ខេមរៈ សិរីមន្ត កម្រនឹងចាប់ដៃគូចម្រៀងស្រីណាផ្តេសផ្តាសណាស់ កន្លងមកគេឃើញអតីតតារាចម្រៀង U2 និងសាន់ដេ រូបនេះ ធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយតារាស្រីតែ៣នាក់ប៉ុណ្ណោះ គឺប្អូនស្រីរបស់ខ្លួនកញ្ញាខេមរៈ ស្រីពៅ, ឱក សុគន្ធកញ្ញា និងច្រៀងជាមួយសុខ ពិសី តែមួយបទគត់គឺបទ“បែករហូត”។
ប៉ុន្តែកាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ហង្សមាសបានបញ្ចោញឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលតាមរយៈលោកខេម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត ចាប់ដៃជាមួយតារាចម្រៀងជើងចាស់របស់ខ្លួន គឺ “ប្រពន្ធបងមិនល្អមែន ទេ?” ដែលជាការនិពន្ធទំនុកច្រៀងដោយ ពេជ្រ សោភា ផ្ទាល់តែម្តង។

មហាជនជាច្រើនបានចាប់អារម្មណ៍នៅពេលដែលតារាល្បីទាំង២បានចាប់ដៃគ្នាជាលើកដំបូងនេះ ហើយមានការលើកឡើងថា ម្នាក់ៗច្រៀងមានការប្រុងប្រយ័ត្ននិងថ្នមសំឡេងរៀងៗខ្លួន ខណៈដែលកន្លងមកគេឃើញពេជ្រ សោភា ចាប់ដៃជាមួយតារាចម្រៀង ព្រាប សុវត្ថិ និងប្រុសក្មេង៣រូបផ្សេងទៀត គឺងួន ចាន់ដេវីត, Step និង ឆឹម សក្កដា។
ទស្សនិកជនជាច្រើនបាននិយាយលើកឡើងខុសៗគ្នា ចំពោះការដែលខេមរៈ សិរីមន្ត ងាកមកចាប់ដៃជាមួយពេជ្រ សោភា នៅពេលនេះ។

អ្នកខ្លះថា សិរីមន្ត ទៅជួយសោភា តែអ្នកខ្លះទៀតបែរជាថា សោភា ទៅជួយសិរីមន្ត ទៅវិញ។ ប៉ុន្តែអ្នកដឹកនាំសម្តែងនៅហង្សមាស បែរជានិយាយថា គ្មានអ្នកណាជួយអ្នកណាទេ ហើយរឿងដែលសិរីមន្ត ចាប់ដៃជាមួយសោភា គឺជារឿងធម្មតាទៅវិញ។
អ្នកដឹកនាំសម្តែងខារ៉ាអូខេនៅហង្សមាស ល្បីឈ្មោះម្នាក់និយាយដោយមិនឱ្យដាក់ឈ្មោះថា ពេលនេះមិនដូចពេលមុនទេ គឺខេមរៈ សិរីមន្ត មិនមែនចាប់ដៃតែជាមួយពេជ្រ សោភា ម្នាក់ទេ តែនៅចាប់ដៃជាមួយតារាស្រីជាច្រើននាក់ទៀតរបស់ហង្សមាស ក្នុងពេលខាងមុខនេះ។

អ្នកដឹកនាំសម្តែងល្បីឈ្មោះរូបនោះ បន្ថែមថា “មិនមែនសិរីមន្ត ទៅជួយសោភា ហើយក៏មិនមែនសោភា ទៅជួយសិរីមន្ត នោះទេ តែគឺហង្សមាស អ្នកតម្រូវឱ្យសិរីមន្ត និងសោភា ច្រៀងឆ្លងឆ្លើយគ្នា។
សិរីមន្ត នឹងចាប់ដៃជាមួយតារាស្រីផ្សេងៗទៀតក្រៅពីសោភា ក្នុងនោះក៏មានសុខ ស្រីនាង ផងដែរ។ ចំពោះសោភា វិញ ជាតារាម្នាក់ដែលមហាជនទទួលស្គាល់ថា គាត់ល្បីដូច សុគន្ធកញ្ញា និងសុគន្ធ និសា នៅហង្សមាសដែរ អ៊ីចឹងចាប់ដៃគ្នាគ្មានអ្នកណាទៅជួយអ្នកណា បើពួកគេសុទ្ធតែជាតារាល្បីៗស្រាប់ហើយហ្នឹង”។

ទោះជាយ៉ាងណា អ្នកដឹកនាំសម្តែងល្បីឈ្មោះរូបនោះបន្ថែមថា ចំពោះខេមរៈ សិរីមន្ត និងពេជ្រ សោភា ចាប់ដៃគ្នានៅពេលនេះ គឺមិនធ្វើឱ្យទីផ្សារចម្រៀងប្រែប្រួលនោះទេ ផ្ទុះតែនៅលើសារព័ត៌មានប៉ុណ្ណោះ។
លោកបញ្ជាក់ថា ចំពោះពេជ្រ សោភា វិញ ដៃគូដែលនាងចាប់ហើយទទួលបានជោគជ័យនិងស័ក្តិសមបំផុត គឺជាមួយងួន ចាន់ដេវីត ព្រោះមុនចាប់ដៃដេវីត សោភា ធ្លាប់ធ្លាក់ម្តងទៅហើយ តែពេលបានដៃគូថ្មីដេវីត គឺធ្វើឱ្យទីផ្សារចម្រៀង របស់នាងហក់ឡើងវិញរហូតមកដល់ពេលនេះ។

ប៉ុន្តែអ្នកដឹកនាំសម្តែងទាំងភាពយន្តនិងខារ៉ាអូខេរូបនោះបន្ថែមថា ចំពោះដៃគូដែលជួយសោភា ពីមុនមកនោះ គឺមានតែព្រាប សុវត្ថិ មែន។
ទស្សនិកជនរង់ចាំមើលថា តើខេមរៈ សិរីមន្ត នឹងងាកទៅចាប់ដៃគូជាមួយតារាចម្រៀងស្រីណាទៀត បន្ទាប់ពីពេជ្រ សោភា នេះ ខណៈដែលតាំងពីចេញពីសាន់ដេ មក សិរីមន្ត នៅមិនទាន់មានបទចម្រៀងល្បីខ្លាំងដូចមុនទេ។

យ៉ាងណា មុនហង្សមាស ឱ្យសិរីមន្ត ច្រៀងឆ្លងឆ្លើយជាមួយសោភា នេះ ថៅកែផលិតកម្មធំនេះក៏បានឱ្យតំណែងធំលោកប៊ុនថៃ ផងដែរ តាមរយៈការធ្វើជាគណៈកម្មការកម្មវិធី X Factor Cambodia សម្រាប់រដូវកាលទី១នេះ៕