តារាសម្ដែងជាភេទទី៣ ភី សម័យ បានធ្វើពិធីជប់លៀងធំខួបកំណើតគម្រប់អាយុ២៣ឆ្នាំ នៅហាងវីហ្វ្រេនបឹងត្របែក កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ប៉ុន្ដែនាងមិនបញ្ជាក់ថា ចំណាយអស់ទឹកប្រាក់ប៉ុន្មានឡើយ។
ការធ្វើខួបឆ្នាំនេះ ក្រោយពីតារាសម្ដែង កំប្លែង និងជាអ្នកផាត់មុខរូបនេះ បានកែសម្រស់ចាក់មុខឲ្យទៅជាអក្សរ V និងតចង្កាឲ្យវែងស្រួច ព្រមទាំងលើកខ្ទង់ច្រមុះឲ្យខ្ពស់ជាងមុនផងដែរ។

គេឃើញមានតារារួមអាជីពជាច្រើនបានទៅចូលរួមអបអរ និងជូនពរភី សម័យ នៅថ្ងៃពិសេសរបស់នាង ពិសេសគឺមានតារាភេទទី៣ សម្រុកចូលរួមតែម្ដង។

ដោយឡែក ភី សម័យ វិញ នាងសប្បាយចិត្តរីករាយខ្លាំងណាស់ ហើយថាតាំងពីមានសម្រស់ផ្ទៃមុខប្រែប្រួលមក ទីផ្សារសិល្បៈរបស់នាងក៏កាន់តែរីកចម្រើនជាងមុនផងដែរ គឺមានគេហៅថតសម្ដែងជាបន្ដបន្ទាប់រៀងរាល់ថ្ងៃ។

ទោះជាយ៉ាងណា នៅថ្ងៃខួបកំណើតនោះ ភី សម័យ មិនបានបង្ហាញមុខគូស្នេហ៍នោះទេ ចំណែកការកែសម្រស់តាមបំណងឲ្យបានទៅជាស្រី ១០០% នោះ នាងថា មិនទាន់កំណត់ធ្វើបាននៅពេលណានោះឡើយ។

ក្រៅពីត្រូវប៉ាន់ថតសម្ដែង និងជាអ្នកផាត់មុខព្រមគ្នានោះ ភី សម័យ ក៏ត្រូវបានគេសរសើរថា នាងមានសម្រស់ស្អាតជាងមុនផងដែរ បន្ទាប់ពីកែសម្រស់ដោយជោគជ័យកាលពីពេលថ្មីៗនេះ។

ដោយឡែក ការធ្វើពិធីខួបកំណើតធំនៅពេលនេះ ត្រូវបានគេសង្ស័យថា ភី សម័យ មានគូស្នេហ៍ជួយចេញលុយ ប៉ុន្តែតារាភេទទី៣ មិនចង់និយាយរឿងស្នេហាឡើយ៕