Thursday, September 18, 2025
Homeតារាខ្មែរចៅស្រីនាយកុយ!!! ជី ឈិងលីន ពេលធំពេញវ័យ ចង់ក្លាយជាអ្នកចម្រៀង

ចៅស្រីនាយកុយ!!! ជី ឈិងលីន ពេលធំពេញវ័យ ចង់ក្លាយជាអ្នកចម្រៀង

ចៅស្រីតារាកំប្លែង លោកជួង ជី ហៅនាយកុយ កុមារីជី ឈិងលីន កំពុងតែមានទីផ្សារជាតារាសម្ដែងជាច្រើនរឿង រួមទាំងស្ពតពាណិជ្ជកម្មផង ដែលធ្វើឲ្យមហាជនលើកឡើងថា “ស្លឹកឈើពិតជាជ្រុះមិនឆ្ងាយពីគល់” មែន ព្រោះមិនត្រឹមតែមានជីតាជាតារាកំប្លែងល្បីទេ តែឪពុករបស់ឈិងលីន ក៏ជាអ្នកកំប្លែងដ៏មានទេពកោសល្យដែរ គឺនាយកយ។

ប៉ុន្តែកុមារីជី ឈិងលីន អះអាងថា តាមរយៈការចូលសិល្បៈ៤ឆ្នាំនេះ នាងនៅតែមិនចង់ធ្វើជាអ្នកកំប្លែងដូចជីតា ឬឪពុកទេ តែនាងចង់ធ្វើជាអ្នកចម្រៀង បន្ថែមពីលើអាជីពសម្ដែង នៅពេលដែលនាងធំពេញវ័យនោះ។

ចៅស្រីនាយកុយ កុមារីជី ឈិងលីន ថ្លែងថា ”ខ្ញុំចូលចិត្តលេងសើចច្រើន ហើយនិងធ្លាប់ទៅមើលតា និងប៉ាខ្ញុំ លេងកំប្លែងដែរ ប៉ុន្តែខ្ញុំអត់ចង់ធ្វើអ្នកកំប្លែងដូចគាត់ទេ។ ខ្ញុំចង់ធ្វើតែត្រឹមអ្នកសម្ដែងដូចរាល់ថ្ងៃនេះបានហើយ។ តែនៅពេលពេញវ័យ ខ្ញុំចង់ធ្វើជាអ្នកចម្រៀងមួយទៀត ព្រោះកន្លងមក មានកម្មវិធី ខ្ញុំធ្លាប់ច្រៀងលេងដែរ ហើយប៉ាម៉ាក់ខ្ញុំថា អាចទៅរួចបាន៦០%”។

ជី ឈិងលីន អាយុ១៤ឆ្នាំ បានឲ្យដឹងថា នៅពេលដែលនាងចូលសម្ដែងដំបូង មិនឲ្យជីតារបស់នាង នាយកុយ បានដឹងទេ គឺលាក់ជិត ព្រោះតែនាងដឹងថា តានាងមិនចង់ឲ្យនាងចូលសិល្បៈទេ ព្រោះគាត់ដឹងថា សិល្បៈពិបាក ថតមួយយប់ទាល់ភ្លឺក៏មាន អីចឹងគាត់ខ្លាចចៅស្រីគាត់ហត់។

ប៉ុន្ដែនៅពេលអ្នកកាសែតតេសួរតាកុយ ថា មានចៅស្រីចូលសម្ដែង ទើបគាត់ភ្ញាក់ព្រើត ហើយថា ចូលពេលណា គាត់ម៉េចបានមិនដឹង។

ឈិងលីន ថា ពេលនេះដោយមិនអាចហាមឃាត់នាងបាន ពេលនេះ ទាំងតាកុយ និងប៉ានាង លោកកយ រួមទាំងម្ដាយនាងផង មិនជំទាស់ទៀតទេ គឺបណ្ដោយឲ្យនាងថតសម្ដែងដោយសេរី ហើយរឿងដែលនាងទទួលបានការគាំទ្រច្រើន គឺរឿង ”ផ្កាថ្ម” និងរឿង ”រវាងយើង”។

ដោយឡែក អ្នកដឹកនាំសម្ដែងវិញច្រើន តម្រូវឲ្យនាងសម្ដែងជាតួកាច តែទាំងតួកាច និងស្លូត នាងអាចលេងបានដូចគ្នា គ្រាន់តែចិត្តចង់លេងតួកាច ស្រួលជាងតួស្លូត៕

RELATED ARTICLES