អ្នកមេម៉ាយសាច់សខ្ចីសុខ សោម៉ាវត្តី ធ្វើឱ្យសង្សារសំណព្វចិត្តប្រុសក្មេងលី វ៉ាហេទ ដែលជាកីឡាករបាល់ទាត់ខ្សែការពារក្លឹបបឹងកេត មានការស្រឡាំងកាំងមិនតិចឡើយ នៅពេលដែលនាងបញ្ចោញរូបភាពឱបថើបជាមួយតារាប្រុសរូបសង្ហា លោកណាខុន ដោយបុរសនេះបានហុចចិញ្ចៀនសុំនាងរៀបការនៅលើកំពូលភ្នំមួយទៀតផង។

អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ដូចខ្វះកន្លែងណាស់ទៅសុំរៀបការលើកំពូលភ្នំ មិនខ្លាចខាងស្រីរំភើបពេករអិលជីងធ្លាក់ទេអី? ចំណែកអ្នកខ្លះទៀតថា ពិបាកដែរសោម៉ាវត្តី បានថ្មីចោលចាស់ហើយ។
យ៉ាងណា ដំណឹងនេះអ្នកដែលជ្រួលច្របល់អន្ទះសាជាងគេដូចមាន់រកពងនោះ គឺប្រុសក្មេងវ៉ាហេទ ឯណោះទេ ព្រោះខ្លាចអ្នកមេម៉ាយសាច់សខ្ចីនេះបោះបង់រូបគេទៅស្នេហ៍ណាខុន។

ប៉ុន្តែភ្លាមៗនោះ សោម៉ាវត្តី បានចេញះមុខបញ្ជាក់ភ្លាមៗដើម្បីឱ្យសង្សារបានត្រជាក់ចិត្ត ដោយនាងអះអាងថា រឿងនាងត្រូវប្រុសម្នាក់សុំរៀបការលើកំពូលភ្នំមួយនោះ តាមពិតគឺជាការថតរឿងភាគមួយរបស់ទូរទស្សន៍បាយ័នទេ។

ការវាចាបែបនេះធ្វើឱ្យខ្សែការពារបម្រុងរបស់ក្លឹបបឹងកេតនោះ ហាក់ធូរទ្រូងឡើងវិញបានខ្លះ ព្រោះថាតាមពិតបេះដូងរបស់វត្តី គឺនៅតែស្មោះស្ម័គ្រលើរូបគេតែម្នាក់ដដែល។
សុខ សោម៉ាវត្តី ក្រោយលែងប្តីស្នងការរងខេត្តរតនគិរី លោកទូច ដាណារ៉ា ហៅពេជ្រ ដោយបន្សល់កូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជាង7ឆ្នាំនោះ ពេលនេះនាងបានបង្កាត់ភ្លើងស្នេហ៍ជាមួយលី វ៉ាហេទ បន្ទាប់ពីពួកគេបានថតរឿងរួមគ្នាឱ្យផលិតកម្ម Rock គឺរឿង “សិស្សប្អូនសំណព្វចិត្ត”។

វត្តី និងវ៉ាហេទ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាទាំងក្នុងនិងក្រៅស្រុក ដោយសកម្មភាពដូចប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអ៊ីចឹង។ ប៉ុន្តែរហូតមកដល់ពេលនេះ វត្តី នៅតែមិនទាន់សារភាពស្នេហ៍កីឡាករបាល់ទាត់នោះដដែល ដោយនាងព្យាយាមលាក់លៀម ហើយបែរជាថា រាប់អានគ្នាដូចពួកម៉ាកទៅវិញ។
វត្តី ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា ធម្មតាទេជីវិតនាងជាស្ត្រីមេម៉ាយ អ៊ីចឹងតែងតែលេចឮថា មានទាក់ទងជាមួយអ្នកតូចឬអ្នកធំគេចមិនផុតទេ ហើយនាងក៏មិនដែលខឹងដំណឹងទាំងនោះដែរ ព្រោះគ្មានអ្នកណាទៅហាមឃាត់ មិនឱ្យគេនិយាយរឿងនាងដែលជាអ្នកសិល្បៈជាមនុស្សរបស់មហាជនបានទេ។

ទោះជាសុខ សោម៉ាវត្តី ព្យាយាមលាក់លៀមរឿងស្នេហ៍ប្រុសក្មេងលី វ៉ាហេទ ក៏ដោយ ប៉ុន្តែនៅក្នុងចង្កោមអ្នកសិល្បៈរួមអាជីព តារាខ្លះបានហៅពួកគេថាជាប្តីប្រពន្ធទៀតផង។
ដោយឡែក មន្ត្រីធំៗមួយចំនួនដែលធ្លាប់តាមស្នេហាសោម៉ាវត្តី នោះបានស្រងាកចិត្តនៅពេលដែលឃើញអ្នកមេម៉ាយរូបនេះទៅណាដូចលលកញីឈ្មោលជាមួយវ៉ាហេទ។ លោកផ្កាយ2ដ៏ល្បីឈ្មោះម្នាក់ដែលតែងសម្ញែងទ្រព្យដាក់តារាស្រីជាច្រើនជាមួយការទិញរថយន្តទំនើបៗមិនក្រោម20គ្រឿង ដាក់ពេញភូមិគ្រឹះតម្លៃ3លានដុល្លារ ហើយបុរសវ័យ50ស្តើងដែលតាមស្នេហ៍វត្តី តាំងពីនាងលែងប្តីនោះចាប់ផ្តើមអាក់អន់ស្រពន់ចិត្តជាមួយអ្នកមេម៉ាយរូបស្អាតនេះបន្តិចម្តងៗ នៅពេលដែលវត្តី ស្អិតល្មួតជាមួយកីឡាករបាល់ទាត់ ដោយប្រឡេះមិនចេញនោះ បើទោះជាមានគេបង្ហើបថា លោកធំនោះមានស្រីស្នេហ៍វ័យក្មេងៗមិនក្រោម6នាក់ក៏ដោយ។

យ៉ាងណា សោម៉ាវត្តី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនដែលប៉ងប្រាថ្នាចង់បានតំណែងជាជំទាវរបស់លោកធំណាទេ។ នាងថា បើនាងចង់បានតំណែងជំទាវ ម៉្លេះនាងមិនចាំបាច់លែងប្តីធ្វើអី ព្រោះពេលនេះប្តីនាងក៏មានឋានៈធំដែរ។

ពិធីការិនីទូរទស្សន៍បាយ័ន រូបនេះ ថែមទាំងថា នាងមានទាំងប្រុសក្នុងនិងក្រៅស្រុកតាមស្រលាញ់ តែការដែលនាងក្លាយជាស្រីម៉េម៉ាយកូនមួយបែបនេះ ត្រូវតែមានការប្រុងប្រយ័ត្ន ព្រោះមិនចង់ដើរជាន់ដានចាស់ទៀតទេ។ នាងថា នាងនិងអតីតប្តីស្រលាញ់គ្នា5ឆ្នាំ ទើបរៀបការ ហើយទីបំផុតនៅតែបែកគ្នាចុះទម្រាំឃើញភ្លាមស្រលាញ់ភ្លែត តើបានយូរអង្វែងប៉ុនណាទៅ?៕