Wednesday, September 17, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត គ្រងតំណែងថ្មី អាចកែប្រែមុខមាត់បានទេ?

ខេមរៈ សិរីមន្ត គ្រងតំណែងថ្មី អាចកែប្រែមុខមាត់បានទេ?

ខេមរៈ សិរីមន្ត ដែលស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស នោះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា ដោយសារហង្សមាស មានទូរទស្សន៍និងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកក្នុងដៃ ហេតុនេះហើយ សិរីមន្ត បើចង់បានតំណែងជាគណៈកម្មការ (Judge) ឬគ្រូបង្វឹក (Coach) ត្រូវតែមកហង្សមាស។

ការលើកឡើងបែបនេះ គឺមិនខុសមែន ព្រោះពេលនេះ សិរីមន្ត ត្រូវហង្សមាស ប្រគល់តំណែងឱ្យជាលើកដំបូងជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀង X Factor Cambodia ដែលប៉ះជាមួយណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន។

ប៉ុន្តែមហាជនជាច្រើនលើកឡើងថា សិរីមន្ត អាចប្រឈមការជួបបញ្ហាក្នុងការដណ្តើមភាពលេចធ្លោរក្នុងការកាន់តំណែងលើកដំបូងនេះ ព្រោះថា ណុប បាយ៉ារិទ្ធ ហាក់ពូកែវោហារស័ព្ទច្រើនជាង ហេតុនេះហើយគេមិនទាន់អាចសន្និដ្ឋានបានទេថា ការឆក់បានតំណែងធំនេះ របស់អតីតតារាសាន់ដេ រូបនេះ នឹងធ្វើឱ្យរូបគេល្បីល្បាញខ្លាំងឡើងវិញឬយ៉ាងណា ខណៈដែលមហាជនមួយចំនួននៅតែនិយាយថា សិរីមន្ត ពេលនេះមិនទាន់ខ្លាំងក្លាដូចកាលនៅសាន់ដេ។

លោកនូ ស៊ិប ធ្លាប់និយាយថា លោកមិនទាន់អាចនិយាយជាមុនបានទេថា តើខេមរៈ សិរីមន្ត នឹងមានការផ្លាស់ប្តូរយ៉ាងណា នៅពេលដែលបានតំណែងជាគណៈកម្មការ X Factor Cambodia នោះ ព្រោះលោករង់ចាំមើលសភាពជាក់ស្តែងជាមុនសិន។

លោក នូ ស៊ិប បញ្ជាក់ថា “វាអាស្រ័យលើការបញ្ចោញមតិ (Comment) របស់សិរីមន្ត ទៅលើបេក្ខជននីមួយៗថា តើគេពូកែយ៉ាងណា? មហាជន និងវាយតម្លៃគាត់ទៅតាមហ្នឹង។ គន្លងមក ខ្ញុំឃើញគណៈកម្មការកម្មវិធីប្រលងចម្រៀងពីមុនៗមក ពួកគេនិយាយដូចៗគ្នាថា “ប្អូនធ្វើបានល្អហើយ” គឺមានតែពាក្យហ្នឹង អត់និយាយឱ្យចំចំណុចខ្លាំងនិងខ្សោយ ដូចគណៈកម្មាការនៅបរទេសសោះ អ៊ីចឹងខ្ញុំចាំមើលថា តើសិរីមន្ត វិញ គេធ្វើបានកម្រិតណាទៅ ?”។

ខេមរៈ សិរីមន្ត ទើបវិលចូលកាន់ក្បាលមីក្រូវិញ កាលពីថ្ងៃទី5 ខែឧសភា ឆ្នាំ2019 ក្រោយពេលផ្អាកច្រៀងរាំ100ថ្ងៃ ដោយសារកាន់ទុក្ខខេមរៈ ស្រីពៅ ដែលទទួលមរណភាពកាលពីថ្ងៃទី25 ខែមករា ឆ្នាំ2019។

ការវិលវិញរបស់លោកសិរីមន្ត នៅពេលនេះ ក្រៅពីបានកាន់តំណែងធំនៅហង្សមាស អតីតតារាសាន់ដេ ក៏បានបង្ហាញភាពស្អិតល្មួតជាមួយភរិយាកូន3 អ្នកនាងកុយ ផល្លី ខ្លាំងជាងមុនដែរ ដូចជាថ្មីនេះ ពួកគេបញ្ចោញរូបថតឱបគ្នានៅមុខ Tour Eiffel ទៀតផង៕

RELATED ARTICLES