ភ្នំពេញ ៖ កែវ ពេជ្រពិសី ឈានចូលវ័យ ៤៣ឆ្នាំ ពោលគឺវ័យចំណាស់ហើយដែលស្ថិតក្នុងវ័យនេះ នាងថាអ្វីដែលនាងមិនចូលចិត្ត ឬខ្លាចនោះ គឺឲ្យតែដល់ថ្ងៃខួបកំណើត (ថ្ងៃទី១៧ ខែឧសភា) នាងមិនចង់ឲ្យដល់ ឬគ្មានអារម្មណ៍រំភើប ថ្ងៃខួបកំណើតដូចគេផ្សេងឡើយ ។ ចំពោះមូលហេតុ ត្រូវបានពេជ្រពិសី អះអាងថា ដោយ សារតែនាងគិតថា ថ្ងៃនោះ ដល់ពេលចាស់ ១ឆ្នាំទៀតហើយ ហេតុនេះគិតថា ខ្លួនឯងកាន់តែចូលវ័យជ្រេទៅៗ ។ ប៉ុន្ដែពេជ្រពិសី បានដឹងច្បាស់ថា រឿងនេះគ្មានអ្នកណាអាចហាមឃាត់បានជាដាច់ខាត ព្រោះធម្មជាតិ កើតចាស់ ឈឺ ស្លាប់ ជារឿងធម្មតារបស់មនុស្សលោក ។ ប៉ុន្តែពេជ្រពិសី ថាក្នុងវ័យនេះ រឿងដែលនាងលែងសូវ បារម្ភនោះ គឺបានកូនប្រុស១ បន្ដពូជ បើទោះជាគម្រោងយកកូនទីពីរ ជាកូនស្រីត្រូវជាប់គាំងក្ដី ។

ទោះបីជា កែវ ពេជ្រពិសី ទទួលស្គាល់ថា នាងអាយុជ្រេបន្ដិច ហើយឲ្យតែដល់ថ្ងៃខួបកំណើត ចេះតែបារម្ភខ្លាចចាស់ ឬកើនអាយុ ១ឆ្នាំទៀត ប៉ុន្ដែមុននេះ នាងនៅតែប្រកាន់ជំហរថា បើត្រឡប់មកថតភាពយន្ដ ជាថ្មី នាងមិនចង់លេងតួម្ដាយឡើយ ព្រោះយល់ថា ក្នុងវ័យនេះនៅតែមិនទាន់ស័ក្តិសមធ្វើជាតួម៉ែគេ ។ ការតាំងចិត្តរបស់ពេជ្រពិសី បែបនេះ គឺផ្ទុយស្រឡះទៅនឹងអ្នកនាង ឌុច លីដា ដែលនាងប្រាប់ថា ទោះជាឲ្យធ្វើជាតួម៉ែ ឬលោក យាយ ក៏នាងទទួលសម្ដែងបាន ព្រោះតែនាងចង់ឲ្យខ្លួនក្លាយជាតារាដែលអាចសម្ដែងបានគ្រប់ទម្រង់ទាំងអស់ ។

កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយបុរសពោះម៉ាយ អាណិកជនខ្មែរ មកពីកាណាដាលោក ពៅ សម្បត្តិ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ និងសម្រាលកូនប្រុស ឈ្មោះ Dura Peou កាលពីពាក់កណ្ដាលឆ្នាំ២០២១ ហើយបានរៀបគម្រោងយកកូនស្រី តែអត់ចង់រៀបការឡើយ ។ ពេជ្រពិសី ថាមិនមែនតែរូបនាងទេ ដែលចង់បានកូនស្រីនោះ ស្វាមីនាងក៏ដូចគ្នាដែរ ព្រោះកូនរបស់លោក ជាមួយភរិយាមុន សុទ្ធតែជាប្រុស ហេតុនេះហើយបានជាគិតថា បើបានកូនថែម គឺប្រាកដជាកូនស្រី។ ប៉ុន្ដែនាងថា បញ្ហាដែលសំខាន់ និងជាឧបសគ្គធំនោះ គឺនាងចង់បានកូនទីពីរ ស្រី បែរជាអត់បានដូចបំណងទៅវិញ ។

ក្រៅពីមិនទាន់ពពោះកូនស្រី បានដូចចិត្ត កែវ ពេជ្រពិសី ក៏នៅសាំចិត្តរឿងសម្អាងការ ដែលដំណើរការជាង ១០ឆ្នាំ ហើយពេលនេះនាងចង់សេងវិញ តែនៅមិនទាន់លក់ដាច់ទេ ។ នាងថា មានគេសួររកទិញអីវ៉ាន់សម្អាងការនាង មួយចំនួន តែនាងចង់លក់ជាកញ្ចប់ទាំងអស់ ទើបនៅតែមិនទាន់លក់ចេញបែបនេះ ។ យ៉ាងណា ពិសី ថាអំឡុងពេលដែលអាជីពសិល្បៈ ក៏គ្មានទីផ្សារដូចមុន ហើយសម្អាងការ ក៏សេងមិនចេញនេះ នាងក៏មិននៅស្ងៀមដែរ គឺងាកទៅរកស៊ីលក់ផលិតផលតាម Online ហើយក៏មានហាងរក្សាសម្រស់ ផ្ទាល់ខ្លួន មួយផងដែរ។ចំណែកទាក់ទងរឿងគម្រោងចេញទៅរស់នៅប្រទេសកាណាដា ទឹកដីខាងប្ដីនោះ នាងថា មិនទាន់អាចកំណត់បានឡើយ ព្រោះរង់ចាំឲ្យកូនបានធំធាត់ជាងនេះបន្ដិចសិន ទើបអាចចេញទៅនៅស្រុកគេ ឲ្យកូនបន្ដរៀនសូត្រនៅទីនោះបាន ។

សូមបញ្ជាក់ថា កែវ ពេជ្រពិសី បានជ្រើសផ្លូវយកប្ដី ជាបុរសអាណិកជនខ្មែរ នៅកាណាដា ដូចគ្នាទៅនឹងអ្នក នាង សៀម ស្រីណុច, ម៉ុក អានីត, រស់ ម៉ូនីកា និងឡាយ លក្ខិណា (សង្សារស្រី) ជាដើម ខណៈដែលមាស សុខសោភា បានលែងប្ដី អាណិកជនខ្មែរនៅកាណាដាទាំងចម្រូងចម្រាស កាលពីឆ្នាំ២០២៥ ក្រោយសាងស្នេហ៍បាន ១៩ឆ្នាំ ដោយទៅយកតាសក់សភ្នំត្បែង ធ្វើប្ដីថ្មី ៕


