Wednesday, May 20, 2026
Homeនយោបាយបណ្ឌិតខ្មែរ ផ្តល់យោបល់ឲ្យថៃ រឿងចង់ចរចាជាមួយខ្មែរ សុំបើកព្រំដែនវិញ

បណ្ឌិតខ្មែរ ផ្តល់យោបល់ឲ្យថៃ រឿងចង់ចរចាជាមួយខ្មែរ សុំបើកព្រំដែនវិញ

ភ្នំពេញ ៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់យោបល់ឲ្យរដ្ឋាភិបាលថៃ ដឹកនាំដោយនាយករដ្ឋមន្រ្តី អនុធិន ឆានវីរៈគុល ទាក់ទងនឹងរឿងចង់ចរចាជាមួយខ្មែរ សុំបើកព្រំដែនឡើងវិញ ដោយបានលើកឡើងថា នាយករដ្ឋមន្រ្តីថៃ មិនបាច់ជិះយន្តហោះ មកទេ ឱ្យតែទាហានថៃ ដកកុងតឺន័រ ដកលួសបន្លា ចេញពីដីខ្មែរ និងសម្រួលឱ្យស្ថានភាពព្រំដែន ឱ្យវិលទៅរកស្ថានភាពមុនខែឧសភា ឆ្នាំ២០២៥ វិញទៅ ហើយប្រញាប់ប្រញាល់បន្តការងាររបស់ JBC ព្រមទទួលយកលក្ខខណ្ឌផ្សេងទៀតៗ ដែលធានដល់សន្តិភាព និងអធិបតេយ្យ បូរណ ភាពទឹកដី នៃប្រទេសទាំងពីរ នោះអ្វីៗនឹងវិលទៅរកប្រក្រតីភាពវិញហើយ ព្រោះកម្ពុជា មិនដែលទៅបង្កជម្លោះព្រំដែនជាមួយប្រទេសក្បែរខាងណាទេ ក្រៅពីប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិ ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ថា “លោក កាស៊ីត ភិរម្យយ៉ា អតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានផ្តល់យោបល់ឱ្យលោក អនុធិន នាយករដ្ឋមន្ត្រីថៃ ប្រញាប់ជិះយន្តហោះ មកចរចារឿងព្រំដែនជាមួយខ្មែរយើង ដើម្បីបើកព្រំដែនឡើងវិញ។ ខ្ញុំសុំជូនយោបល់ទៅវិញ  មិនបាច់ជិះយន្តហោះមកទេ ឱ្យតែទាហានថៃ ដកកុងតឺន័រ និងយកលួសបន្លា ចេញពីដីខ្មែរ ទៅជាការស្រេចហើយ និងសម្រួលឱ្យស្ថានភាពព្រំដែន ឱ្យវិលទៅរកស្ថានភាពមុនខែឧសភា ឆ្នាំ២០២៥ វិញទៅ ហើយប្រញាប់ប្រញាល់បន្តការងាររបស់ JBC ដោយគ្មានបង្អែបង្អង់ទៅ នោះអ្វីៗវិលទៅរកប្រក្រតីភាពវិញហើយ។ កម្ពុជា មិនដែលទៅបង្កជម្លោះព្រំដែនជាមួយប្រទេសក្បែរខាងណាទេ ហើយកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត គិន ភា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា បើសិនជាប្រទេសថៃ គោរពដោយស្មោះត្រង់ ដោយសុចរិត និងមានការប្ដេជ្ញាចិត្តខ្ពស់ នូវក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរ បានចុះហត្ថលេខា លោកគិតថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ គឺមិនលំបាកដោះស្រាយទេ ដោយសារព្រំដែនកម្ពុជា និងថៃ គឺជាព្រំដែនអន្តរជាតិ រួចស្រេចទៅហើយ ហើយព្រំដែននេះ គឺមានកំណត់នៅក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងមានពិធីសារកំណត់ហេតុនៃការបោះបង្គោល ក៏ដូចជាផែនទីឧបសម្ព័ន្ធ១ នៃសន្ធិសញ្ញាបារាំង-សៀម ។ ដូច្នេះប្រទេសថៃ គួរតែវិលទៅរកមូលដ្ឋានគតិយុត្តទាំងអស់នោះ ដើម្បីយើងធានាថា ជាព្រំដែនមួយត្រឹមត្រូវ ប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ធានាបាននូវផលប្រ យោជន៍យូរអង្វែង សុខដុមរមនា និងសន្តិភាពសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ ។

លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថា “បាទ! ដូចខ្ញុំបានបញ្ជាក់នៅក្នុងហ្វេសប៊ុក របស់ខ្ញុំហើយ គឺថាលក្ខខណ្ឌនៃការចរចា គឺមិនមានការលំបាកទេ សម្រាប់កម្ពុជាយើង គឺឲ្យតែខាងភាគីថៃ ណែនាំឲ្យទាហានរបស់ខ្លួន ដកកុងតឺន័រ ដកលួសបន្លា ចេញពីទឹកដីដែលជាអធិបតេយ្យនៃប្រទេសកម្ពុជា ឲ្យអស់ទៅ ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ដែលផ្ទះរបស់ពួកគេ ត្រូវបានបំផ្លាញ ហើយដីស្រែចម្ការរបស់ពួកគេ ត្រូវបានហ៊ុមព័ទ្ធហ្នឹង អាចវិលត្រលប់ទៅលំនៅឋាន និងស្រែចម្ការរបស់ពួកគេវិញបាន ដោយសេចក្ដីថ្លៃថ្នូរ ។ អាហ្នឹងគឺជាលក្ខខណ្ឌសំខាន់ និងជាមូលដ្ឋានសម្រាប់ការចរចា រវាងប្រទេសទាំងពីរ ។ ចំណុចទី២ ខ្ញុំគិតថា ការវិលត្រលប់ទៅរកស្ថានភាពមុនខែឧសភា ឆ្នាំ២០២៥ គឺជាលក្ខខណ្ឌចាំបាច់ ដែលប្រទេសទាំងពីរ គួរតែធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ហើយចំណុចសំខាន់បំផុតចុងក្រោយ គឺសុំឲ្យភាគីថៃ ត្រូវចេះគោរពនូវកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ក៏ដូចជាអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ ដូចយើងបានដឹងហើយថា ក្រោយពីបទឈប់បាញ់ ចូលជាធរមាន តាំងពីបទឈប់បាញ់ លើកទី១ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្ដីប្រកាសកូឡាឡាំពួរ ឬយើងនិងកាត់ថា កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរកម្ពុជា-ថៃ និងមានវត្តមានចុះហត្ថលេខាដោយលោកដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ផង និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចុងក្រោយ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺទាំង អស់ហ្នឹង ជាក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរ បានចុះហត្ថលេខា សុំឲ្យប្រទេសថៃ គោរពដោយស្មោះត្រង់ ដោយសុចរិត និងមានការប្ដេជ្ញាចិត្តខ្ពស់ទៅ បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ គឺមិនលំបាកដោះ ស្រាយទេ“ ។

លោកបណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា “ខ្ញុំគិតថា មិនលំបាកទេ ដោយសារអី? ដោយសារព្រំដែនកម្ពុជា និងថៃ គឺជាព្រំដែនអន្តរជាតិ រួចស្រេចទៅហើយ ហើយព្រំដែននេះ គឺមានកំណត់នៅក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងមានពិធីសារកំណត់ហេតុនៃការបោះ បង្គោល ក៏ដូចជាផែនទីឧបសម្ព័ន្ធ១ នៃសន្ធិសញ្ញាបារាំង-សៀម ដែលជាមូលដ្ឋានគតិយុត្ត ដ៏មានសារសំខាន់ និងទទួលស្គាល់ជាអន្តរជាតិ ដើម្បីកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរហ្នឹង ។ ទន្ទឹមនឹងហ្នឹង គឺយើងមានសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ គឺសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ហើយសាលដីកានោះ គឺផ្អែកទៅលើអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផ្អែកទៅលើផែនទីដែលបោះពុម្ព ដែលគូសដោយគណៈ កម្មការចម្រុះឥណ្ឌូចិន-បារាំង ជាមួយនឹងសៀម ហ្នឹង ។ ដូច្នេះគឺប្រទេសថៃ មិនអាចប្រើប្រាស់ផែនទីជាឯក តោភាគី ហើយមកទាមទារទឹកដីដែលផ្ទុយពីផែនទីដែលទទួលស្គាល់ជាអន្តរជាតិ ហើយប្រទេសទាំងពីរ បានទទួលស្គាល់ដូចគ្នាដែរ ហើយយើងមានការបកស្រាយសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ នៅឆ្នាំ២០១៣ ទៀត ។ អ៊ីចឹងខ្ញុំគិតថា មូលដ្ឋានគតិយុត្តរឹងមាំហើយ ប្រទេសថៃ គួរតែវិលទៅរកមូលដ្ឋានគតិយុត្តទាំងអស់នោះ ហើយធ្វើការប្រកបដោយមិត្តភាព សុចរិតភាព មានការប្ដេជ្ញាចិត្តខ្ពស់ជាមួយកម្ពុជា ទៅ ដើម្បីយើងធានាថា ការបោះបង្គោលព្រំដែន នឹងនាំឲ្យមានភាពត្រឹមត្រូវ មានន័យថា ព្រំដែនមួយ ដែលមានភាពត្រឹមត្រូវ ប្រ កបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលធានាបាននូវផលប្រយោជន៍យូរអង្វែង សុខដុមរមនា និងសន្តិភាពសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ“ ។

ស្របគ្នានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជ បណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា ជាការយល់ឃើញផ្ទាល់ខ្លួនរបស់លោក ស្ថានការណ៍សព្វថ្ងៃនេះ បើបើកព្រំដែនឡើងវិញ គ្រាន់តែបម្រើឲ្យសេណារីយ៉ូសេដ្ឋកិច្ចរបស់ថៃ ប៉ុណ្ណោះ អត់មានបានអីមកខ្មែរយើងទេ គឺខ្មែរយើង នៅតែមិនទាន់មានអីនាំចូល ឯទំនិញថៃ បើបើកទៅ នឹងហូរដូចទឹកបាក់ទំនប់មកទៀត ហើយមិនដឹងថាជាទំនិញមានសុវត្ថិភាពឬអត់? ដូច្នេះអ្វីដែលថៃ រំលោភបំពានយកពីកម្ពុជា ត្រូវតែសងមកវិញទាំងអស់ បើសិនជាមិនសងទេ ព្រំដែន គឺមិនអាចបើកបានទេ ។

 លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍ថា “បាទ! ជាការពិត ប្រទេសក្បែរខាងគ្នានេះ វាមិនអាចចៀសផុតពីការប៉ះទង្គិចគ្នាទេ ហើយការប៉ះទង្គិចគ្នា រហូតដល់ផ្ទុះសង្រ្គាមជាមួយគ្នាក៏ដោយ ក៏មិនអាចធ្វើ សង្រ្គាម ឬក៏ធ្វើសត្រូវជាមួយគ្នាមួយជីវិតទេ តែយ៉ាងណាក៏ដោយ បើសិនជាមានការចរចា ចង់ឲ្យបើកច្រកព្រំដែនវិញ កន្លងមក លក្ខខណ្ឌរបស់កម្ពុជា ពិតជាអត់ពិបាកទេ គឺកន្លងមក ដែលមិនទាន់ផ្ទុះសង្រ្គាមអីធំដុំនោះ កាលនោះ រដ្ឋាភិបាលកម្ពុជា ថាថៃ ជាអ្នកបិទដោយឯកតោភាគី អ៊ីចឹងបើថៃ ចង់បើកវិញ ថៃ បើកខ្លួនឯងទៅ មិនបាច់ចរចាទេ បើកទៅ គឺខ្មែរ នឹងបើកតាមក្រោយ ប្រមាណ ៥ម៉ោងអីអ៊ីចឹង អាហ្នឹងលក្ខខណ្ឌចាស់ ។ ប៉ុន្តែសម្រាប់លក្ខខណ្ឌថ្មីនេះ ខ្ញុំក៏មិនទាន់ឃើញជំហររបស់រដ្ឋាភិបាល យ៉ាងណាដែរ ប៉ុន្តែជាយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំទេ គិតថា គឺត្រូវធ្វើរឿងមួយចំនួន ។ ទី១ គឺត្រូវតែមានសុច្ឆន្ទៈពិតប្រាកដថា ចង់បញ្ចប់ជម្លោះ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ។ ទី២ ត្រូវដកកងទ័ពចេញឲ្យអស់ពីតំបន់ជម្លោះ គាត់ត្រូវដកកុងតឺន័រ លួសបន្លា ឬក៏អ្វីៗដែលគាត់ធ្វើមកលើដែនអធិបតេយ្យកម្ពុជា ហ្នឹងគឺថាត្រូវតែរើរុះចេញទៅវិញ ។ បើសិនជាមិនអ៊ីចឹងទេ គឺគ្មានប្រយោជន៍អីនឹងបើកព្រំដែនទេ ពីព្រោះថៃ គេយកបានដី គេមកដាក់កុងតឺន័រ គេយកបានប្រាសាទ គេយកបានទីតាំងមែន ប៉ុន្តែស្អីដែលគេខាត គឺអត់ទីផ្សារលក់ ។ អ៊ីចឹងបើយើងបើក វាបម្រើសេដ្ឋកិច្ចឲ្យបច្ចាមិត្តហ្នឹង យើងអត់មានបានស្អីមួយចម្រៀកទេ“ ។

លោកបណ្ឌិត ឈត ប៊ុនថង បានមានប្រសាសន៍បន្តថា “អ៊ីចឹងទោះបីថា កម្ពុជា ក៏អាចប៉ះពាល់មួយចំនួន ដោយសារការបិទព្រំដែន ក៏ប៉ុន្តែរឿងនេះ វាធ្ងន់ធ្ងរណាស់ យើងអត់អាចយករឿងសេដ្ឋកិច្ចតិចតួចហ្នឹង មកដោះដូរជាមួយទឹកដី ដោះដូរជាមួយនឹងអធិបតេយ្យរបស់យើងទេ យើងត្រូវតែពិនិត្យឲ្យបានហ្មត់ចត់ ។ ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំទេ ព្រោះស្ថានការណ៍សព្វថ្ងៃនេះ យើងបើកទៅ គ្រាន់តែបម្រើឲ្យសេណារីយ៉ូ សេដ្ឋកិច្ចរបស់ថៃ ទេ អត់មានបានអីមកខ្មែរយើងទេ ខ្មែរយើង នៅតែមិនទាន់មានអីនាំចូល បើកទៅ ទំនិញថៃ នឹងហូរដូចទឹកបាក់ទំនប់មកទៀតហើយ ហើយយើងអត់ដឹងថា ទំនិញហ្នឹងវាមានសុវត្ថិភាពឬអត់ ដូចកន្លងមកហ្នឹង ។ អ៊ីចឹងត្រូវតែមានស្អីច្បាស់លាស់ ធ្វើអីឲ្យច្បាស់លាស់ អ្វីដែលថៃ រំលោភបំពានយកពីកម្ពុជា ត្រូវតែសងមកវិញទាំងអស់ បើសិនជាមិនសងទេ ព្រំដែន គឺមិនអាចបើកបានទេ អានេះជាយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ“ ។

 ជាមួយគ្នានោះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដែរថា ច្រកព្រំដែនគោក រវាងកម្ពុជា និងថៃ គង់តែនឹងបើកវិញ នៅថ្ងៃណា មួយ ព្រោះជាប្រទេសក្បែរខាងគ្នា មានព្រំដែនគោក ចម្ងាយជាង ៨០០គីឡូម៉ែត្រ ។ ដូច្នេះប្រទេសទាំងពីរ ត្រូវតែមានការជួញដូរគ្នា ពាណិជ្ជកម្មឆ្លងដែន ប្រជាពលរដ្ឋត្រូវឆ្លងទៅឆ្លងមកទាំងសងខាង ប៉ុន្តែលក្ខខណ្ឌដែលថៃ ត្រូវធ្វើនៅពេលនេះ គឺត្រូវដកទូកុងតឺន័រ លួសបន្លា និងកងទ័ពចេញពីទឹកដីកម្ពុជា ជំរុញឲ្យមានកិច្ច ប្រជុំ GBC និង JBC ជាប្រក្រតីឡើងវិញ ដើម្បីស្វែងរកនូវវឌ្ឍនភាពនៃព្រំដែនទាំងពីរប្រទេស ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “មួយរយៈថ្មីៗនេះ គឺមានការលើកឡើងអំពីការបើកច្រកព្រំដែនគោក រវាងថៃ និងកម្ពុជា ដែលជាការផ្ដួចផ្ដើមស្នើឡើងដោយភាគីថៃ ប៉ុន្តែក្រោយមក ថៃ ក៏បានក្រឡាស់ពាក្យ វិញយ៉ាងដូច្នេះដែរ ក៏ប៉ុន្តែទោះយ៉ាងណា ច្រកព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនគោកនេះ នឹងបើកនៅថ្ងៃណាមួយ ពីព្រោះយើងជាប្រទេសក្បែរខាងគ្នា មានព្រំដែនគោក ជាង ៨០០គីឡូម៉ែត្រ ។ ដូច្នេះប្រទេសទាំងពីរ ត្រូវតែមាន ការជួញដូរ ជួញព្រែគ្នា ពាណិជ្ជកម្មឆ្លងដែន ប្រជាពលរដ្ឋត្រូវឆ្លងទៅឆ្លងមកទាំងសងខាង បំពេញមុខរបរការ ងារ ពីព្រោះនៅជាប់ក្បែរខាងគ្នា តែទោះយ៉ាងណា ដើម្បីបើកបាន គឺជាទស្សនៈរបស់ខ្ញុំ ទី១ គឺភាគីថៃ ត្រូវ តែដកទ័ពចេញពីតំបន់ដែលកាន់កាប់ទឹកដីកម្ពុជា ខុសច្បាប់ ក្នុងខណៈសង្រ្គាមទាំងពីរលើក ដកទូកុងតឺន័រ និងលួសបន្លា ចេញពីទឹកដីកម្ពុជា ដែលផ្អែកទៅលើផែនទីបារាំង-សៀម ជំរុញចាប់ផ្ដើមឲ្យក្រុមការងារបច្ចេកទេសវាស់វែង ទាំងពីរប្រទេស វាស់វែងកិច្ចការព្រំដែន ធ្វើការវាស់វែងបន្ត និងធ្វើកិច្ចការបន្តរបស់ខ្លួនទាំងសងខាងឡើងវិញ ជំរុញឲ្យមានកិច្ចប្រជុំ GBC និង JBC ជាប្រក្រតីឡើងវិញ ដើម្បីស្វែងរកនូវវឌ្ឍនភាពនៃព្រំដែនទាំងពីរប្រទេស រវាងគ្នាឡើងវិញ អានេះខ្ញុំយល់ឃើញដូច្នេះ“ ។

របញ្ជាក់ថា ការបើកព្រំដែនឡើងវិញ រវាងកម្ពុជា-ថៃ មិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយទេ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ នេះ ដោយសារភាគីទាំងពីរ នៅមានភាពចម្រូងចម្រាស និងលក្ខខណ្ឌតម្រូវផ្សេងៗគ្នា ។ ជាបច្ចុប្បន្នភាព និងចំណុចសំខាន់ៗជុំវិញការបើកព្រំដែន គឺគោលជំហររបស់ភាគីថៃ ដែលជាអ្នកបិទច្រកព្រំដែនជាឯកតោភាគី កន្លងមក បានបង្ហាញបំណងចង់បើកច្រកព្រំដែនឡើងវិញ នៅតំបន់មួយចំនួន រួមទាំងច្រកព្រំដែន ក្បែរតំបន់ប្រាសាទព្រះវិហារ ដើម្បីស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ ។ ប៉ុន្តែរាជរដ្ឋា ភិបាលកម្ពុជា បានដាក់លក្ខខណ្ឌយ៉ាងម៉ឺងម៉ាត់ ដោយទាមទារឱ្យថៃ បើកច្រកព្រំដែនទាំងអស់ឡើងវិញ ដូច សភាពដើមជាមុនសិន មុននឹងឈានដល់ការចរចា ឬពិភាក្សាលើបញ្ហាផ្សេងៗ ។ ចំណែកជាការអន្តរាគមន៍ពីភាគីទី៣ សភាពាណិជ្ជកម្ម និងអង្គទូតជប៉ុន ប្រចាំនៅកម្ពុជា បានស្នើសុំឱ្យប្រទេសទាំងពីរ ពិចារណាបើកច្រកព្រំដែនឡើងវិញ យ៉ាងឆាប់រហ័ស ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងវិនិយោគ ៕ កុលបុត្រ

RELATED ARTICLES