មាស សុខសោភា ដែលត្រូវវិលត្រឡប់មកស្រុកវិញនៅពាក់កណ្តាលខែកក្កដានេះ គម្រប់ការច្រៀងសម្តែងនៅប្រទេសកាណាដា៣ខែនោះ ពេលនេះនាងបានសម្រេចចិត្តពន្យារពេលចូលស្រុកវិញ បន្ទាប់ពីការទៅដល់របស់តារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកឆន សុវណ្ណរាជ ដែលពួកគេគ្រោងចាប់ដៃគ្នាសម្តែង ជាពិសេសនៅថ្ងៃទី២៧ ខែកក្កដា នេះ នៅរដ្ឋ Montreal ក្នុងភោជនីយដ្ឋានតុងប៉ោ។
នេះបើតាមការអះអាងរបស់តារាទាំង២ដួង គឺមាស សុខសោភា និងឆន សុវណ្ណរាជ ដោយពួកគេអះអាងថាបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការច្រៀងរាំរួមគ្នាជាលើកដំបូងនៅកាណាដា នេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ មាស សុខសោភា ត្រូវបានស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា តាមថ្នាក់ថ្នមចិន្តាតារាល្បីរូបនេះគ្រប់ជំហាន ទើបធ្វើឱ្យសោភា មានភាពកក់ក្តៅបេះដូងក្រៃលែង ព្រោះពួកគេទៅច្រៀងសម្តែងនៅក្រៅស្រុកលើកនេះ ព្រួញមួយបាញ់បានសត្វ២ គឺទី១ ៖ រកលុយ និងទី២ ៖ បង្កើនអនុស្សាវរីយ៍ស្នេហ៍ឱ្យកាន់តែរឹងមាំថែមទៀត។

តាមព័ត៌មានឱ្យដឹងថា មាស សុខសោភា មិនត្រូវបានប្តីហួងហែងខ្លាំងឡើយ គឺនាងអាចច្រៀងសម្តែងដោយសេរី មានទាំងពេលខ្លះ នាងលេងខ្លួនសិចស៊ីម៉ាអស់ដៃ ហើយមានទាំងប្រុសអាគាំងចូលកៀកកើយថតរូបទៀតផង។

ប្រភពបានឱ្យដឹងថា ពេលនេះមាស សុខសោភា កំពុងតែពិចារណាក្នុងការពន្យារពេលវិលចូលស្រុកវិញ ដោយបន្ថែមការបន្តស្នាក់នៅកាណាដា រយៈពេល៣ខែថែមទៀត ហើយអាចនឹងវិលនៅអំឡុងខែតុលាខាងមុខនេះ ប្រសិនបើមានសាច់ញាតិកាន់តែច្រើនព្យាយាមឃាត់មិនចង់ឱ្យនាងវិលវិញនោះ។

មាស សុខសោភា បានចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដាជាលើកទី៤ កាលពីថ្ងៃទី១៨ ខែមេសា ដោយរួមដំណើរតែ២នាក់ស្វាមី។ សោភា ច្រៀងសម្តែងខុសពីតារាផ្សេងៗទៀត ព្រោះនាងមិនយកប្រាក់ខែពីម្ចាស់ Sponsor ទេ គឺចែកពាក់កណ្តាលជាមួយតម្លៃលក់សំបុត្របានរបស់ខាង Sponsor តែម្តង។

តារាចម្រៀងថោន រូបនេះ ដែលបើកផលិតកម្មខ្លួនឯង Camtrax មាស សុខសោភា កាន់តែមានទីផ្សារក្រៅស្រុកខ្លាំង នៅពេលដែលតារាចម្រៀងល្បីៗផ្សេងទៀត រួមមានឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ និសា និង សួស វីសា ជាដើម ដែលផ្អាកចេញទៅច្រៀងសម្តែងនៅក្រៅស្រុក។

យ៉ាងណា គេជឿថា ការកើបលុយធំនៅកាណាដា របស់មាស សុខ សោភា លើកនេះអាចជាសញ្ញាមួយនៃការត្រៀមចូលរោងការធំផងដែរ ដើម្បីលុបបំបាត់រឿងស្នេហ៍ឥតខាន់ស្លា១១ឆ្នាំ ដើម្បីបញ្ចប់រឿងគេរិះគន់ថា នាងខ្លាចធ្លាក់កូដមិនហ៊ានរៀបការ៕