ស្ថិតក្នុងអាយុ៣៣ឆ្នាំ អ្នកនាងឆិល ពេជ្រពណ្ណារាយ ដែលចាប់អាជីពរាំ រយៈពេល១៩ឆ្នាំមកហើយនោះ ពេលនេះនាងបានក្លាយទៅជាអគ្គនាយិកាក្រុមហ៊ុនល្អពិត ពេជ្រចរណៃ ខូអិលធីឌី ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ និងបានសម្ពោធកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារណាហ្គា វើលដ៍ ដោយមានតំណាងចែកចាយ និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

អ្នកនាងពេជ្រពណ្ណារាយ ប្រាប់ថា ការសម្រេចបើកអាជីវកម្មនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាជារឿងដែលអ្នកនាងបានកំណត់គោលដៅច្បាស់លាស់ណាស់ ព្រោះថា នាងជាក្មេងកំព្រាឪពុកតាំងពីអាយុ១២ឆ្នាំ ហើយមានម្ដាយពិការទៀត អីចឹងការបើកក្រុមហ៊ុនរក្សាសម្រស់នេះឡើង ត្រូវប្រើដើមទុនមិនក្រោម១០ម៉ឺនដុល្លារឡើយ ហើយប្រាក់ទាំងនោះបានមកពីការប្រឹងប្រែងរបស់នាងផ្ទាល់ រួមទាំងការជួយជ្រោមជ្រែងពីស្វាមី និងក្រុមគ្រួសារផងដែរ ទើបធ្វើឲ្យនាងឈានទៅដល់ការសម្រេចគោលដៅមួយនេះបាន។

ក្នុងតំណែងជាអគ្គនាយិកាក្រុមហ៊ុនល្អពិត ពេជ្រចរណៃ ខូអិលធីឌី អ្នកនាងឆិល ពេជ្រពណ្ណារាយ បានធ្វើឲ្យភ្ញៀវ និងតំណាងចែកចាយរបស់នាង មិនអាចទប់ទឹកភ្នែកជាប់ឡើយ នៅពេលដែលនាងរំលឹកប្រវត្តិថា ពេលដែលឪពុករបស់នាងទទួលមរណភាព នាងដែលទើបមានអាយុ១២ឆ្នាំនោះ ជាអ្នករាប់រងគ្រួសារចិញ្ចឹមប្អូន និងម្ដាយពិការ ហើយនាងទៅធ្វើជាអ្នករត់តុ ដោយជួលផ្ទះគេស្នាក់នៅ តែគ្មានលុយឲ្យគេ ត្រូវម្ចាស់ផ្ទះដេញចេញទាំងយប់ ហើយនាងនិងម្ដាយនិងប្អូនៗ បានទៅសុំវត្តស្វាយដង្គំ ស្នាក់នៅទៀតផង។

អ្នកនាងបន្តថា ថ្ងៃមួយដោយឃើញអ្នករាំនៅប៉ុស្ដិ៍លេខ៣ គេឡើងឆាក នាងក៏មានចិត្តស្រលាញ់ និងចង់ចាប់អាជីពរាំ រហូតតស៊ូបានសម្រេចដោយធ្វើជាអ្នករាំរយៈពេល១៩ឆ្នាំ ដោយធ្លាប់ធ្វើការនៅស្ទើរតែគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ មានដូចជា ទូរទស្សន៍ប៉ុស្ដិ៍លេខ៣, ទូរទស្សន៍ប៉ុស្ដិ៍លេខ៥, ទូរទស្សន៍បាយ័ន និងទូរទស្សន៍អាស៊ីអាគ្នេយ៍។ ដោយសារតែនាងជាអ្នកដឹកនាំក្នុងក្រុម ពេលនេះនាងមានក្រុមរាំសម្រាប់តម្រូវការភ្ញៀវ ចាប់ពី Grade A ដល់C ផងដែរ។

ពេជ្រពណ្ណារាយ បន្ថែមថា ទោះជាពេលនេះនាងក្លាយទៅជាអគ្គនាយិកាក្រុមហ៊ុនមួយមែន ប៉ុន្តែនាងនៅតែស្រលាញ់សិល្បៈ និងបន្ដអាជីពនេះតទៅទៀត ខណៈដែលបំណងប្រាថ្នាធំរបស់នាង ចង់ក្លាយទៅជាស្រី្ដអ្នកជំនួញ គឺបានសម្រេចនៅពេលនេះ ហេតុនេះហើយ នាងមានតែពង្រឹងអាជីវកម្មនេះឲ្យបានល្អ ព្រោះផលិតផលរបស់នាង ភីណៃស៍ (P Nice) នាំចូលពីរោងចក្រនៅថៃ ដែលមានអាជ្ញាប័ណ្ណទាំងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចកម្ពុជានិងថៃ ទទួលស្គាល់ផងដែរ ដោយផ្ដោតទៅលើបញ្ហាស្បែកមុខ និងប្រព័ន្ធស្បែកមុខ។

ក្រៅពីអ្នកនាងឆិល ពេជ្រពណ្ណារាយ ដែលមានស្វាមីបីកូនស្រីម្នាក់ មកអបអរភរិយានោះ គេឃើញភាគីខាងថៃ ក៏បានមកចូលរួមក្នុងកម្មវិធីសម្ពោធនេះដែរ ហើយពួកគេថែមទាំងសរសើរពីការតស៊ូព្យាយាមរបស់អ្នកនាងពេជ្រពណ្ណារាយ ដែលជាអ្នករាំម្នាក់បានវិវឌ្ឍខ្លួនក្លាយជាអគ្គនាយិកាក្រុមហ៊ុនធំមួយនេះ៕



