ឱក សុគន្ធកញ្ញា បានដល់ត្រើយសុខសាន្តហើយ ព្រោះឈរជាតារាល្បីនៅហង្សមាស មានប្តីជាអ្នកគ្រប់គ្រងទូរទស្សន៍ និងមានបងថ្លៃជាថៅកែផលិតកម្ម។
យ៉ាងណាមហាជនមើលឃើញថា តាំងពីដឹកដៃមកពីក្រេបចន្ទទឹកឃ្មុំ (Honey Moon) ដល់ទៅ៧ប្រទេសមក ពេលនេះគេឃើញសម្រស់របស់សុគន្ធកញ្ញា មានការប្រែប្រួល គឺនាងឡើងគីឡូប្លែក (បែកសាច់) រហូតធ្វើឱ្យទស្សនិកជនកំពុងសង្ស័យថា នាងមានផ្ទៃពោះកូនដំបូងទៀតផង…។
ឱក សុគន្ធកញ្ញា ពេលនេះប្រែប្រួលទាំងរូបរាងនិងការស្លៀកពាក់ គឺខុសគ្នាស្រឡះទៅនឹងមុនពេលដែលនាងរៀបការ។ សុគន្ធកញ្ញា ដែលធ្លាប់មានសសៃសក់វែងអន្លាយត្រឹមចង្កេះនោះបានកាត់សក់ខ្លីត្រឹមកញ្ចឹងកវិញម្តង ហើយនាងស្លៀករ៉ូបរលុងៗ រួមជាមួយគីឡូកាន់តែឡើងប្លែកផងនោះ គ្រប់គ្នាដាក់ការសង្ស័យថានាងមានផ្ទៃពោះ។ អ្នកខ្លះទៀតបាននិយាយលេងបែបមែនថា ពេលនេះ Idol បែកសាច់អស់ហើយ ខូចរាងរៅស្វែលពីមុនអស់រលីង…។

ទោះជាយ៉ាងណា អ្នកគាំទ្រតារាចម្រៀងឱក សុគន្ធកញ្ញា បានសម្តែងការអបអរសារទរទុកជាមុន ប្រសិនបើសុគន្ធកញ្ញា ពិតជាមានកូនបានបីប្រលែងលេងក្នុងពេលឆាប់ៗនេះមែន។

អ្នកស្រីអ៊ិន ថាច ម្តាយរបស់ឱក សុគន្ធកញ្ញា មិនលើកទូរស័ព្ទឡើយ បើទោះជាអ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងតាមទូរស័ព្ទជាច្រើនលើកច្រើនសាយ៉ាងណា ក៏មិនអាចសុំការបំភ្លឺរឿងមហាជនសង្ស័យថា កូនស្រីគាត់ (សុគន្ធកញ្ញា) មានផ្ទៃពោះនោះដែរ។
ប៉ុន្តែតារាចម្រៀងដែលស្និទ្ធជាមួយឱក សុគន្ធកញ្ញា បំផុត បានលើកហេតុផលដោយនិយាយយ៉ាងសមហេតុផលថា សុគន្ធកញ្ញា គឺត្រូវតែខុសពីតារាផ្សេងទៀតដែលរៀបការហើយ មិនហ៊ានយកកូន ប៉ុន្តែកញ្ញា មានកូនកាន់តែលឿនកាន់តែល្អ។

តារាចម្រៀងដែលស្នើសុំមិនបញ្ចោញឈ្មោះនោះ បញ្ជាក់ថា ការមានកូ គឺរឹតតែធ្វើឱ្យសុគន្ធកញ្ញា មានភាពកក់ក្តៅបន្ថែមទៀតក្នុងការរស់នៅជាមួយប្តីដែលជាអ្នកជំនួញធំនេះ ហើយកន្លងមកលេចឮថា ប្តីនាងមានស្រីតាមស្រលាញ់ច្រើន អ៊ីចឹងពេលមានកូនទៅ លោកលី នឹងកាន់តែនៅក្បែរខ្លួនសុគន្ធកញ្ញា ជាងមុនទៀត ចំណុចនេះហើយដែលតារាល្បីនេះចង់បាន។

ប្រភពនោះបន្ថែមថា ដំណាក់កាលនេះហើយ សុគន្ធកញ្ញា អត់ខ្លាចរឿងយកកូនខាតលុយពីសិល្បៈទេ បើខ្លាចប៉ះពាល់កេរ្តិ៍ឈ្មោះ មានកូនកាន់តែធ្លាក់កូដនោះ គឺគេមិនការទេ។

ចំណុចពិសេសដែលសុគន្ធកញ្ញា ក្តាប់នៅពេលនេះ គឺធ្វើយ៉ាងណាឱ្យតំណែងជាតារាចម្រៀងស្រីលេខ១នៅហង្សមាស នៅតែជារបស់នាង និងមួយទៀត គឺរឹតចំណងស្នេហ៍មិនឱ្យមានភាពរង្គោះរង្គើ ហើយការមានកូនជារឿងអំណោយផលដែលក្រុមគ្រួសារអភិជនដែលជាបងថ្លៃរបស់នាង លោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែ ហង្សមាស កាន់តែពេញចិត្តនាងថែមទៀត ក្នុងការរស់នៅជាគ្រួសារតែមួយ បើទោះជាកន្លងមក គ្រួសារមួយ នេះមិនដែលភ្ជាប់សាច់ឈាមជាមួយតារាណាម្នាក់ក៏ដោយ។

ឱក សុគន្ធកញ្ញា ត្រូវបានមហាជនចាត់ទុកថា នាងជាតារាចម្រៀងដែលជោគជ័យទាំងអាជីពនិងស្នេហាព្រមគ្នា នៅឆ្នាំ២០១៩នេះហើយ ក្រោយក្លាយជាប្អូនថ្លៃថៅកែហង្សមាស សុគន្ធកញ្ញា កាន់តែមានអំណាចខ្លាំងឡើងៗនៅផលិតកម្មមួយនេះ បើទោះជាកន្លងមកតារារួមអាជីពធ្លាប់បានសរសើរពីអត្តចរិត សុគន្ធកញ្ញា ថាគ្មានការប្រែប្រួលខុសពីមុនពេលដែលនាងក្លាយជាប្អូនថ្លៃថៅកែក្តី។
ដោយឡែក ការសង្ស័យថា សុគន្ធកញ្ញា មានផ្ទៃពោះនៅពេលនេះ គឺស្របពេលដែលតារាល្បីរូបនេះបានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ។

អ្វីដែលកាន់តែចាប់អារម្មណ៍នៅពេលនេះ ក្រោយពេលសុគន្ធកញ្ញា បានដឹកដៃប្តីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) ដល់ទៅ៧ប្រទេស គឺបារាំង , ប៊ែលហ្សិក , ហូឡង់ដ៍ , អូទ្រីស , អ៊ីតាលី , និងអាស្លឺម៉ង់ នោះ ស្រាប់តែគ្រប់គ្នាថា សុគន្ធកញ្ញា ជិតមានដំណឹងបានកូនបីប្រលែងលេងទៅហើយ៕