អ្នកមេម៉ាយឡាយ លក្ខិណា ហាក់ញញើតក្នុងការឈរនៅចំពោះមុខកាមេរ៉ា ដោយអះអាងថា មួយរយៈចុងក្រោយនេះ អ្នកនាងឡើងគីឡូចម្លែកពេក រហូតមើលឃើញការម៉ាប់ៗសឹងតែមិនស្គាល់ខ្លួនឯងទៀតផង។

យ៉ាងណា អ្នកនាងលក្ខិណា ថា ការឡើងគីឡូប្លែកបែបនេះហើយធ្វើឱ្យអ្នកនាងមានអារម្មណ៍ថា ខ្លាចអ្នកកាសែតថតរូបទៅមិនស្អាត មិនមែនខ្លាចអ្នកកាសែតចុះរឿងមិនល្អ បានជាមិនចង់ឈរនៅចំពោះមុខអ្នកសារព័ត៌មានឡើយ។

ឡាយ លក្ខិណា ដែលបានបាត់ខ្លួនពីអាជីពសិល្បៈរយៈពេល១១ឆ្នាំនោះ ទើបវិលរកអាជីពចាស់វិញនៅឆ្នាំ២០១៨ ដោយប្រឡូកទាំងច្រៀង និងសម្តែងភាពយន្តផងដែរ។ ភាពយន្តដែលអ្នកនាងឡាយ លក្ខិណា ទទួលបានការចាប់អារម្មណ៍ជាថ្មីនោះ គឺរឿង “ផ្កាថ្ម” របស់ទូរទស្សន៍ហង្សមាស និងរឿង “រវាងយើង” របស់បាយ័ន។

ដោយឡែក កាលពីខែមុននេះដែរ អ្នកនាងឡាយ លក្ខិណា ក៏បានចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដា រយៈពេល៣ខែផងដែរ ដែលការចេញទៅម្នាក់ឯងដោយគ្មានដៃគូលោកអែន ឌី នេះហើយ ធ្វើឱ្យមជ្ឈដ្ឋានមហាជនសង្ស័យថា អ្នកនាងលក្ខិណា មានជម្លោះជាមួយអែន ឌី។
ប៉ុន្តែ លក្ខិណា ហ៊ានស្បថថា មិនបានឈ្លោះគ្នាជាមួយលោកអែន ឌី ឡើយ ហើយបើគ្មានអ្នកណាជឿទេ អ្នកនាងថា មានតែពឹងលើលោកម្ចាស់ “ប៉ាវចិន” ទេ ទើបអាចរកយុត្តិធម៌ឱ្យអ្នកនាងបាន។

ក្រោយស្ងប់ស្ងាត់រឿងគេចោទថា អ្នកនាងឡាយ លក្ខិណា ឈ្លោះគ្នាជាមួយលោកអែន ឌី មកពេលនេះ អ្នកនាងលក្ខិណា មិនទាន់បានផ្សះផ្សាភាពល្អក់កករជាមួយលោកអែន ឌី ដោយដឹកដៃគ្នាចេញទៅច្រៀងសម្តែងនៅក្រៅស្រុកវិញឡើយ គឺអ្នកនាងបែរជាត្រៀមខ្លួនទៅច្រៀងសម្តែងនៅប្រទេសកាណាដា ជាមួយប្រុសរូបសង្ហា លោកអាឡិច ចាន់ត្រា នៅចុងខែកក្កដា ខាងមុខនេះហើយ។

ឡាយ លក្ខិណា បានឱ្យដឹងថា អ្នកនាងមានតួនាទីពិសេសក្នុងក្រុមហ៊ុនមួយដែលនាំតារាសិល្បករទៅច្រៀងសម្តែងនៅប្រទេសកាណាដា ព្រោះនាងមានសិទ្ធិក្នុងការជ្រើសតារាសម្តែងចេញទៅច្រៀង។ ប៉ុន្តែតារាត្រូវយកទៅ គឺធ្វើទៅតាមទីផ្សារដែរ បើយកទៅគេមិនមើលទេ តើលក់សំបុត្រឱ្យអ្នកណាមើលទៅ?៕
