Friday, September 19, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៥ខែ កើបលុយ៣ប្រទេស

ព្រាប សុវត្ថិ ៥ខែ កើបលុយ៣ប្រទេស

នៅឆ្នាំ២០១៩នេះ ព្រាប សុវត្ថិ បានសម្រុកចេញទៅច្រៀងសម្តែងនៅក្រៅស្រុកដល់ទៅ៣ប្រទេសផ្សេងគ្នា ដែលធ្វើឱ្យតារាល្បីល្បាញជាង២ទសវត្សន៍ នៅផលិតកម្មរស្មីហង្សមាស រូបនេះ ត្រូវប៉ាន់កើបប្រាក់ចំណូលទាំងក្នុងនិងក្រៅស្រុកតែម្តង។

ព្រាប សុវត្ថិ បាននាំកូនប្រុសទាំង៣ គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក រយៈពេល២ខែកន្លះ កាលពីថ្ងៃទី២១ ខែមីនា ហើយទើបវិលវិញកាលពីថ្ងៃទី២៨ ខែឧសភា និងបន្តចេញទៅច្រៀងនៅអូស្ត្រាលី រយៈពេល១ខែ និងទើបវិលវិញនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

ប៉ុន្តែសម្រាកក្នុងស្រុកបានតែរយៈពេលខ្លីប៉ុណ្ណោះ នៅខែកញ្ញា មុនពិធីបុណ្យភ្ជុំបិណ្ឌនេះ ព្រាប សុវត្ថិ នឹងចេញទៅច្រៀងសម្តែងរយៈពេលខ្លីនៅប្រទេសកូរ៉េ ដោយនាំកូនប្រុសទាំង៣ ចេញទៅជាមួយ ហើយរួមដំណើរដោយតារាចម្រៀងខេម, អ៊ីវ៉ា, គូម៉ា, Tempo Tris, វ៉ាន់ដា និង Mr Oun។

តាមព័ត៌មានថា ការចេញទៅកូរ៉េជាលើកទី២នេះ ព្រាប សុវត្ថិ ក៏ត្រូវអមដំណើរដោយភរិយាជាទីស្រលាញ់របស់លោក គឺអ្នកស្រីឡុង ស្រីមុំ ផងដែរ។

ព្រាប សុវត្ថិ បានឱ្យដឹងថា លោកពិតជាត្រៀមខ្លួនចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េមែន នៅខែកញ្ញានេះ ហើយការទៅលើកនេះ ក៏មានក្រុមគ្រួសារបស់លោករួមដំណើរទៅជាមួយដែរ។

លោកថា ការច្រៀងសម្តែងនៅប្រទេសអូស្ត្រាលីជាលើកទី៩របស់លោក កាលពីពេលថ្មីៗនេះ ទទួលបានការគាំទ្រច្រើន ដូចនៅសហរដ្ឋអាមេរិកដែរ ព្រោះតែអ្នករៀបចំកម្មវិធីបានរកទីតាំងការសម្តែងបានល្អៗ ទើបធ្វើឱ្យមានអ្នកចូលទៅទស្សនាច្រើន៕

លោកព្រាប សុវត្ថិ
ព្រាប សុវត្ថិ និងភរិយា
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីនាគ
សុវត្ថិ សិរីវុឌ្ឍ
RELATED ARTICLES