សុគន្ធ និសា (ប៊ុន សុគន្ធា) បើទោះជាបានស្វាមីជាអ្នកជំនួញធំដែលមានទ្រព្យស្តុកមែន ប៉ុន្តែនាងខុសពីតារាមួយចំនួនដែលមានប្តីអ្នកមានដេកចាយលុយ ព្រោះពេលនេះ និសា នៅតែបន្តអាជីពចម្រៀងដូចមុនវិញ ហើយនាងព្យាយាមពង្រីកមុខជំនួញបន្ថែមទៀតផង។
ដោយឡែក លោកសាំបា វិញ ក៏បានទុកចិត្តនិសា ខ្លាំងដែរ ដោយអនុញ្ញាតឱ្យនាងចេញច្រៀងតាមកម្មវិធីអ្នកធំៗដោយគ្មានកង្វល់ បើទោះជានៅតែលេចឮថា មន្ត្រីធំនៅតែតាមចែចង់តារាតូចច្រឡឹងនេះក្តី…។

សុគន្ធ និសា បង្ហាញខ្លួនតាមបណ្តាឆាកតន្ត្រីនានា ដោយគ្មានប្តីរបស់នាងលោកចៅ សម្បត្តិ តាមការពារឬជូនដំណើរដូចប្តីប្រពន្ធតារាផ្សេងទៀតឡើយ ហើយសូម្បីតែនិសា ទៅច្រៀងតាមកម្មវិធីអ្នកធំៗក៏លោកសាំបា មិនទៅតាមភរិយាដែរ។
អ្នកសិល្បៈជាច្រើនបានសរសើរសុគន្ធ និសា ថា នាងមានសំណាងបានប្តីចេះយល់ចិត្តស្រលាញ់និងទុកចិត្តលើនាងខ្លាំង ហើយថែមទាំងមិនហួងហែងដល់អាជីពសិល្បៈរបស់នាងទៀតផង។
ប៉ុន្តែសុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មុនរៀបការស្វាមីនាងក៏ធ្លាប់ចង់ឱ្យនាងឈប់ពីអាជីពចម្រៀងដាច់ដែរ។ ប៉ុន្តែដោយសារនាងនិយាយហេតុផលថា នាងស្រលាញ់និងតស៊ូជាមួយអាជីពមួយនេះជាង១០ឆ្នាំមកហើយ មិនអាចឈប់បានទេ ទើបស្វាមីរបស់នាងយល់ព្រមតាមសំណើនិងអនុញ្ញាតឱ្យនាងលេងសិល្បៈតទៅទៀត ហើយចិត្តរបស់នាងគឺចង់ច្រៀងរហូតទាល់តែលែងមានអ្នកគាំទ្រ។

សុគន្ធ និសា បានផាត់ចោលសំណើតាមស្នេហ៍របស់មន្ត្រីធំៗជាច្រើន ក្នុងនោះក៏មានឧកញ៉ានិងអ្នកជំនួញនៅបរទេសផងដែរ។
នៅទីបំផុត តំណែងជំទាវដែលតារាមួយចំនួនតែងប្រាថ្នាចង់បាននោះមិនមែនជាបំណងរបស់និសា ឡើយ ទើបនាងសម្រេចចិត្តដឹកដៃប្តី លោកចៅ សម្បត្តិ ហៅសាំបា អាណិកជនខ្មែរ រស់នៅរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមេនញូឡាយនៅកម្ពុជានោះ រៀបការផ្អើលពេញផ្ទៃប្រទេស កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។

មន្ត្រីធំៗមិនតិចរូបទេដែលខកចិត្តដោយសារសុគន្ធ និសា ជ្រើសស្នេហ៍ជាប្រុសអាណិកជន ហើយទាត់ចោលសំណើស្នេហ៍របស់ពួកគេដែលហ៊ានឱ្យអ្វីៗគ្រប់យ៉ាងជូននិសា ឱ្យតែនាងព្រមធ្វើជាកំណាន់ចិត្តនោះ។
ប៉ុន្តែការជ្រើសរើសលោកសាំបា ជាប្តី ត្រូវបានតារារួមអាជីពចាត់ទុកថាជាការត្រឹមត្រូវ ព្រោះនៅទីបំផុត និសា គេចផុតពីការធ្វើជាស្រីកំណាន់ឬប្រពន្ធចុងរបស់គេ ព្រោះថា ភាគច្រើនលោកធំៗដែលតាមស្នេហ៍នាងនោះជាប្រុសមានប្រពន្ធកូនទៅហើយ។

ទោះជាយ៉ាងណា ក្រោយពេលដែលសុគន្ធ និសា មានប្តីមក គេកត់សម្គាល់ឃើញថា អាជីពចម្រៀងរបស់នាងហាក់នៅទ្រឹង ហើយតាមបណ្តាកម្មវិធីប្រគំតន្ត្រីធំៗខ្លះ ត្រូវបានគេមើលរំលងនាងទៅវិញ។
អ្វីដែលកាន់តែធ្វើឱ្យនិសា តុកស៊ិកខ្លាំងនោះ គឺតំណែងជាគ្រូបង្វឹករបស់នាងក្នុងកម្មវិធី The Voice Kids Cambodia នៅរដូវកាលទី២នេះ ត្រូវហង្សមាស ដាក់ជំនួសដោយសិស្សប្អូនសួស វីសា ទៅវិញ ទើបធ្វើឱ្យនាងកាន់តែពិបាកស្តារមុខ។

ដោយឡែក អ្នកជំនាញសិល្បៈបានលើកឡើងថា ពេលនេះ សុគន្ធ និសា អាចមិនមែនជាការចង់ប្រកួតប្រជែងយកលេខ១នៅហង្សមាស ទៀតទេ ព្រោះនាងមានស្វាមីហើយ គឺច្រៀងឱ្យតែមានមុខនិងមានបទថ្មីៗដូចគេប៉ុណ្ណោះ។

ចំណុចមួយទៀតសុគន្ធ និសា បុកការថតកុនដល់ទៅ៣រឿងផ្ទួនៗគ្នា គឺ “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក” ដែលនេះអាចជាស្នាដៃចុងក្រោយ មុនពេលដែលនិសា ចេញទៅរស់នៅតាមប្តីនៅអាមេរិក។
ប្រភពនោះបានឱ្យដឹងថា ពេលនេះ ទោះជានិសា មិនច្រៀងក៏ស្វាមីនាងដែលជាអ្នកជំនួញធំនោះ មិនឱ្យនាងពិបាកទៀតដែរ។ ប៉ុន្តែនិសា ធ្លាប់និយាយថា នាងមិនចង់ពឹងកម្លាំងប្តីទេ គឺត្រូវតែបង្កើតមុខរបរអ្វីមួយពេលនាងឈប់ពីសិល្បៈ ហើយពេលនេះនាងមានហាងគុយទាវខ្ចប់ , កាហ្វេ និងហាងចេកឆឹង ជាដើម។

ថ្វីត្បិតតែការចាប់ដៃជាមួយប្តីជិត២ឆ្នាំ សុភមង្គលសុគន្ធ និសា និងស្វាមី អ្នកជំនួញគ្មានការល្អក់កករជាមួយគ្នាមែន ប៉ុន្តែពេលនេះ និសា មិនទាន់ហ៊ានពពោះកូនដំបូងតាមសំណើលោកសាំបា ឡើយ ព្រោះនាងរង់ចាំវីសាពីស្ថានទូតអាមេរិក ធ្លាក់មកសិន ទើបហ៊ានផ្តល់កំណើតឱ្យកូន៧និងចេញទៅរស់នៅលើទឹកដី អាមេរិក ដូចសារ៉ាយ សក្ខណា , វ៉េត រតនា និងគឹម លក្ខិណា ជាដើម៕