Thursday, September 18, 2025
Homeតារាខ្មែរនី មុនីនាថ ព្យាយាមរត់គេច ខុសពីពេជ្រ សោភា និងសុខ សោម៉ាវត្តី

នី មុនីនាថ ព្យាយាមរត់គេច ខុសពីពេជ្រ សោភា និងសុខ សោម៉ាវត្តី

ការបរាជ័យមង្គលការដល់ទៅ២លើកជាប់គ្នា ទីបំផុតធ្វើឱ្យតារាទឹកភ្នែក នី មុនីនាថ ពិបាកប្រឈមជាមួយមហាជននិងតារាសិល្បៈរួមអាជីព ហើយនៅពេលដែលអ្នកកាសែតសួរនាងរឿងមានស្នេហាថ្មីនោះ មុនីនាថ មានតែរត់គេចចេញយ៉ាងតក់ក្រហល់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា គេជឿថា បេះដូងនី មុនីនាថ មិននៅទំនេរឡើយ ព្រោះនាងមានមន្ត្រីធំៗជាច្រើនតាមស្អំបេះដូង ហើយដោយសារខ្លាចរងអាម៉ាស់ជាលើកទី៣ ទើបតារាពូកែយំរូបនេះជ្រើសផ្លូវសាងស្នេហ៍ដោយលាក់លៀមវិញម្តង…។

មិនខុសពីពេជ្រ សោភា និងសុខ សោម៉ាវត្តី ឡើយ ដែលពួកគេបានធ្លាក់ខ្លួនមេម៉ាយដូចគ្នានោះ ទីបំផុតតារាទាំងពីរមានទស្សនៈដូចគ្នា គឺសុខចិត្តសាងស្នេហ៍ថ្មីដោយមិនបើកចំហ ព្រោះតែពួកគេយល់ថា ស្នេហាផុយស្រួយណាស់ កាន់តែផ្អែមល្ហែមកាន់តែងាយបែកគ្នា។

ដោយឡែក ចំពោះតារាទឹកភ្នែកនី មុនីនាថ វិញ ខុសពីពេជ្រ សោភា និងសុខ សោម៉ាវត្តី ត្រង់ថា នៅពេលដែលអ្នកសារព័ត៌មានសួរនាងរឿងស្នេហាថ្មីនោះ មុនីនាថ មិនចាំបាច់បង្អែបង្អង់យូរទេ គឺរត់គេចចេញពីសំណួរនេះភ្លាមៗ ដែលមើលទៅ ពេលនេះស្រីស្រស់រូបនេះហាក់បាក់ស្បាតរឿងស្នេហាខ្លាំងណាស់ ទោះជានាងមិនបានធ្លាក់ខ្លួនមេម៉ាយដូចសោភា និងវត្តី ក្តី។

ភាពប្រែប្រួលរបស់នី មុនីនាថ នៅពេលនេះ ដោយសារដំបៅបេះដូងរបស់នាងពីរលើកផ្ទួនៗជាប់គ្នានោះ ធ្វើឱ្យនាងពិបាកព្យាបាល ពិសេសគឺការចែចង់ពីសំណាក់អាណិកជនខ្មែរនៅអាមេរិកនោះ តារាទឹកភ្នែកហាក់ខ្លាចរអា ព្រោះតែបុរសទាំងនោះស្រលាញ់នាងបានតែដំបូងប៉ុណ្ណោះ ចុងក្រោយបែរជាវាយប្រហារនាង ហើយទៅភ្ជាប់ស្នេហ៍ថ្មីរៀងៗខ្លួនដើម្បីបញ្ឈឺចិត្តនាងទៀតផង។

ពោះម៉ាយកែវ កុសល ដែលធ្លាយរូបស្អិតល្មួតជាមួយនាងជិតដល់ថ្ងៃក្រាបផ្ទឹមទៅហើយ ទីបំផុតអតីតតារាសម្តែងរូបនោះប្រែក្រឡាស់ចិត្តងាកទៅផ្សារភ្ជាប់ ស្នេហ៍ថ្មីជាមួយអ្នកមេម៉ាយទ្រព្យស្តុកកូនមួយ ជាថៅកែហាងកាត់ដេរមួយធ្វើព្រងើយ ដែលធ្វើឱ្យមុនីនាថ ឈាមកកក្នុងបេះដូង។

ដោយសារចង់បញ្ឈឺចិត្តសង្សារចាស់ឱ្យបានភ្លឺភ្នែក នី មុនីនាថ បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកអ៊ុង សូឡាង ក្នុងន័យ “ធ្វើស្រែទាន់ក្តៅដី យកប្តីទាន់ក្តៅចិត្ត” ហើយនាងត្រៀមចូលរោងការដោយចំណាយប្រាក់ដល់ទៅ10ម៉ឺនដុល្លារ ដើម្បីឱ្យលោកកុសល ភ្លឺភ្នែក ប៉ុន្តែដឹងអី! អ្វីៗបែរជាក្រឡាប់ចាក់ ព្រោះមិនទាន់បានលរឈុតកូនក្រមុំមែនទែនផង ស្រាប់តែមុនីនាថ ត្រូវគូដណ្តឹងរបស់នាង លោកសូឡាង ប្តឹងឡើងតុលាការពីបទនាងឆបោកដោយទាមទារប្រាក់សំណងរហូតដល់ទៅ10ម៉ឺនដុល្លារអាមេរិក។

នី មុនីនាថ ខ្មាសគេខ្លាំងណាស់ពិសេសគឺអតីតគូស្នេហ៍ ហេតុនេះហើយបានជានាងព្យាយាមគេចចេញពីកម្មវិធីអ្នកសិល្បៈជួបជុំគ្នាមួយរយៈធំ ដើម្បីឱ្យរឿងនេះបានស្ងប់បន្តិច ខណៈដែលលោកសូឡាង បង្ហាញការអស់សង្ឃឹមចំពោះសំណុំរឿងប្តឹងមុនីនាថ នេះយ៉ាងខ្លាំង ព្រោះតែមានការលេចឮថា តារាទឹកភ្នែកមានមន្ត្រីធំផ្កាយ3ម្នាក់ចេញមុខអន្តរាគមន៍ឱ្យបិទរឿងក្តីនេះ កុំឱ្យដំណើរការបាន។

ប៉ុន្តែភ្លាមៗ មុនីនាថនិងម្តាយនាង អ្នកស្រីឌី សុភាលី បានច្រានចោលដោយអះអាងថា គ្មានលោកធំណាជួយទេ គឺមានតែមេធាវីជួយការពារក្តីនេះ ហើយការលេចឮរឿងមិនល្អបែបនេះ គឺមានគេចង់បង្ខូចឈ្មោះមុនីនាថ ឱ្យកាន់តែលិចផុងជ្រៅងើបលែងរួច។

ថ្វីត្បិតតែនី មុនីនាថ ហាក់មាន ប្រៀបជាងគូដណ្តឹងនាង ព្រោះសំណុំរឿងនេះតុលាការមិនទាន់ចាត់ការជាថ្មី ដែលធ្វើឱ្យនាងសល់លុយ10ម៉ឺនដុល្លារក្តី ប៉ុន្តែអំឡុងពេលមានរឿងត្រូវអតីតគូស្នេហ៍ប្តឹងផ្តល់នេះ តារាស្រអែមស្រស់នេះបានធ្លាក់កេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។

យ៉ាងណា គេជឿថា ស្រីស្រស់ដូចមុនីនាថ មិនទុកបេះដូងឱ្យនៅទំនេរឡើយ ព្រោះពេលនេះនាងត្រូវបានមន្ត្រីធំៗជាច្រើនរាយអន្ទាក់ស្នេហ៍។ ប៉ុន្តែតាមព័ត៌មានថា ក្នុងនោះមានតែលោកធំផ្កាយ3ម្នាក់ប៉ុណ្ណោះ ដែលតាមស្នេហាតារាទឹកភ្នែកស្អិតជាងគេ។

អ្នកសិល្បៈដែលស្និទ្ធនី មុនីនាថ បាននិយាយថា តារាទឹកភ្នែករូបនេះអាចជួបគ្រោះបង្កប់ទៅដោយសំណាង ព្រោះថា ក្រោយបែកបាក់ប្រុសទាំងពីរនៅអាមេរិកមក ពេលនេះមុនីនាថ អាចនឹងក្លាយទៅជា “ជំទាវ” ប្រសិនបើនាងព្រមសាងស្នេហ៍លាក់លៀមជាមួយមន្ត្រីធំៗដែលតាមនាងយ៉ាងប្រកិតនោះ។

ប៉ុន្តែយ៉ាងណា គេជឿថា តារាទឹកភ្នែកនឹងពិនិត្យគូស្នេហ៍ទី3បានច្បាស់លាស់ជាងមុនជាមិនខាន ចៀសវាងដំបៅបេះដូងម្តងទៀត ព្រោះលោកធំៗដែលតាមស្នេហ៍នាងនោះភាគច្រើនគឺសុទ្ធតែមានប្រពន្ធកូនអស់ទៅហើយ៕

RELATED ARTICLES