ដោយមិនអាចទ្រាំបាននូវសកម្មភាពលោកសង្ឃមួយចំនួនយកព្រះពុទ្ធសាសនាធ្វើជាឈ្នាន់ ដើម្បីទៅប្រព្រឹត្តអំពើស្មោកគ្រោក មានស្រីស្នេហ៍ចាប់រំលោភកូនក្រមុំគេ ជាដើម នាំឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា អ្នកផលិតកម្មវិធីជាន់ខ្ពស់ទូរទស្សន៍ល្បីឈ្មោះ លោកគួច ខេវិន បានបញ្ចោញសារដ៏កម្រធ្វើឱ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសតែម្តង កាលពីពេលថ្មីៗនេះ។
លោកខេវិន បានបញ្ជាក់ថា “នាយុគសម័យនៃបច្ចេកវិទ្យាជឿនលឿនមានមនុស្សស្រីមួយចំនួនមិនថា ក្មេងឬចាស់ បាននិងកំពុងវក់វី ងប់ងុល លីលា ជាមួយនឹងការចងសម្ព័ន្ធស្នេហាជាមួយប្រុសឈ្មោលតាមបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងតែទៅនឹងភាពត្រេកត្រអាលរឿងលើគ្រែ (Sex) ល្មោភកាមគុណ ដែលសូម្បីតែលោកសង្ឃ ក៏មិនលើកលែង។ ស្រីញីល្មោភកាមផងទាំងនោះមិនធ្លាប់នឹកគិតឬទេថា តើមនុស្សត្រងោលក្លែងក្លាយ (ត្រងោលគ្មានសីល) តាំងខ្លួនជាសង្ឃអាចស្មោះត្រង់នឹងខ្លួនបានយូរប៉ុនណា បើសូម្បីតែខ្លួនវាបានបួស រស់ក្នុងវត្ត លុតជង្គង់នៅមុខព្រះភ័ក្ត្រព្រះពុទ្ធទៅហើយ ក៏គង់នៅតែវាក្បត់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬវិន័យបាន ? តើពពួកអាត្រងោលគ្មានសីលមួយចំនួននោះ វានឹងមានចិត្តស្មោះឯណាមកតបឆ្លើយជាមួយពពួកស្រីល្ងីល្ងើល្មោភកាម ញៀនប្រុសមិនរើសមុខទាំងនោះ? ពួកអាស៊ីបាយបាត បំផ្លាញសាសនាមួយចំនួននោះ វាបានត្រឹមតែហែកស៊ីកេរ្តិ៍ម៉ែរបស់នាងភ្លីភ្លើ និងបោកស៊ីលុយដែលនាងខំហុចឱ្យទាំងវេទនាខ្លួនឯងតែប៉ុណ្ណឹង។ រីឯអាពួកបុរសត្រងោលអត់សីលទាំងនោះ វាគេចមិនរួចពីបាបកម្មដែលវាបានសាងនោះដែរ (អាពួកឈ្លើងឡើងរកាដែក)។ មានអាត្រងោលបំផ្លាញសាសនាខ្លះ សូម្បីតែស្រីចាស់ ក៏វាមិនលើកលែងផង។ បើវាយ៉ាងនេះៗចង់ធ្វើបុណ្យសាងទាន មិនដឹងថា ទៅវត្តណាទេ ដើម្បីកុំឱ្យជួបអាត្រងោលជ្រកក្រោមម្លប់ព្រះពុទ្ធ ដែលបំផ្លាញសាសនានោះ ? នៅមានអាត្រងោលគ្មានសីលច្រើនទៀត”។
គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកគួច ខេវិន នៅពេលនេះ កើតមានក្រោយពេលមានស្ត្រីអាណិកជនម្នាក់បានថ្លែងសារទាំងឈឺចាប់ ក្រោយពេលត្រូវលោកសង្ឃមួយអង្គបានប្រើវិធីបោកប្រាស់គាត់គ្រប់វិធី។ ចំណែកថ្មីៗនេះដែរ មានស្រីម្នាក់ឈ្មោះលឹម ធីតា បានសារភា ថា ខ្លួនបានចាញ់បោកចៅអធិការវត្តពោធិ៍ចិនតុង ឈ្មោះវ៉ាន វ៉ាន់នី ដោយអតីតសង្ឃអង្គនេះ ពេលមានស្នេហាជាមួយនាងបង្ខំឱ្យនាងរំលូតកូនចេញ តែពេលលាចាកសិក្ខាបទ មិនទទួលស្គាល់នាងជាស្រីស្នេហ៍ទេ បែរជារត់ចោលនាងបាត់។
លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ធ្លាប់បានថ្លែងសារយ៉ាងភ្ញាក់ផ្អើលជុំវិញលោកសង្ឃកំហូចមួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់តម្លៃព្រះពុទ្ធសាសនានេះដែរ ដោយលោកស្រីថា លោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គួរតែលាលែងពីតំណែង ទុកឱ្យក្មេងៗធ្វើការម្តងទៅ ព្រោះ ចាស់ណាស់ទៅហើយ។
លោកស្រីស៊ីណាត បញ្ជាក់សង្កត់ធ្ងន់ថា “លោករដ្ឋមន្ត្រីក្រសួងធម្មការ ចាស់ណាស់ហើយ ឱ្យក្មេងៗធ្វើការម្តងទៅ ព្រោះញ័រដូចលលកត្រូវគ្រាប់លុញទៅហើយ”។
ការអះអាងរបស់លោកស្រី កើតមានក្រោយពេលដែលកញ្ញាលឹម ធីតា បានចេញមកអះអាងថា នាងមានស្នេហាលួចលាក់ជាមួយជាមួយអតីតព្រះចៅអធិការវត្តពោធិចិនតុង ឈ្មោះវ៉ាន វ៉ាន់នី រហូតដល់មានកូនហើយ បង្ខំឱ្យនាងរំលូតកូនចេញ ហើយក្រោយលាចាកសិក្ខាបទ សង្ឃកំហូច មិនបានទទួលស្គាល់នាងលឹម ធីតា ជាស្រីស្នេហ៍ឡើយ។
លោកស្រីស៊ីណាត បានសម្តែងការហួសចិត្តចំពោះសង្ឃមួយចំនួនដែលលួចលាក់មានស្រីជាបន្តបន្ទាប់ ពិសេសករណីសង្ឃកំហូចនៅវត្តពោធិ៍ចិនតុង លួចមានស្រី បែកធ្លាយផ្អើលពេញផ្ទៃប្រទេស ប៉ុន្តែបែរជាមានសង្ឃមួយអង្គចេញមុខមកការពារសង្ឃនោះទៅវិញ ដោយអះអាងថា ជារូបភាពកាត់ត តែឥឡូវ រឿងនេះជាការពិត តើសង្ឃដែលចេញមុខការពារនោះទៅណាហើយ ?
លោកស្រីបន្តថា តើរដ្ឋមន្ត្រីក្រសួងធម្មការ អត់មើលសង្ឃមានស្រីញីទេអី ? ខូចសាសនាអស់ហើយ សាសនារលត់រលាយដោយសារថ្នាក់ដឹកនាំមិនគិតគូរ ហើយសូមលោករដ្ឋមន្ត្រីមើលលោកសង្ឃផង បើមិនទាន់ដាច់កិលេសតណ្ហាទេ កុំឱ្យមកបួស។ ម៉្យាងទៀត លោករដ្ឋមន្ត្រីគួរលាឈប់ពីតំណែងទៅ ទុកឱ្យក្មេងៗធ្វើការម្តង ព្រោះពេលនេះញ័រដូចលលកត្រូវគ្រាប់លុញទៅហើយ”៕




