Friday, September 19, 2025
Homeតារាខ្មែរឆុំ វត្តី អនាគតប្តីពូកែថ្នមចិត្ត

ឆុំ វត្តី អនាគតប្តីពូកែថ្នមចិត្ត

តួឯករឿង “ហ្លួងព្រះស្តេចកន” កញ្ញាឆុំ វត្តី នឹងលាភាពនៅលីវនៅឆ្នាំ២០២០នេះហើយ ដោយដឹកដៃកំពូលស្នេហ៍លោករិទ្ធ ហួររក្សា ជាកូនថៅកែផលិតកម្ម B&S លោកប៊ុន ស៊ា រៀបការដោយមិនចាំបាច់ភ្ជាប់ពាក្យឡើយ។

ការសម្រេចចិត្ត១០០% ក្នុងការផ្ញើខ្លួនលើកូនថៅកែផលិតកម្ម B&S នៅពេលនេះ ដោយសារថ្មីៗនេះ វត្តី ត្រូវបានអនាគតឪពុកក្មេកលើកទឹកចិត្តឱ្យនាងធ្វើជាអ្នកចាត់ការទូទៅលើផលិតកម្មមួយនេះ គឺមានន័យថា វត្តី មានសិទ្ធិជ្រើសតួសម្តែងក្នុងភាពយន្តរបស់ B&S ទៀតផង។

តារាសិល្បៈដែលថតរឿងឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយស្និទ្ធវត្តី បានបង្ហើបឱ្យដឹងថា មិនមែនតំណែងមួយនេះអាចចងជើងវត្តី ឱ្យប្រគល់បេះដូងជូនកូនលោកថៅកែ B&S នោះទេ គឺនៅមានចំណុចល្អៗជាច្រើនទៀត ដែលលោករិទ្ធ ហួររក្សា ធ្វើឱ្យវត្តី មិនស្ទាក់ស្ទើរក្នុងការទទួលយកកូនថៅកែរូបនេះជាអនាគតស្វាមីនោះ គឺលោកពូកែថ្នាក់ថ្នមចិន្តាស្រីស្រអែមស្រស់នេះណាស់ ដូចជាទៅកម្មវិធីអ្នកសិល្បៈជាមួយគ្នា បើទោះជាលោករវល់យ៉ាងណាក៏នាំនាងទៅញ៉ាំអាហារដែលនាងចូលចិត្តដែរ។

គេថាពេលនេះ វត្តី មានសំណាងធំហើយដែលបានអនាគតប្តីជាបុរសយល់ចិត្ត ហើយមិនយូរទេនាងនឹងត្រូវឪពុកក្មេកប្រគល់ទាំងផលិតកម្ម និងផ្ទះសំណាក់ B&S គ្រប់គ្រងទាំងអស់ជាមិនខានឡើយ។

ឆុំ វត្តី ថា មួយរយៈចុងក្រោយនេះ នាងមិនសូវទទួលថតរឿងសម្រុកច្រើនដូចមុនទេ ព្រោះចង់យកពេលវេលាខ្លះៗចំណាយលើការមើលខុសត្រូវនៅផលិតកម្ម B&S ដែលកំពុងដំណើរការថតរឿង “ល្បិចលួងល្បួងស្នេហ៍”។ ប៉ុន្តែអនាគតស្វាមីយល់ចិត្តនាងច្បាស់ណាស់ អ៊ីចឹងទោះជានាងរៀបការហើយ ក៏នៅលេងសិល្បៈដែរ ព្រោះប្តីមិនហាមឃាត់នាងឡើយ។

ការភ្ជាប់ស្នេហ៍កូនលោកថៅកែផលិតកម្ម B&S របស់ឆុំ វត្តី នាំឱ្យមន្ត្រីធំៗនិងអាណិកជនខ្មែរនៅបរទេសមួយចំនួន ដែលធ្លាប់ព្យាយាមសុំស្នេហ៍តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” រូបនេះមានការខកចិត្ត ព្រោះអស់សិទ្ធិប្រជែងស្នេហ៍ ដោយសារពេលនេះ វត្តី ចិត្តមួយថ្លើមមួយជាមួយលោករក្សា ទៅហើយ៕

RELATED ARTICLES