Thursday, September 18, 2025
Homeតារាខ្មែរមាស សុខសោភា មកពីអាមរិកវិញ ចូលរោងការជាលើកទី២?

មាស សុខសោភា មកពីអាមរិកវិញ ចូលរោងការជាលើកទី២?

ការចូលរោងការរបស់ឱក សុគន្ធកញ្ញា ធ្វើឱ្យមាស សុខសោភា មានការប្រែប្រួលចិត្ត ពីមិនហ៊ានដឹកដៃប្តីចូលរោងការ ទៅជាត្រៀមខ្លួនធ្វើជាកូនក្រមុំរបស់លោកអ៊ឹត រ៉ាដា ជាមិនខាន នៅពេលដែលពួកគេវិលត្រឡប់មកពីរកលុយនៅកាដាណា និងអាមេរិក វិញនោះ…។

មាស សុខសោភា បានដឹកដៃប្តីអាណិកជនខ្មែរ នៅកាណាដា លោកគ្រូពេទ្យអ៊ឹត រ៉ាដា រៀបការតាមបែបសាសនាគ្រឹស្តម្តងរួចទៅហើយ កាលពីឆ្នាំ២០០៨ ដោយគ្រាន់តែចូលព្រះវិហារ និងបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ពួកគេរួមរស់ក្រោមដំបូលតែមួយជាមួយគ្នា ដោយរក្សាចំណងស្នេហ៍បាន១១ឆ្នាំទៅហើយ។

ប៉ុន្តែមាស សុខសោភា មិនហ៊ានរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវដោយចំហទេ ខណៈដែលនាងធ្លាប់ប្រកាសថា នឹងរៀបការមិនឱ្យផុតពីឆ្នាំ២០០៩ តែកៀកថ្ងៃតែងធ្វើកូនក្រមុំទៅហើយ បែរជាសោភា បង្វិលកម្មវិធីនោះទៅជាជប់លៀងមួយ នៅក្រុងកំពង់សោម ទៅវិញ។

ការខ្លាចរឿងចូលរោងការនេះ ធ្វើឱ្យគ្រប់គ្នាយល់ថា សោភា គ្មានហេតុផលណាផ្សេង ក្រៅពីនាងខ្លាចការរៀបការ ហើយនាំឱ្យនាងប្រឈមការធ្លាក់កូដនោះទេ ប៉ុន្តែសោភា បែរជាប្រាប់អ្នកយកព័ត៌មានយើងថា ពេលនេះអ្នកណាក៏ដឹងថា នាងកំពុងរស់នៅជាមួយអ្នកណាដែរ តែការពន្យារពេលរៀបការ ដោយសារនាងមិនចង់ធ្វើពិធីនោះជាចំហទៅវិញ។

ការរក្សាជំហរមិនកំណត់ពេលវេលាឱ្យបានច្បាស់លាស់របស់មាស សុខសោភា នៅពេលនេះ ធ្វើឱ្យនាងក្លាយជាគូស្នេហ៍ឥតខាន់ស្លា ខណៈដែលអ្នកគាំទ្រសោភា មួយចំនួន បានលើកឡើងថា ហេតុផលអាចមកពីនាងមិនទាន់ច្បាស់លាស់ជាមួយលោករ៉ាដា ត្រូវការពេលវេលាសិក្សាមើលចិត្តគ្នាថែមទៀត ទើបមិនហ៊ានប្រថុយរៀបការ ព្រោះខ្លាចរៀបការលឿន ធ្លាក់ខ្លួនមេម៉ាយក៏រហ័ស ដោយសារមិនបានមើលចិត្តគូស្នេហ៍ឱ្យគ្រប់ជ្រុងជ្រោយ។

ទោះជាយ៉ាងណា នៅពេលនេះ មាស សុខសោភា អាចនឹងប្តូរចិត្តពីការខ្លាចរឿងចូលរោងការ មកជាត្រៀមខ្លួនក្រាបផ្ទឹមតាមប្រពៃណីខ្មែរ នាពេលខាងមុខនេះ។

អ្នកដែលអាចធ្វើឱ្យសោភា មានការប្រែប្រួលចិត្តទៅបាន គឺឱក សុគន្ធកញ្ញា នេះឯង ដែលនាងបានរៀបការផ្អើលមេឃ ខណៈដែលអាជីពចម្រៀងរបស់សោភា និងកញ្ញា មានការប្រជែងគ្នាខ្លាំងក្លា រយៈពេលជាង១០ឆ្នាំមកហើយ ហេតុនេះហើយ គេជឿថា បើសុគន្ធកញ្ញា ហ៊ានរៀបការធំ សោភា ក៏ត្រូវតែរៀបការនៅសណ្ឋាគារលំដាប់ផ្កាយ៥ ដូចគ្នាដែរ ដើម្បីឱ្យស័ក្តិសមទៅនឹងភាពល្បីល្បាញរបស់ពួកគេ។

ប៉ុន្តែក្នុងជំនួបកន្លងមក សោភា ថា នាងនៅតែមិនទាន់គិតគូរកំណត់ពេលវេលាច្បាស់លាស់រឿងអាពាហ៍ពិពាហ៍នេះជាថ្មីទេ ហើយឃើញមិត្តភក្តិ (កញ្ញា) រៀបការ នាងមានតែជូនពរឱ្យមានសុភមង្គល។

មាស សុខសោភា អំឡុងពេលចាប់ដៃ១១ឆ្នាំ ជាមួយលោកអ៊ឹត រ៉ាដា នាងទិញបានផ្ទះវីឡា និងជិះរថយន្តទំនើប Land Cruiser V8 ព្រមទាំងអាចរកប្រាក់ចំណូលបានរាប់សែនដុល្លារ ពីអាជីពសិល្បៈក្នុង១ឆ្នាំៗ។

ទោះជាយ៉ាងណា តារាស្រីវ័យ៣៦ឆ្នាំ ដែលមានទឹកដមសំឡេងក្រអួនក្រអៅ មាស សុខសោភា នៅតែនិយាយថា ចង់ផ្តោតលើអាជីពចម្រៀងជាងការគិតគូររឿងរៀបការដដែល។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា ការរៀបការជាលើកទី២របស់មាស សុខសោភា នឹងធ្វើឱ្យតារាល្បីរូបនេះបញ្ចប់ការរិះគន់ថា នាងចង់ល្បី សុខចិត្តសាងស្នេហាឥតខាន់ស្លានោះជាមិនខាន ហើយពេលនោះ សោភា និងលោករ៉ាដា នឹងអាចបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាចំហដូចសុគន្ធកញ្ញា និងលោកសុខលី ជាមិនខានឡើយ។ ប៉ុន្តែបើសោភា នៅតែពន្យារពេលរៀបការតទៅទៀត គឺតារាថោន នេះ នឹងប្រឈមការពិបាករក្សាចំណងស្នេហ៍ឱ្យបានគង់វង្ស ពិសេសគឺចាញ់ប្រៀបគូប្រជែងសុគន្ធកញ្ញា ទាំងចម្រៀងនិងស្នេហាជាមិនខានឡើយ។

ទស្សនិកជនដែលគាំទ្រមាស សុខសោភា និយាយថា ពួកគេនៅតែស្តាប់បទចម្រៀងរបស់សោភា ដដែល ទោះជានាងរៀបការប្តីជាចំហ និងមានកូនក៏ដោយ ដូច្នេះនាងមិនគួរខ្លាចការរៀបអាពាហ៍ពិពាហ៍ជាចំហ តាមប្រពៃណីខ្មែរនោះឡើយ៕

RELATED ARTICLES