តារាចម្រៀងស្រីសុខ ពិសី បានប៉ះស្នេហ៍ដ៍រសើបជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះទាំងសងខាងនៅតែមិនព្រមសារភាពនៅឡើយ។

បើទោះជាពេលនេះតារាល្បីៗ ដូចជា ឱក សុគន្ធកញ្ញា , មាស សុខសោភា , សុគន្ធ និសា , ពេជ្រ សោភា និងសួស វីសា សុទ្ធតែបង្ហាញស្នេហ៍ជាសាធារណៈក្តី ប៉ុន្តែពិសី នៅតែជ្រើសផ្លូវបន្តលាក់បាំងស្នេហ៍។

ខាងក្រោមនេះ ជាបទសម្ភាសន៍ផ្ទាល់របស់អ្នកយកព័ត៌មាន “អង្គរធំ” ជាមួយកញ្ញាសុខ ពិសី កាលពីពេលថ្មីៗនេះ ៖

អង្គរធំ ៖ ឃើញតារាល្បីៗដល់ទៅ១១ដួង សម្រុករៀបការយ៉ាងគំហុកនៅឆ្នាំ២០១៩។ តើកញ្ញាសុខ ពិសី ចង់ចូលរោងការដូចគេទេ?

ពិសី ៖ ពួកគាត់រៀបការ គឺជារឿងល្អហើយ ព្រោះជាពេលវេលាអំណោយផលសមស្របចំពោះគាត់ត្រូវដល់ពេលរៀបការ ហើយក្នុងនាមខ្ញុំជាអ្នករួមអាជីពម្នាក់ជាមួយគាត់ មានតែជូនពរឱ្យគាត់ទាំងអស់គ្នាមានសុភមង្គលរហូតទៅ។ ចំពោះខ្ញុំវិញគិតថា ពេលវេលាមិនទាន់អំណោយផលទេសម្រាប់ខ្ញុំ ហើយក៏មិនអាចរៀបការឆាប់ៗនេះដែរ គឺអាចនៅច្រើនឆ្នាំតទៅទៀត។ ចំពោះមូលហេតុដែលខ្ញុំមិនទាន់ចង់រៀបការហ្នឹង គ្មានអ្វីផ្សេងក្រៅពីជាប់រវល់ការងារសិល្បៈហ្នឹងទេ។ ម៉្យាងទៀតខ្ញុំជាប់រកស៊ីខាងក្រៅសិល្បៈខ្លះដែរ ដូចជាការលក់គ្រឿងសម្អាងថែសម្រស់មួយចំនួនទៀត អ៊ីចឹងរឿងរៀបការកាន់តែមិនអាចឆ្លៀតបាន។

អង្គរធំ ៖ អ្នកខ្លះគិតផ្សេងពីកញ្ញាសុខ ពិសី ដោយលើកឡើងថា តារាល្បីៗរៀបការទៅខ្លាចធ្លាក់កូដ។ តើពិសីខ្លាចបាត់ទីផ្សារសិល្បៈ ឬបានជាមិនចង់ចូលរោងការ?

ពិសី ៖ មិនមែនអីចឹងទេ! ខ្ញុំមិនទាន់ចង់ការ ដោយសារតែរវល់ហ្នឹងឯង។ ខ្ញុំនៅតែគិតថា មិនទាន់ជាពេលវេលាអំណោយផលសម្រាប់ខ្ញុំរៀបការនៅពេលហ្នឹងទេ។