Friday, September 19, 2025
Homeតារាខ្មែរម្តាយក្មេកព្រាប សុវត្ថិ មិនខ្លាចចំណងស្នេហ៍ឆៃដា ពិសិដ្ឋ និងសាត រស្មី ប្រែប្រួល

ម្តាយក្មេកព្រាប សុវត្ថិ មិនខ្លាចចំណងស្នេហ៍ឆៃដា ពិសិដ្ឋ និងសាត រស្មី ប្រែប្រួល

អ្នកស្រី គង់ ចន្ទូ ម្តាយក្មេករបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ បានប្រាប់ក្នុងបទសម្ភាសន៍ កាលពីថ្ងៃទី៣០ ខែសីហា ថា ទោះជាចៅប្រុសបង្កើត ឆៃដា ពិសិដ្ឋ និងចៅស្រីប្រសារ សាត រស្មី មិនទាន់បានកំណត់ធ្វើពិធីភ្ជាប់ពាក្យ និងពេលវេលារៀបការច្បាស់លាស់មែន ប៉ុន្តែអ្នកស្រីមិនមានការបារម្ភខ្លាចរឿងស្នេហារបស់ចៅទាំង២មានការប្រែប្រួលនោះទេ។ អ្នកស្រីចន្ធូ ថា ទាំងពិសិដ្ឋ និងរស្មី ស្រលាញ់គ្នាខ្លាំងណាស់ ហេតុនេះហើយមិនអាចមានការប្រែប្រួលនោះឡើយ។

អ្នកស្រីឡុង ចន្ទូ អះអាងថា “សម្រាប់ខ្ញុំជាយាយរបស់ពួកគេ គឺអត់មានការព្រួយបារម្ភថា ចៅៗអាចមានការប្រែប្រួលដោយសារតែយើងមិនទាន់បានធ្វើពិធីភ្ជាប់ពាក្យ ឬកំណត់ពេលវេលាចូលរោងការហ្នឹងទេ ព្រោះពេលនេះ ចៅទាំងសងខាងស្រលាញ់គ្នាណាស់។ ពួកគេស្រលាញ់គ្នាដោយចិត្តគេទាំងពីរ ហើយខ្ញុំជាយាយរបស់គេ គឺគាំទ្រ និងសប្បាយចិត្តពេលឃើញគេស្រលាញ់គ្នាចឹង”។

មិនត្រឹមតែគាំទ្រដល់ឆៃដា ពិសិដ្ឋ និងសាត រស្មី ហើយចាប់ដៃគ្នានោះទេ ប៉ុន្តែដើម្បីរក្សាចំណងស្នេហារបស់ពួកគេឱ្យរឹងមាំតទៅទៀត អ្នកស្រីចន្ធូ ជាជីដូនរបស់ពួកគេ ដែលមានគុណធម៌តាមរយៈការសំណូមពរឱ្យមហាជន ក៏ដូចជាអ្នកសារព័ត៌មានទាំងឡាយកុំឱ្យរំលឹក រឿងអតីតកាលរបស់រស្មី ដែលធ្លាប់ចែកផ្លូវគ្នាជាមួយអតីតប្តីកីឡាករប្រដាល់ ជៀស ស្រួច នោះទៀតផង ព្រោះអ្នកស្រីយល់ថា គ្មានអ្នកណាម្នាក់ចង់ជួបរឿងបែកបាក់នោះទេ។

អ្នកស្រីចន្ធូ បញ្ជាក់ថា “កន្លងមក ខ្ញុំបានតបទៅអ្នកដែលរំលឹករឿងរស្មី ខ្លះៗដែរ គឺសូមកុំឱ្យពួកគាត់និយាយរឿងអតីតកាលអី គឺនិយាយតែពីបច្ចុប្បន្នកាលហ្នឹងទៅបានហើយ។ គ្មានអ្នកណាចង់ជួបរឿងអ៊ីចឹងទេ”។

អ្នកស្រីគង់ ចន្ធូ បានឱ្យដឹងថា ពេលនេះ ឆៃដា ពិសិដ្ឋ បានផ្តោតមកធ្វើបទចម្រៀងដោយខ្លួនឯងជាចង្វាក់ Rock និង Hip Hop ដោយច្រៀងនៅផលិតកម្ម ងួន ចាន់ដេវីត ហើយនៅថ្ងៃទី១ ខែសីហា នេះ ពិសិដ្ឋ នឹងឡើងច្រៀងនៅទូរទស្សន៍ PNN ជាមួយបទថ្មី ដូចជាបទ “បាត់បង់ទើបស្តាយក្រោយ” និងបទថ្មីៗរបស់គេ ដែលនិពន្ធដោយខ្លួនឯងមួយចំនួនទៀត។

អ្នកស្រីចន្ធូ បានប្រាប់ទៀតថា មួយរយៈដែលពិសិដ្ឋ មិនបង្ហាញមុខតាមឆាកតន្ត្រីដូចមុន ព្រោះមានបញ្ហាសុខភាពនិងជាប់ការសិក្សា។ ប៉ុន្តែពេលនេះ ពិសិដ្ឋ មានសុខភាពល្អឡើងវិញហើយ និងការសិក្សារបស់គេគឺជានិស្សិតឆ្នាំទី១ ផ្នែកច្បាប់។

យ៉ាងណា អ្នកស្រីចន្ធូ មិនហ៊ានអះអាងថា តើចៅប្រុសរបស់គាត់នឹងទទួលបានជោគជ័យប៉ុនណា នៅពេលដែលច្រៀងនៅផលិតកម្ម G-Devith នេះទេ ដោយអ្នកស្រីថាទុកឱ្យមហាជនជាអ្នកវាយតម្លៃទៅចុះ៕

RELATED ARTICLES