អ្នកនាងឡាយ លក្ខិណា បានចេញទៅថតចម្រៀងនិងសម្តែងនៅប្រទេសកាណាដាជាលើកទី២ កាលពីរាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដែលការបាត់ខ្លួនលើកនេះគឺដូចលើកមុនដែរ គឺមានរយៈពេលដល់ទៅ៣ខែឯណោះ ទើបវិលមកស្រុកវិញនៅដើមខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងជំនួបផ្ទាល់មុនឡើងយន្តហោះ អ្នកនាងឡាយ លក្ខិណា បានឱ្យដឹងថា នាងទៅលើកនេះដើម្បីថត MV ឱ្យផលិតកម្មមួយនៅកាដាណា បន្ទាប់ពីបទនោះបានថតជា Audio រួចហើយ។ កាលនាងចេញទៅកាណាដាលើកទី១ អំឡុងខែតុលា ឆ្នាំ២០១៨ ហើយទៅលើកនេះថត២បទថែមទៀត។

តារាសម្តែងនិងចម្រៀងដែលមានសម្រស់នៅតែទ្រលុកទ្រលន់រូបនេះរៀបរាប់ថា “កាលខ្ញុំទៅកាណាដាលើកទី១ បានថតបទហ្នឹងហើយជា Audio អ៊ីចឹងខ្ញុំទៅលើកនេះថត MV ហើយ បទនោះនិយាយអំពីបុរសបរទេសម្នាក់ស្រលាញ់នារីខ្មែរ អ៊ីចឹងគេបានថតទេសភាពក្នុងស្រុកខ្មែរមួយចំនួន ដើម្បីបញ្ចូលជាមួយទេសភាពនៅកាដាណា ហើយបទនេះខ្ញុំច្រៀងបែប HibHop ជាមួយតារាចម្រៀងជនជាតិកាណាដាម្នាក់ ខ្ញុំពិតជាមានអារម្មណ៍ប្លែកមែនទែន ហើយនេះជាលើកទី១ដែលយើងជាខ្មែរបានចូលផលិតកម្ម Sandap Production តែផលិតកម្មនេះកំពុងសម្លឹងមើលតារាខ្មែរផ្សេងៗទៀតដើម្បីចូលរួមជាមួយផលិតកម្មនេះដែរ។ ក្រៅពីថត MV នោះ ខ្ញុំក៏ថតជា Audio ២បទថែមទៀតដែរដែលជាបទញាក់បែបអឺរ៉ុប”។

អ្នកនាងឡាយ លក្ខិណា បានឱ្យដឹងដែរថា មុនចេញទៅកាណាដានេះ អ្នកនាងបានថតភាពយន្តភាគចប់២រឿងដែរ គឺរឿង “កូនប្រសាអ្នកមាន” និងរឿង“ទេពធីតានិស្ស័យ” ខណៈដែលផលិតកម្មរស្មីហង្សមាស បានហៅឱ្យថតមួយរឿងទៀត តែដោយសារខ្លាចមិនអាចថតចប់ ព្រោះត្រូវចេញទៅកាណាដានេះ ទើបនាងមិនហ៊ានទទួល។

ដោយឡែក សម្រាប់ការចេញទៅកាណាដ លើកនេះ អ្នកនាងមិនមែនទៅតែថតចម្រៀងនោះទេ គឺទៅច្រៀងសម្តែងជាច្រើន Show ផងដែរ នៅខែតុលា ខាងមុខនេះ ហើយតាមគម្រោងនាងនឹងវិលមកស្រុកខ្មែរវិញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ឆ្លើយតបសំណួរថា តើអ្នកនាងឡាយ លក្ខិណា ចេញទៅកាណាដាលើកទី១ មានបានជួបម្ចាស់ចិត្តថ្មីនៅទីនោះ ហើយចង់រស់នៅកាដាណា ដែរឬអត់នោះ?

លក្ខិណា និយាយលាយឡំសំណើចថា“កាណាដា មានទេសភាពស្អាត មនុស្សល្អច្រើន ហើយច្បាប់របស់ប្រទេសគេក៏ល្អ។ ប៉ុន្តែខ្ញុំគ្រាន់តែចង់ទៅសម្តែងហើយវិលមកវិញតាមកាលកំណត់អត់ទាន់ចង់ទៅរស់នៅរហូតទេ។ រឿងមានអ្នកស្រលាញ់គឺចេះតែមានហើយ មិនអត់ទេ តែយើងអាចនិយាយបានថា ស្ថិតក្នុងតំណាក់កាលមើលចិត្តគ្នាសិន មិនទាន់ចូលលក្ខណៈពិសេសត្រូវរៀបការជាមួយគ្នាអីទេ”។

ឡាយ លក្ខិណា ដែលរស់នៅជាស្ត្រីមេម៉ាយបានដកខ្លួនចេញពីអាជីពសិល្បៈរយៈពេល១១ឆ្នាំ ដោយងាកទៅបើកហាងលក់សម្លៀកបំពាក់នៅផ្សារអូរឫស្សី និងនៅផ្ទះក្បែរផ្សារ Tk។

ប៉ុន្តែនៅឆ្នាំ២០១៦ អ្នកនាងលក្ខិណា បានវិលមករកអាជីពចាស់ឡើងវិញដោយចេញច្រៀងនិងថតកុនដូចវិញ ព្រមទាំងទៅច្រៀងនៅក្រៅស្រុកទៀតផង។ ដោយឡែកការទៅច្រៀងសម្តែងនៅកាណាដា ៣ខែនេះ អ្នកនាងលក្ខិណា ថា មានខាង Sponsor នៅបារាំងទាក់ទងមកដែរ ប៉ុន្តែនាងបានជ្រើសយកកាណាដាវិញ ព្រោះផលិតកម្មនោះមានផែនការច្បាស់លាស់ក្នុងការធ្វើបទចម្រៀងឱ្យនាង ដោយរយៈពេលកន្លះឆ្នាំឬ១ឆ្នាំ អ្នកនាងត្រូវទៅថតបទចម្រៀង រួមទាំងការសម្តែងម្តង៕