ឱក សុគន្ធកញ្ញា និងមាស សុខសោភា ត្រូវបានគេចាត់ទុកជាគូប្រជែងក្នុងអាជីពចម្រៀងដ៏ស្វិតស្វាញជាច្រើន10ឆ្នាំមកហើយ ដែលពួកគេច្រើនតែបុកបទចម្រៀងតទល់គ្នាមិនឱ្យចាញ់គ្នាជាដាច់ខាត។ ប៉ុន្តែបើនិយាយរឿងស្នេហាវិញ តារាទាំង2មិនដូចគ្នាឡើយ។

សុគន្ធកញ្ញា ហ៊ានរៀបការជាមួយលោកអ៊ឹង សុខលី យ៉ាងចំហកាលពីថ្ងៃទី16 ខែឧសភា ឆ្នាំ2019 ចំណែកសោភាវិញ គ្រោងដឹកដៃប្តីរៀបការកាលពីឆ្នាំ2009 តែបែរជាលុបចោលវិញយ៉ាងទាន់ហន់ដោយបង្វិលទៅធ្វើពិធីជប់លៀងនៅក្រុងព្រះសីហនុទៅវិញ ទើបធ្វើឱ្យចំណងស្នេហារបស់សោភា នៅតែចាញ់ប្រៀបសុគន្ធកញ្ញា រហូតមក។
ដោយឡែកថ្មីៗនេះ ឱក សុគន្ធកញ្ញា បានលោតមួយជំហានទៀតតាមរយៈការពពោះកូនដំបូង ហើយពេលនេះនាងមានគភ៌ 3ខែ ទៅហើយ។

តារាហង្សមាសរូបនេះ ថែមទាំង ថ្លែងសារដោយអះអាងថា នាងនិងស្វាមីកំពុងរង់ចាំមើលមុខកូនយ៉ាងអន្ទះសារទៀតផង ខណៈដែលនៅតាមបណ្តាកម្មវិធីទាំងឡាយ សុគន្ធកញ្ញា ចាប់ផ្តើមស្លៀកពាក់ឈុតធំៗជាស្ត្រីពោះធំ ហើយនាងកាត់បន្ថយស្ទើរតែទាំងស្រុងទៅលើការលេងក្បាច់រាំសាហាវៗ មកជារាំបែបស្លូតៗទៅវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ។

ចំណែកមាស សុខសោភា វិញមិនដូចឱក សុគន្ធកញ្ញា នោះទេ ព្រោះរស់នៅជាមួយស្វាមី លោកអ៊ឹត រ៉ាដា 11ឆ្នាំទៅហើយ តែគ្មានកូន១គ្រាប់ឡើយ ដោយសារតែនាងខ្លាចធ្លាក់កូដនិងប៉ះពាល់ដល់អាជីពចម្រៀង ទើបពេលនេះ សោភា មិនត្រឹមតែមិនហ៊ានរៀបការជាចំហដូចសុគន្ធកញ្ញា ទេ តែនាងក៏កាន់តែមិនហ៊ានពពោះយកកូនថែមទៀតផង។

ឱក សុគន្ធកញ្ញា ត្រូវបានគេចាត់ទុកថា ឆ្នាំ2019នេះជាឆ្នាំដែលនាងមានអ្វីៗគ្រប់យ៉ាងក្នុងដៃដែលតារាផ្សេងៗទៀតពិបាកធ្វើតាមដូច។

សុគន្ធកញ្ញា ជាតារាស្រីជួរមុខគេរបស់ហង្សមាស ហើយនាងជាប្អូនថ្លៃថៅកែ ហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន។ ចំណែកស្វាមីរបស់នាង លោកអ៊ឹង សុខលី វិញ ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ហើយបានផ្តល់តំណែងឱ្យនាងកាន់ជាគណៈកម្មការនិងគ្រូបង្វឹកដល់ទៅ4កម្មវិធីផ្សេងគ្នា គឺ The Voice Cambodia, The Voice Kids Cambodia, Cambodian Idol និង X Factor Cambodia។ គេថា សុគន្ធកញ្ញា ក្តាប់តំណែង4នេះ ទោះជានាងមិនចាំបាច់មានបទថ្មីៗចេញអំឡុងពេលពោះធំនេះ ក៏នាងនៅតែល្បីដែរ។

ចំណែកមាស សុខសោភា វិញ ទោះជានៅតែជាតារាឈានមុខគេរបស់ថោន មែន តែពេលនេះនាងមិនមែនជាតារាចម្រៀងជាប់កុងត្រារបស់ផលិតកម្មមួយនេះឡើយ។ ជាច្រើនឆ្នាំមកហើយដែលមាស សុខសោភា ត្រូវបានហង្សមាស ចាប់អារម្មណ៍និងចង់អូសទាញ នាងឱ្យទៅធ្វើជាសមាជិករបស់ខ្លួន ពិសេសគឺនៅឆ្នាំ2019នេះ សោភា ប្រាប់ថា នាងពិចារណាក្នុងការចូលហង្សមាស ទៀតផង។

ប៉ុន្តែតារាមួយចំនួនបានឱ្យយោបល់សោភា ថា ការទៅហង្សមាស ធ្វើឱ្យនាងកាន់តែចាញ់ប្រៀបសុគន្ធកញ្ញា ព្រោះថៅកែផលិតកម្មនឹងមិនលើកតារាណាជាងប្អូនថ្លៃរបស់គាត់នោះទេ ទើបធ្វើឱ្យពេលនេះ សោភា នៅតែបន្តរារែកចិត្ត ហើយចេញទៅច្រៀងនៅកាណាដា មិនទាន់វិលចូលស្រុកវិញផង ហើយថែមទាំងលែងចង់អើពើរឿងចូលហង្សមាស ទៀតផង៕