Saturday, September 20, 2025
Homeតារាខ្មែរណាតាហ្សា ថ្ងូរថា ប្រុសស្នេហ៍កីឡាករបាល់ទាត់ជនជាតិអាហ្វ្រិកខាងត្បូង ពូកែ...

ណាតាហ្សា ថ្ងូរថា ប្រុសស្នេហ៍កីឡាករបាល់ទាត់ជនជាតិអាហ្វ្រិកខាងត្បូង ពូកែ…

តារាសម្តែងនិងជាពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៥ កម្មវិធី “រឿងរ៉ាវក្រៅឆាក” បានអះអាងថា នាងគ្មានគម្រោងដឹកដៃគូស្នេហ៍ដែលជាកីឡាករបាល់ទាត់ជនជាតិអាហ្វ្រិកខាងត្បូង លោកប៊យសុិន សេន (Booysen Shane)  ដែលជាខ្សែ ប្រយុទ្ធភ្នំពេញក្រោន ចូលរោងការឆាប់ៗទេ ព្រោះបុរសនេះមហាពូកែប្រចណ្ឌនាងណាស់ ហេតុនេះហើយបានជាមានពេលខ្លះ នាងមិន សូវសប្បាយចិត្តឡើយ។

នាងបន្តថា មើលទៅបែបមានតែសង្សារនាងម្នាក់គត់ដែលចេះប្រចណ្ឌខ្លាំងបែបនេះ ព្រោះតាមដឹង អ្នកនៅអឺរ៉ុបគេ បើកចិត្តទូលាយណាស់រឿងគូស្នេហ៍មិនងាយប្រចែប្រចណ្ឌផ្តេសផ្តាសបែបនេះទេ ប៉ុន្តែពេលនេះ នាងបានជួបហើយ គឺជាសង្សារខ្លួនឯងតែម្តង។

ណាតាហ្សា វាចាថា “ខ្ញុំនិងគាត់ស្រលាញ់គ្នាជាង៥ឆ្នាំហើយ ប៉ុន្តែយើងមានភាពរកាំរកូសជាមួយគ្នាជាច្រើនដែរ ដោយសារតែគាត់ ប្រចណ្ឌហ្នឹងឯង។ យើងទាស់គ្នាជាច្រើនលើកក៏ត្រូវគ្នាវិញ ហើយពេលនេះខ្ញុំមិនមានគម្រោងរៀបការឆាប់ៗទេ គឺខ្ញុំដឹងច្បាស់ថា បើរៀបការគាត់នឹងយកខ្ញុំទៅរស់នៅប្រទេសគាត់នៅអាហ្វ្រិកខាងត្បូងជាមិនខាន អ៊ីចឹងបានជាខ្ញុំ សុខចិត្តពន្យារពេលរហូតមករឿងរៀបការហ្នឹង”។

ណាតាហ្សា បានផ្អាកអាជីពសម្តែងមួយរយៈ ដោយនាងងាកមករកស៊ីតាម Online និងជាពិធីការិនីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយគ្មានការកុងត្រាឡើយ។

នាងប្រាប់ថា ដោយសារស្រលាញ់អាជីពសិល្បៈ ទើបទៅណាមិនឆ្ងាយពីអាជីពមួយនេះទេ ហើយនាងចូលសិល្បៈមិនមែនសំដៅរឿងរកលុយជាធំទេ ប៉ុន្តែការស្រលាញ់ច្រើនជាង។

ដោយឡែក ទាក់ទងរឿងភាពច្បាស់លាស់ចំណងស្នេហ៍ជាមួយកីឡាករបាល់ទាត់វិញ តាណាហ្សា បានឱ្យដឹងថា នាងស្ទើរ១០០%ទៅហើយ គឺគ្មានបំណងងាករេទៅរកប្រុសណាផ្សេងទេ ទោះជាសង្សារនាងពូកែប្រចណ្ឌមែន ប៉ុន្តែនាងមានតែសង្សារម្នាក់នេះដដែល។

ណាតាហ្សា ថា រូបនាងជាតារា “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល” ហើយកន្លងមកមានប្រុសជាច្រើនដែរតាមសុំស្រលាញ់ ប៉ុន្តែនាងមិនយកភ្នែកមើលដោយសារតែមាននិស្ស័យ តែជាមួយខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូងនេះ អ្នកផ្សេងគ្មាននិស្ស័យ។

ប៉ុន្តែគម្រោងរៀបការពេលណានោះ គឺមិនអាចកំណត់បានជាដាច់ខាត ដោយសារនាងមិនចង់ទៅរស់នៅបរទេស ព្រោះគ្រាន់តែទៅទិញអីវ៉ាន់ស្រុកគេ៣ទៅ៤ ថ្ងៃ មានអារម្មណ៍ថា នឹកស្រុកណាស់ទៅហើយ អ៊ីចឹងតើឱ្យទៅនៅស្រុកគេរហូតម៉េចកើតទៅ ?៕

RELATED ARTICLES