ភ្នំពេញ ៖ ហ្វា ហ្វា ក៏ដូចជាពិធីករផ្សេងទៀតរបស់ PNN ដែរបានបង្ហាញការសោកស្ដាយចំពោះការផ្អាកដំណើរការ របស់ទូរទស្សន៍មួយនេះ តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ។ ហ្វា ហ្វា ថានាងមានថ្ងៃនេះ ដោយសារតែគ្រប់ផ្នែកទាំងអស់នៃ PNN បានជួយនាងឲ្យបានរីកចម្រើន ។ ប៉ុន្ដែហ្វា ហ្វា ក៏ដូចលោក ប៉ែន ចំរ៉ុង និងពិធីករមួយចំនួនទៀត មិនទាន់បង្ហាញសញ្ញាទៅរកទ្រនំថ្មីណាទេ បើទោះជាអ្នកស្រី ធីតា ដែលធ្លាប់មានតួនាទីសំខាន់នៅ PNN បង្ហើបថា កំពុងពិចារណាសំណើការងារ ដែលមានស្នាក់ការនៅក្រៅស្រុកក៏ដោយ ។

គួរបញ្ជាក់ថា ហ្វា ហ្វា ហៅស្រីយី ដែលមានឈ្មោះពិត គៀត បេឡា បានវិវឌ្ឍខ្លួន ពីតារាសម្ដែងសិចស៊ីម្នាក់ ទៅជាពិធីការិនី នៅ PNN កាន់កម្មវិធី Rapper Fighter នៅរដូវកាលទី១ និងទី២ ហើយអ្វីដែលធ្វើឲ្យទស្ស និកជនចាប់អារម្មណ៍នោះ មិនមែននៅលើបច្ចេកទេសការធ្វើអត្ថាធិប្បាយនាងល្អជាងគេទេ ប៉ុន្ដែការតុបតែងខ្លួន ស្លៀកពាក់របស់នាង ប្លែកៗសឹងតែគេតាមមិនទាន់។ ស្រីយី ក៏ត្រូវបានថ្នាក់ដឹកនាំ ឲ្យតំណែងជា MC កម្មវិធី Premium Idol Tour Concert របស់ស្រាបៀរ Ganzberg ដែលផ្សាយនៅលើ PNN ផងដែរ ប៉ុន្ដែពេលនេះ ស្រាប់តែនាងបាត់បង់តំណែងធំ ទាំងពីរ ព្រមគ្នាតែម្ដង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ហ្វា ហ្វា នៅឆ្នាំ២០២៦ នេះ ក៏មិនខុសពីឆ្នាំ២០២៥ ដែរ គឺនាងកាន់តែលេងខ្លួនសិចស៊ី ប្លែកពី១ថ្ងៃទៅ១ថ្ងៃ រហូតមានពេលខ្លះ ស្លៀក ឈុតប៊ីគីនី មិនចាញ់តារាអឺរ៉ុបឡើយ ។ ប៉ុន្ដែសកម្មភាពនៃការស្លៀកពាក់របស់នាង គឺទៅតាមពេលវេលា ពោ លគឺសិចស៊ីភាគច្រើន ទាក់ទងការផ្សព្វផ្សាយផលិតផលឲ្យគេ ព្រោះបើស្លៀកក្បិន គ្មានគេចាប់អារម្មណ៍ អ៊ីចឹងត្រូវតែហ៊ានបង្ហាញរបស់ល្អដែលខ្លួនមានខ្លះ ឲ្យគេឃើញ ហើយនៅកម្មវវិធីណាតម្រូវឲ្យនាងស្លៀកឈុតប្រពៃ ណី បែរជាស្រីយី សុភាពលើសគេលើសឯងទៅវិញ ។ ប៉ុន្ដែអ្វីដែលហ្វា ហ្វា ក្ដៅចិត្តនោះ គឺនៅពេលដែលនាងស្លៀកឈុតបុរាណ ក៏មានគេរិះគន់ស្លៀកឈុតសិចស៊ី ក៏មានគេជេរ ដែលបញ្ហានេះហើយ ធ្វើឲ្យនាងទាល់ច្រក គ្មានវាចាថ្លែងឡើយ ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា ហ្វា ហ្វា ពេលបាត់បង់តំណែងអស់នៅ PNN នេះនាងអាចនឹងពិចារណាក្នុងការលេងរឿងសិចស៊ី ស្នេហារោលរាលម្ដងទៀត ដើម្បីពង្រឹងទីផ្សារសិល្បៈរបស់ខ្លួន ឲ្យមានលំនឹង ទប់ ស្កាត់ធ្លាក់ចុះ ពិបាកស្ដារមុខ។ ប្រភពថា បើហ្វា ហ្វា លែងចេញមុខធ្វើ MC ហើយភាពយន្ដ ក៏លែងថត នោះជាបញ្ហាធំ ហើយឆ្នាំនេះ នាងមានអាយុ៣០ឆ្នាំ មិនទាន់ហួសពេលក្នុងការលេងឈុតក្ដៅសាច់ទេ ព្រោះសម្រស់នៅតែគួរឲ្យក្នាញ់ ។ ប៉ុន្ដែបញ្ហានៅត្រង់ថា តើស្រីយី ហ៊ានប្រថុយលើកទីពីរឬអត់ ព្រោះកាលពីឆ្នាំ២០២២ បានរងការិះគន់ដូចទឹកបាក់ទំនប់ ព្រោះតែហ៊ានលេងរឿងក្ដៅសាច់ 18+ «ស្នេហាល្ងង់+ល្ងង់» ដោយបណ្ដោយឲ្យតួប្រុស ឡៅ បញ្ញា ឱបថើបវក់វី សឹងតែគ្មានសល់កន្លែងណា រហូតធ្វើឲ្យសង្សារទីពីរ ជាទាហានអាមេរិក ប្រ កាសផ្ដាច់ស្នេហានាងកណ្ដាលទី។ តាំងពីពេលនោះមក ហ្វា ហ្វា រារែកចិត្តក្នុងការលេងរឿងឈុតសាហាវៗ ទៀត ហើយនាងផ្ដោតតែលើការពង្រឹងលើអាជីពMC ជាងសម្ដែង ប៉ុន្ដែអាជីពថ្មី ធ្វើឲ្យនាងមិនអាចរក្សារលំនឹងបានទេ ទើបនាងខកចិត្តផង ស្ដាយផង។

ប្រភពថា ទោះជាការលេងខ្លួនរបស់ហ្វា ហ្វា ពេលខ្លះរាងស្ទាវបន្ដិចមែន ប៉ុន្ដែនាងជាតារាស្រលាញ់ក្រុមគ្រួសារណាស់ ព្រោះកាលពីដើមខែមីនា ឆ្នាំ២០២៥ នាងបានចំណាយលុយដែលសន្សំបានពីធ្វើការងារសិល្បៈ សង់ផ្ទះវីឡា ជូនឪពុកម្ដាយ នាងនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ។ ហ្វា ហ្វា ធ្លាប់ប្រាប់ថា នាងប្រឹងសន្សំលុយ ៤ទៅ៥ឆ្នាំ ទើបមានលទ្ធភាពធ្វើផ្ទះជូនអ្នកមានគុណ ។ គេជឿថា ការបាត់បង់តំណែង MC ឬប្រាក់ចំណូល ១ច្រក របស់ហ្វាហ្វា ពេលនេះ មិនរាំងស្ទះដល់ដំណើរការសង់ផ្ទះជូនឪពុកម្ដាយរបស់នាងឡើយ៕

