សុខ ស្រីនាង ត្រូវបានផលិតកម្មរស្មីហង្សមាស លើកឱ្យធ្វើជាតួឯកក្នុងភាពយន្តខ្នាតធំដែលជំនួសតំណែងឱក សុគន្ធកញ្ញា ក្នុងរឿង “ខ្ញុំមានញាណលើស” ដែលធ្វើឱ្យអតីតភរិយាលោកស៊ី សុវត្ថិ រូបនេះ នឹងឡើងកូដបានមួយក្រឺតថែមទៀតជាមិនខាន នៅពេលរឿងនេះត្រូវបានដាក់បញ្ចាំង។
ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា សុខ ស្រីនាង អាចជំនួសសុគន្ធកញ្ញា តែក្នុងភាពយន្តប៉ុណ្ណោះ ក្នុងអាជីពចម្រៀងវិញ ស្រីនាង មិនអាចតតាំងជាមួយប្អូនថ្លៃលោកថៅកែហង្សមាសបានឡើយ…។

សុខ ស្រីនាង ពិតជាត្រូវហង្សមាសផ្តល់ទំនុកចិត្តខ្លាំងព្រោះតំណែងតួឯករបស់ឱក សុគន្ធកញ្ញា ក្នុងរឿង “ខ្ញុំមានញាណលើស” ត្រូវប្រគល់ឱ្យអ្នកមេម៉ាយរូបនេះភ្លាមៗ នៅពេលដែលសុគន្ធកញ្ញា ប្រាប់អ្នកដឹកនាំរឿងថានាងជាប់រវល់មិនអាចថតបាននោះ។
តារាស្រីមួយចំនួនរួមដំបូលជាមួយសុខ ស្រីនាង មានការភ្ញាក់ផ្អើលផងច្រណែនផងនៅពេលដែលស្រីនាង ត្រូវបានហង្សមាស លើកឱ្យចូលទៅជំនួសសុគន្ធកញ្ញា នោះ ប៉ុន្តែពួកគេមិនហ៊ានតវ៉ាឡើយ បើទោះជាមុននេះអ្នកមេម៉ាយរូបស្រស់រូបនេះទើបតែគ្រងតំណែងតួឯកក្នុងរឿង “រាជិនីភូមិគ្រឹះ” ក៏ដោយ។

អ្នកដឹកនាំសម្តែងខារ៉ាអូខេនៅផលិតកម្មរស្មីហង្សមាសម្នាក់ បានបង្ហើបប្រាប់ អ្នកយកព័ត៌មានយើងកាលពីពេលថ្មីៗនេះថា សុខ ស្រីនាង ត្រូវបានលោកថៅកែហង្សមាស ពេញចិត្តឱ្យនាងធ្វើជាតួឯកជាបន្តបន្ទាប់ គឺមិនអាចធ្វើជាតួរងបានជាដាច់ខាត។

ប្រភពនោះឱ្យដឹងថា តាមពិតតំណែងតួឯករបស់សុខ ស្រីនាង ក្នុងរឿង “ខ្ញុំមានញាណលើស” នោះជារបស់ឱក សុគន្ធកញ្ញា ទេ ព្រោះសាច់រឿងនោះស័ក្តិសមខ្លាំងណាស់ជាមួយសុគន្ធកញ្ញា ដែលសម្តែងជាមួយឆន សុវណ្ណារាជ និងណុប បាយ៉ារិទ្ធ រួមទាំងតារាល្បីៗជាច្រើនទៀត ប៉ុន្តែដោយសារតែប្អូនថ្លៃថៅកែហង្សមាស ឆ្លើយថារវល់មិនអាចថតបាន ទើបលោកថៅកែដាក់ស្រីនាង ចូលទៅជំនួសសុគន្ធកញ្ញា តែម្តង ហើយរឿងនេះជារឿងដុំ ដែលហង្សមាស ផលិតបន្ទាប់ពីរឿង “នេសាទក្រពើ” មិនមែនជារឿងភាគទេ។

តាមរយៈការឆក់បានតំណែងជាតួឯកដល់ទៅ២រឿងព្រមគ្នានេះ គេឃើញសុខ ស្រីនាង កាន់តែមានទឹកមុខស្រស់ថ្លា ហើយសម្បុរក៏ប្រែក្លាយពីខ្មៅស្រអែម ទៅជាសខ្ចីម៉ដ្ឋខៃផងដែរ បន្ទាប់ពីទទលតំណែងជាគណកម្មការកម្មវិធីប្រលងចម្រៀងក្មេងៗ Cambodian Idol Uunior។ ដោយឡែកតម្លៃខ្លួនវិញ ស្រីនាង ឡើងថ្លៃខ្ពស់ជាងកាលច្រៀងនៅសាន់ដេ ព្រោះពេលនេះច្រៀងតាម Concert ១កម្មវិធី នាងស៊ីថ្លៃជាង១ពាន់ដុល្លារ ខណៈដែលច្រៀងនៅតាមបណ្តាប៉ុស្តិ៍ទូរទស្សន៍៣បទ ស្រីនាង ស៊ីថ្លៃ៥០០ដុល្លាឯណោះ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ទោះជាពេលនេះសុខ ស្រីនាង ត្រូវបានលោកថៅកែហង្សមាសពេញចិត្តផ្តល់តំណែងតួឯកឱ្យទៅជំនួសឱក សុគន្ធកញ្ញា ក្តី ប៉ុន្តែស្រីនាង ជំនួសបានតែការថតកុនប៉ុណ្ណោះ មិនអាចជំនួសកៅអីចម្រៀងរបស់សុគន្ធកញ្ញា នៅហង្សមាសឡើយ ព្រោះថាក្រោយក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស សុគន្ធកញ្ញា កាន់តែមានអំណាចជាងគេនៅទ្រនំធំនេះ។

ដោយឡែក ស្រីនាង ទោះជាពេលនេះមានកេរ្តិ៍ឈ្មោះលោតឡើងជាងទ្រនំចាស់ ហើយថែមទាំងបានអភិវឌ្ឍន៍ខ្លួន ទៅជាអ្នកចម្រៀងចេះលេងក្បាច់រាំក្តី ប៉ុន្តែសមត្ថភាពច្រៀងរបស់ស្រីនាង មិនអាចប្រជែងជាមួយសុគន្ធកញ្ញា បានទេ ព្រោះថា នាងមិនអាចច្រៀងបទដែលប្រើប្រាស់សំឡេងខ្ពស់បានទេ៕