តារាចម្រៀងថែល ថៃ អះអាងថា លោកបានត្រៀមរៀបការនៅអំឡុង៥ឆ្នាំខាងមុខទៀត ពោលគឺនៅ២០២៤ នឹងរៀបការជាមួយសង្សារដែលធ្លាប់មានប្រវត្តិកម្សត់កម្រជាមួយគ្នាដោយមិនខ្លាចធ្លាក់កូដឡើយ។

ការពន្យារពេលវេលារៀបការយូរឆ្នាំរបស់ម្ចាស់ពាន The Voice Cambodia រដូវកាលទី២នេះ ត្រូវបានលោកថៃ បញ្ជាក់ថា លោករង់ចាំឱ្យមានជីវភាពល្អប្រសើជាងពេលនេះសិន។

យ៉ាងណា តារាចម្រៀងដែលត្រូវគេចាត់ទុកថាមានចរិតស្លូតបូតសុភាពរាបសា ថែល ថៃ បានទទួលស្គាល់ថា លោកធ្លាប់មានប្រវត្តិកម្សត់តស៊ូជាមួយសង្សារតាំងពីមុនលោកប្រលងជាប់ពាននៅហង្សមាសម៉្លេះ ហេតុនេះហើយទោះជាយ៉ាងណាលោកត្រូវតែរៀបការតាមលក្ខណៈប្រពៃណីខ្មែរជាមួយនារីដែលខ្លួនស្រលាញ់តាមគម្រោងដែលបានត្រៀមទុក គឺនៅពេលខាងមុខនេះ។

ថែល ថៃ ល្បីបទ “ចង់ទៅៗៗ”ហាក់មិនទាន់ធ្វើឱ្យទីផ្សារចម្រៀងមានការស្ទុះលោតខ្លាំងនៅហង្សមាសឡើយ ពិសេសគឺការមកដល់ហង្សមាស របស់ខេមរៈ សិរីមន្ត ធ្វើឱ្យលោកថៃ កាន់តែពិបាកដណ្តើមភាពលេចធ្លោថែមទៀត ព្រោះពួកគេច្រៀងស្ទីលដូចគ្នា។

ប៉ុន្តែថែល ថៃ ប្រាប់ថា លោកសប្បាយចិត្តណាស់បានច្រៀងជាមួយខេមរៈ សិរីមន្ត នៅដែលផលិតកម្មជាមួយគ្នា ព្រោះកន្លងមកលោកធ្លាប់ច្រៀងបទសិរីមន្ត និងចាត់ទុកតារារៀមច្បងគ្មានគំនិតប្រកួតប្រជែងគ្នាឡើយ។

ថែល ថៃ ក៏ត្រូវហង្សមាសរុញឱ្យលេងរឿង “រាជិនីភូមិគ្រឹះ” ផងដែរ តែលោកថៃ ថា គ្មានបំណងចាប់អាជីពសម្តែងស្មើអាជីពចម្រៀងឡើយ ហើយក្រោយរដូវធ្លាក់ភ្លៀងនេះ លោកត្រៀមចេញបទចម្រៀងមួយចំនួនវាយលុយទីផ្សារថែមទៀតផងដែរ៕
