ស្រីស្អាតស៊ឹម ស្រីនិច្ច និយាយទាំងរំភើបថា នាងមានមោទកភាពខ្លាំងណាស់ដែលបានគ្រងតំណែងតួឯករឿង “ជនដែលត្រូវគេបាញ់” ដែលជាភាពយន្តឆ្លុះបញ្ចាំងពីប្រវត្តិសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

ស្រីស្រស់ស្រីនិច្ច ថ្លែងថា ក្នុងរឿងនេះនាងសម្តែងជាតួ “តឿតឿន” ជាភរិយារបស់សម្តេចទៀ បាញ់ តែម្តង ហើយតាមគម្រោងនាងសម្តែងរឿងប្រវត្តិរបស់ថ្នាក់ដឹកនាំល្បីឈ្មោះរូបនេះរយៈពេលដល់ទៅ6ខែឯណោះ។

តារាបង្ហាញម៉ូដក្លាយជាអ្នកសម្តែងលេចធ្លោនៅពេលនេះ កញ្ញាស្រីនិច្ច វាចាទាំងរំភើបថា “ខ្ញុំរំភើបនិងមានមោទកភាពខ្លាំងណាស់ដែលបានចូលរួមសម្តែងរឿងប្រវត្តិរបស់ថ្នាក់ដឹកនាំនៅពេលនេះ។ អាចនិយាយបានថា វាជាភាពយន្តដ៏ធំមួយសម្រាប់អាជីពរបស់ខ្ញុំតែម្តង ហើយខ្ញុំនឹងប្រឹងប្រែងសម្តែងឱ្យបានទៅតាមអ្នកដឹកនាំរឿងចង់បាន។ រឿងនេះនឹងបញ្ចប់នៅចុងឆ្នាំ2019 ហើយអាចនឹងដាក់បញ្ចាំងនៅពេលថតចប់នោះដែរ”។

រឿង “ជនដែលត្រូវគេបាញ់” បានធ្វើពិធីសែនក្រុងពលីកាលពីថ្ងៃទី17 ខែកក្កដា ឆ្នាំ2019 នៅមុខប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានការអញ្ជើញចូលរួមពីសម្តេចទៀ បាញ់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនផងដែរ។

តួឯកស្រីក្នុងភាពយន្តខ្នាតធំនេះ ស៊ឹម ស្រីនិច្ច ឱ្យដឹងទៀតថា ក្រៅពីរឿងនេះ នាងធ្លាប់ជោគជ័យតាមរយៈភាពយន្តមួយចំនួនទៀត ដូចជារឿង “សង្សារ14ថ្ងៃ” និងរឿង “មនុស្សពិត” ព្រមទាំងភាពយន្តជាច្រើនទៀត សរុបរយៈពេលដែលនាងចូលសម្តែងភាពយន្ត3ឆ្នាំនេះ គឺថតបានជាង30រឿងហើយ ក្នុងនោះរឿងភាគច្រើនជាតួឯកតែម្តង។

អំឡុងពេលដែលកញ្ញាស៊ឹម ស្រីនិច្ច ត្រូវបានបណ្តាផលិតករជាច្រើនកាន់តែចាប់អារម្មណ៍នាង តាមរយៈទេពកោសល្យដ៏ប៉ិនប្រសប់របស់ស្រីស្អាតរូបនេះ ស្រាប់តែថ្មីៗនេះ ស្រីនិច្ច បែរជាបង្ហាញភាពស្អិតល្មួតកាន់តែខ្លាំងជាមួយប្រុសក្មេងសុខ សាន់នី ទៅវិញ។ ពួកគេថតរូបឱបថើបកៀកកើយគ្នាយ៉ាងស្អិតល្មួតនិងមានពេលខ្លះ សានី បានយកច្រមុះទៅផ្ទប់ដើមទ្រូងស្រីនិច្ចទៀតផង ធ្វើឱ្យប្រុសៗមិនតិចនាក់ឡើយដែលច្រណែនតារាប្រុសនេះ ហើយទស្សនិកជនរង់ចាំមើលថា តើចំណងស្នេហ៍ស្រីស្រស់ប្រុសសង្ហានេះ នឹងអាចឈានទៅដឹកដៃគ្នាចូលរោងការដែរឬទេ ?

ស៊ឹម ស្រីនិច្ច និយាយលាយឡំសំណើចថា នាងនិងសានី ពេលនេះអាចនិយាយបានថាស្ថិតក្នុងដំណាក់កាលស្វែងយល់ចិត្តគ្នាថែមទៀត មិនទាន់អាចនិយាយដល់រឿងរៀបការបានទេ ព្រោះថាពេលវេលាមិនទាន់អំណោយផល។

ស្រីនិច្ច បញ្ជាក់ថា “ខ្ញុំឆ្នាំហ្នឹងទើបអាយុ21ឆ្នាំតើ! ការអីបង? គេនៅក្មេងសឹងអី! ពួកយើងស្វែងយល់ចិត្តគ្នាថែមទៀតសិនណា៎បង! ខ្ញុំស្គាល់បងសាន់នី ទើប1ឆ្នាំកន្លះទេ ហើយស្គាល់ដំបូងតាមរយៈការថតរឿង“កញ្ញាជើងខ្លាំង”។ តាំងពីពេលនោះមក ស្រាប់តែគាត់តាម Care ខ្ញុំរហូត មិនដឹងធ្វើម៉េចទេ ! តែគាត់មិនដែលយកចំណេញពីខ្ញុំទេ ហើយពួកយើងយល់ចិត្តគ្នាបានច្រើនដែរហើយ”៕