តារាស្រអែមស្រស់ឆុំ វត្តី ដែលជាតួអង្គ “ហ្លួងព្រះស្តេចកន”នោះ ស្រាប់តែក្លាយទៅជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម B&S ដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលនាងមានសិទ្ធិមើលការខុសត្រូវនិងជ្រើសរើសតួសម្តែងរបស់ផលិតកម្មនេះផងដែរ។

ឆុំ វត្តី ទទួលស្គាល់ថា ដំណឹងនេះគឺជាការពិត ហើយចាប់ពីពេលនេះតទៅ គឺនាងថតរឿងតែមួយៗទេ ដោយផ្តោតពេលវេលាមើលការរៀបចំនិងថតរឿងរបស់ផលិតកម្ម B&S បន្ទាប់ពីនាងបានក្លាយជាអ្នកចាត់ការទូទៅរបស់ផលិតកម្មមួយនេះ។

តារាខ្ពស់ស្រឡះរូបនេះ អះអាងថា “ខ្ញុំពិតជារីករាយចំពោះតួនាទីមួយនេះ ហើយខ្ញុំនឹងប្រឹងបំពេញវាឱ្យបានល្អតាមរយៈការចុះទៅផ្ទាល់តាមការថតរឿង។ ពេលនេះខ្ញុំកំពុងថតរឿងមួយឱ្យទូរទស្សន៍ CTN ហើយខ្ញុំអាចថតរឿងមួយៗទេ ដើម្បីយកពេលវេលាធ្វើការនៅផលិតកម្មមួយនេះឱ្យបានល្អ”។

ការបានតំណែងធំរបស់ស្រីស្រស់ឆុំ វត្តី នៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះតែលោកប៊ុន ស៊ា ចាងហ្វាងផលិតកម្ម B&S ត្រូវជាអនាគតឪក្មេករបស់វត្តី ព្រោះសង្សារតារាសម្តែងរូបនេះ លោករិទ្ធ ហួររក្សា កូនថៅកែផលិតកម្មនេះគ្រោងដឹកដៃវត្តី ចូលរោងការនៅឆ្នាំ២០១៩នេះ ប៉ុន្តែពេលនេះបានផ្លាស់ប្តូរចិត្តលើកពេលទៅរៀបការនៅឆ្នាំ២០២០ វិញ។

ឆុំ វត្តី អះអាងថា ទោះជាពេលនេះនាងនិងសង្សារមិនបានភ្ជាប់ពាក្យជាមួយគ្នាមែន ប៉ុន្តែច្បាស់ណាស់គឺនឹងរៀបការនៅឆ្នាំក្រោយនេះហើយ បន្ទាប់ពីស្វែងយល់ចិត្តគ្នាជាង២ឆ្នាំមក។

ឆុំ វត្តី បន្ថែមថា “ខ្ញុំនិងសង្សារនឹងរៀបការនៅឆ្នាំក្រោយ (២០២០)ហ្នឹង។ ពួកយើងមិនបានភ្ជាប់ពាក្យទេ ប៉ុន្តែចាស់ទុំទាំងសងខាងដឹងឮអស់ហើយ។ និយាយទៅ ចាស់ៗបាននិយាយគ្នាហើយ គឺយើងនឹងរៀបការតាមការកំណត់នៅឆ្នាំក្រោយហ្នឹង ដោយសារពេលាដេញទៅល្អនៅឆ្នាំហ្នុង”៕

