តារាចម្រៀងវ័យក្មេង កញ្ញាអ៊ុង នីនិច្ច អតីតបេក្ខភាពកម្មវិធីកំពូលតារាចម្រៀងរបស់ PNN នៅមិនទាន់មានផលិតកម្មជ្រកទេ ដោយរក្សាគោលការណ៍ជាអ្នកចម្រៀងឯករាជ្យ ធ្វើបទចម្រៀងដោយខ្លួនឯងចេញនៅតាមផេកផ្ទាល់ខ្លួន និងតាមយូធូបជាច្រើនបទមកហើយ។

យ៉ាងណា កញ្ញានីនិច្ច អះអាងថា នាងមិនមែនរក្សាគោលការណ៍មិនចូលផលិតកម្មណារហូតនោះទេ គឺធ្វើទៅតាមពេលវេលា បើមានផលិតកម្មណាគេមានលក្ខខណ្ឌល្អ នាងនឹងពិចារណាចូលច្រៀងនៅពេលដែលមានពេលវេលាសមស្របមកដល់។

អ៊ុង នីនិច្ច វាចាថា “ខ្ញុំនៅមិនទាន់មានផលិតកម្មណាច្រៀងទេ គឺបទចម្រៀងដែលខ្ញុំយកឡើងឆាកកន្លងមក ភាគច្រើនជាបទខ្លួនឯងដែលចំណាយលុយធ្វើដោយខ្លួនឯង។ និយាយទៅ កន្លងមកខ្ញុំចង់ធ្វើជាអ្នកចម្រៀងឯករាជ្យ ទើបមិនចង់ចូលផលិតកម្មណាហ្នឹង! តែឥឡូវមិនមែនថាយើងមិនចូលផលិតកម្មណារហូតនោះទេ គឺយើងធ្វើទៅតាមពេលវេលា បើផលិតកម្មណាគេមានលក្ខខណ្ឌល្អ ខ្ញុំនឹងចូល”។

ក្រៅពីតារាចម្រៀងនៅតាមបណ្តាឆាកតន្ត្រី និងជាតារាចម្រៀងប្រចាំនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃការិយាល័យសិល្បៈសម័យ រយៈពេល២ឆ្នាំមកហើយនោះ អ៊ុង នីនិច្ច ក៏ជាកីឡាករតៃក្វាន់ដូម្នាក់ដែលធ្លាប់ចូលរួមប្រកួតថ្នាក់ជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីឆ្នាំ២០១៨ ដោយទទួលបានពានដល់ទៅ៣ទៀតផង ក្នុងនោះមានពានមេដាយសម្រិត, ប្រាក់ និងមាស។

ឆ្លើយតបសំណួរថា តើរវាងអាជីពជាតារាចម្រៀងនិងកីឡាតៃក្វាន់ដូ តើកញ្ញានីនិច្ច ស្រលាញ់មួយណាជាងនោះ? ស្រីស្រស់រូបនេះថ្លែងថា នាងស្រលាញ់ទាំង២តែម្តង។

តារាវ័យក្មេង រូបនេះអះអាងថា“អាជីពចម្រៀងវាជាបំណងដែលខ្ញុំស្រលាញ់តាំងពីតូចៗម៉្លេះ។ ឥឡូវខ្ញុំជាតារាចម្រៀងប្រចាំនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃការិយាល័យសិល្បៈ ហើយខ្ញុំច្រៀងបទថ្នាក់ជាតិបានមួយចំនួនហើយ។ ខ្ញុំពេញចិត្តខ្លាំងណាស់ចំពោះតួនាទីនេះ ជាអ្នកចម្រៀងនៅទីនោះ។ ដោយឡែក តៃក្វាន់ដូវិញខ្ញុំក៏ស្រលាញ់ខ្លាំងដែរ ព្រោះវាធ្វើឱ្យយើងមានសុខភាពល្អ និងហាត់ទៅស្រកគីឡូតាមដែលយើងចង់បាន។ ខ្ញុំនឹងបន្តទាំងអាជីពចម្រៀងនិងតៃក្វាន់ដូតទៅទៀត ព្រមគ្នាតែម្តង”។

ដោយឡែក ទាក់ទងរឿងគូស្នេហ៍វិញ កញ្ញានីនិច្ច អាយុ២៤ឆ្នាំ អះអាងថា នាងមិនទាន់មានម្ចាស់បេះដូងទេ ខណៈដែលកន្លងមកគេឃើញឪពុកម្តាយតាមការពារនាងជាប់គ្រប់ពេល៕
