ដាក់សំណួរ ធ្វើឱ្យនាងគាំងចម្លើយនៅកណ្តាលឆាកតែម្តង។

យ៉ាងណា ទស្សណិកជនជឿថា ចាន់ថន នឹងស្រាលខ្លួនវិញជាមិនខានទេ ប្រសិនបើនាងព្រមបង្ហាញមុខគូស្នេហ៍ជាបុរសពេញលក្ខណៈ មិនមែនជាស្រីភេទ នោះពាក្យចចាមអារ៉ាមទាំងឡាយដែលថា នាងស្នេហាតែស្រីៗ ហើយមើលមិនឃើញប្រុសៗនោះ ច្បាស់ជានឹងត្រូវបន្សាប៕

