តារាចម្រៀងហង្សមាស ប៊ុន សុគន្ធា ហៅសុគន្ធ និសា នឹងចាប់ដៃជាមួយលោកឆន សុវណ្ណរាជ ចេញទៅច្រៀងសម្តែងរយៈពេលខ្លីនៅប្រទេសកូរ៉េខាងត្បូង ដែលនឹងត្រូវច្រៀងរួមគ្នានាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅទីលានសម្តែងវប្បធម៌ Ausan និងស្ថានីយរថភ្លើងក្រោមដី (Joongang)។
តាមការផ្សព្វផ្សាយ កម្មវិធី Global culture Festival 2019 នោះ ក្រៅពីសុគន្ធ និសា ក៏មានក្រុមរបាំអប្សរានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមតន្ត្រីប្រពៃណីបុរាណនៃសាធារណរដ្ឋកូរ៉េ និងក្រុមតៃក្វាន់ដូកូរ៉េ ព្រមទាំងតារាមួយចំនួនទៀតចូលរួមសម្តែងផងដែរ ដោយកម្មវិធីនេះបើកឱ្យអ្នកចូលទស្សនាដោយសេរី។
គួរបញ្ជាក់ដែរថា សុគន្ធ និសា តាំងពីរៀបការប្តីអាណិកជនខ្មែរ នៅអាមេរិក រដ្ឋឡូវែល៍ លោកចៅ សម្បត្តិ ហៅសាំបា ដែលជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយ នៅកម្ពុជា កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ មក នាងមិនដែលចេញទៅច្រៀងសម្តែងនៅក្រៅប្រទេសទៀតឡើយ បើទោះជាមានខាង Sponsor នៅប៉ែកអឺរ៉ុប ព្យាយាមហៅនាងទៅសម្តែងយ៉ាងណាក៏ដោយ។
ចំពោះមូលហេតុដែលអាក់ខានចេញទៅច្រៀងនៅបរទេសនេះ ត្រូវបានសុគន្ធ និសា ប្រាប់អ្នកយកព័ត៌មានយើងនាពេលកន្លងមកថា ដោយសារនាងមិនចង់ទៅចោលស្វាមី និងម៉្យាងទៀត ការច្រៀងសម្តែងនៅក្រៅស្រុកនៅពេលនេះ ខុសពីពេលមុន គឺរកប្រាក់ចំណូលមិនសូវបានច្រើនឡើយ។
ប៉ុន្តែ នាងថា មិនបោះបង់ចោលទីផ្សារការច្រៀងសម្តែងនៅក្រៅស្រុកទេ គឺនឹងចេញទៅនៅពេលវេលាដ៏សមស្របណាមួយ។
ដោយឡែក តារាចម្រៀងត្រូវច្រៀងដៃគូជាមួយនាង គឺប្រុសរូបសង្ហារោមទ្រូងច្រើន ឆន សុវណ្ណរាជ វិញ ថ្មីៗនេះ ទើបហោះមកពីការច្រៀងសម្តែងនៅកាណាដា ចោលមាស សុខសោភា ហើយ មិនទាន់បាត់ហត់ផង ត្រូវត្រៀមខ្លួនទៅកូរ៉េ ទៀតទៅហើយ។
សុគន្ធ និសា ត្រូវបានមហាជនមើលឃើញថា ទីផ្សារចម្រៀងរបស់នាងហាក់ស្ងប់ស្ងាត់ជាងកាលនៅលីវ នៅពេលដែលរៀបការប្តីហើយនេះ។ ប៉ុន្តែ និសា ដែលមានស្វាមីជាអ្នកជំនួញធំនោះ មិនពឹងលើអាជីពចម្រៀងមួយមុខទៀតឡើយ ព្រោះនាងបានពង្រីកមុខជំនួញជាបន្តបន្ទាប់ ដូចជាបើកហាងគុយទាវខ្ចប់, ហាងលក់កាហ្វេ និងចេកឆឹងខ្ចប់ ជាដើម។
អតីតតារាចម្រៀងផលិតកម្មរស្មីស្ទឹងសង្កែ, Spark Music, ថោន រូបនេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងធ្លាប់ត្រូវបានស្វាមីចង់ឱ្យឈប់ពីអាជីពសិល្បៈដាច់តែម្តង ក្រោយពេលរៀបការនេះ តែនាងបានប្រាប់មូលហេតុទៅប្តីថា មិនអាចចាកចេញពីចម្រៀងបានទេ ព្រោះនេះជាអាជីពដែលនាងស្រលាញ់ និងបានតស៊ូ ជាង១០ឆ្នាំមកហើយ គឺនាងនឹងបន្តច្រៀងរហូតទាល់តែលែងមានអ្នកគាំទ្រ។
នាងថា ស្វាមីរបស់នាងយល់ពីអ្វីដែលនាងចង់ធ្វើហើយ គាត់ក៏យល់ព្រមឱ្យនាងលេងសិល្បៈតទៅទៀត ដែលក្រៅពីច្រៀងនាងក៏ថតភាពយន្តផងដែរ។
តាមរយៈការរៀបការជិត២ឆ្នាំនេះ សុគន្ធ និសា មិនទាន់ពពោះនៅឡើយ ខណៈដែលមិត្តភក្តិដ៏ជិតដិតបំផុតរបស់នាង ឱក សុគន្ធកញ្ញា ទើបតែរៀបការបានជាង៤ខែ ក៏មានផ្ទៃពោះជិត៥ខែទៅហើយ។ តារារួមអាជីពបានជំរុញឱ្យនិសា យកកូនប្រើឱ្យបានឆាប់ៗដូច សុគន្ធកញ្ញា តែនាងថា មិនទាន់មានដំណឹងល្អនេះឡើយ៕






