Thursday, September 18, 2025
Homeតារាខ្មែរសុគន្ធ និសា រូបសម្រស់កាន់តែស្អាត មន្ត្រីធំតាមឆ្វែលស្នេហ៍

សុគន្ធ និសា រូបសម្រស់កាន់តែស្អាត មន្ត្រីធំតាមឆ្វែលស្នេហ៍

សុគន្ធ និសា បានត្រៀមខ្លួនរួចជាស្រេចក្នុងការដើរចេញពីអាជីពចាស់ តាមរយៈការងាកមកពង្រីកមុខជំនួញបន្ថែម រួមទាំងការសម្រុកថតភាពយន្ត ដើម្បីបន្សល់ស្នាដៃចុងក្រោយ។

តាមរយៈការនៅតែរក្សាបានរូបសម្រស់ដូចកាលនៅក្រមុំ សុគន្ធ និសា ដែលចេញច្រៀងតាមបណ្តាកម្មវិធីអ្នកធំៗ នៅតែជាទីចាប់អារម្មណ៍របស់មន្ត្រីមានអំណាច តាមឆ្វែលប្រសាចដូចមុនរៀបការ។ ប៉ុន្តែស្វាមីរបស់សុគន្ធ និសា គឺលោកចៅ សម្បត្តិ មិនដែលប្រចណ្ឌ និសា ឬហួងហែងដើរតាមការពារនាងដល់ឆាកតន្ត្រីម្តងណាឡើយ ព្រោះបើនិសា ចង់ធ្វើជំទាវ មិនមែននាងមករៀបការជាមួយលោកឡើយ…។

សុគន្ធ និសា ធ្លាក់ទីផ្សារតែមិនធ្លាក់សម្រស់ទេ គឺនៅតែមានរាងស្វែលតូចច្រឡឹងគួរឱ្យក្នាញ់ មិនឡើងគីឡូជ្រុល បែកសាច់ដូចតារាមួយចំនួនទៀតទេ ទើបហង្សមាស នៅតែតម្រូវឱ្យនិសា ថតភាពយន្តម្តងដល់ទៅ៣រឿង។

ការព្យាយាមថែសម្រស់របស់សុគន្ធ និសា នេះហើយ ទើបនៅពេលដែលនាងបង្ហាញខ្លួនច្រៀងតាមកម្មវិធីរបស់អ្នកធំ មានជប់លៀងឬខួបកំណើតនោះ រូបសម្រស់របស់និសា នៅតែរះត្រដែតជាងមិត្តរួមក្រុម ដែលធ្វើឱ្យមន្ត្រីធំៗនៅតែមានការជ្រួលជ្រើមចង់តាមសុំស្នេហ៍ ដោយភ្លេចខ្លួនថា នាងមានស្វាមីទៅហើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺស្វាមីរបស់សុគន្ធ និសា មិនដែលតាមការពារនាងដល់ឆាកតន្ត្រីដូចគូស្នេហ៍តារាផ្សេងៗទៀតឡើយ បើទោះជាលោកដឹងថា ភរិយាត្រូវបានមន្ត្រីធំៗជាច្រើនតាមស្នេហ៍ក្តី ប៉ុន្តែលោកចៅ សម្បត្តិ ទុកចិត្តលើសុគន្ធ និសា មិនចាំបាច់តាមម្ចាស់ចិត្តគ្រប់ជំហានដូចគូស្នេហ៍តារាផ្សេងៗមួយចំនួនទៀតទេ។

អ្នកសិល្បៈដែលជិតស្និទ្ធសុគន្ធ និសា បានឱ្យដឹងថា ស្វាមីតារាចម្រៀងរូបនេះយល់ចិត្តប្រពន្ធច្បាស់ណាស់ ព្រោះថា បើនិសា ជ្រួលជ្រើមតាមការសុំស្នេហ៍ពីមន្ត្រីធំៗនោះ ច្បាស់ជានាងមិនរៀបការជាមួយគាត់ទេ ទៅធ្វើជំទាវបាត់ទៅហើយ អ៊ីចឹងមានរឿងអីដែលត្រូវគិតច្រើន ខ្លាចគេមានថ្មីនោះ។

សុគន្ធ និសា បានទាត់ចោលសំណើស្នេហ៍របស់មន្ត្រីធំៗជាច្រើននាក់ ដោយសម្រេចចិត្តរៀបការកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយអាណិកជនខ្មែរ មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ដែលជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife តែពេលនេះ នាងមិនទាន់ផ្តល់កំណើតកូនលើកដំបូងឡើយ។

និសា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងរង់ចាំវីសាធ្លាក់ពីទូតអាមេរិកសិន ទើបសម្រេចចិត្តរឿងយកកូន។

ម៉្យាងវិញទៀត សុគន្ធ និសា ក៏មិនពឹងផ្អែកទៅលើអាជីពសិល្បៈទាំងស្រុងទៀតដែរ ក្រោយពេលរៀបការនេះ នាងបានងាកទៅធ្វើជំនួញជាច្រើនមុខ ដូចជា បើកហាងគុយទាវ , កាហ្វេ និងចេកខ្ចប់ ជាដើម។

និសា ក៏ចង់បន្សល់ស្នាដៃចុងក្រោយផងដែរ តាមរយៈការថតភាពយន្តដល់ទៅ៣រឿងព្រមៗគ្នា គឺរឿង “សិសិររដូវក្នុងបេះដូង“ , “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក”។

អ្នកជំនាញសិល្បៈបានលើកឡើងថា សុគន្ធ និសា អាចនឹងបោះបង់ការប្រកួតប្រជែងអាជីពចម្រៀងទៅហើយនៅពេលនេះ គឺមិនចង់ប្រជែងដូចមុនទៀតទេ ព្រោះស្វាមីរបស់នាងជាអ្នកជំនួញធំ ដែលអាចនិយាយបានថា ទោះជានិសា មិនច្រៀងក៏មិនខ្វះលុយចាយដែរ។

ប៉ុន្តែសុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា បើនាងចេញពីសិល្បៈនៅថ្ងៃណាមួយ ទាល់តែនាងមានមុខរបរខាងក្រៅឱ្យរឹងមាំសិន ព្រោះនាងមិនមែនដេកចាំចាយលុយប្តីទេ។

សុគន្ធ និសា ពិបាកស្តារមុខឡើងវិញ ក្រោយពេលដែលតំណែងរបស់នាងជាគ្រូបង្វឹកក្នុងកម្មវិធី The Voice Kids Cambodia ត្រូវបានជំនួសដោយសួស វីសា ហើយហង្សមាស មិនបានប្រគល់តំណែងថ្មីណាមួយផ្សេងទៀត ឱ្យនិសា ឡើយ។

ដោយឡែក មួយរយៈចុងក្រោយដែលសុគន្ធ និសា គិតតែពីសម្រុក ការថតកុននោះធ្វើឱ្យអាជីពចម្រៀងរបស់នាងប្រឈមភាពស្ងប់ស្ងាត់ និងធ្លាក់ចុះទីផ្សារផងដែរ ស្របពេលដែលឱក សុគន្ធកញ្ញា ក្លាយទៅ ជាប្អូនថ្លៃថៅកែហង្សមាសទៀត ទើបធ្វើឱ្យនិសា ពិបាកយកតំណែងកំពូលមកវិញ ព្រោះសំអាងថា បើហង្សមាស មិនលើកស្ទួយប្អូនថ្លៃទេ តើឱ្យទៅថៅកែលើកតារាណាទៅវិញ?…”

RELATED ARTICLES