ភ្នំពេញ ៖ តារាចម្រៀងប្រុសពីរដួងដែលមានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈ គឺលោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត ដែលសព្វថ្ងៃកំពុងស្ថិតក្នុងទ្រនំហង្សមាស ជាមួយគ្នា ក្រៅពីត្រូវបានទស្សនិកជនចាត់ទុកថាជាគូប្រជែងក្នុងផ្នែកសិល្បៈ ក៏មានការកត់សម្គាល់ថា តារាទាំងពីរដួងកំពុងប្រជែងគ្នាខាងផ្នែកឃោសនាឱ្យក្រុមហ៊ុនលក់រថយន្តផងដែរ ខណៈដែលលោកព្រាប សុវត្ថិ ជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុន ISUZU ចំណែកលោកខេមរៈ សិរីមន្ត ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន MAZDA។

គួរបញ្ជាក់ថា ខេមរៈ សិរីមន្ត បានចុះហត្ថលេខាទទួលធ្វើជាទូតសុច្ឆន្ទៈជាផ្លូវការ របស់ក្រុមហ៊ុន MAZDA ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន MAZDA បានផ្តល់ជូននូវរថយន្ត MAZDA ស៊េរីថ្មីទំនើប១គ្រឿង ដល់តារាចម្រៀងរូបនេះផងដែរ។

ចំណែកលោកព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ក៏បានក្លាយជាទូតសុច្ឆន្ទៈផ្លូវការប្រចាំក្រុមហ៊ុន ISUZU ដែលលោកតំណាងឱ្យរថយន្ត Isuzu D-Max Blue Power ដែលជាប្រភេទរថយន្តភីកអាប់ មានការច្នៃប្រឌិតថ្មីលំដាប់ថ្នាក់ពិភពលោក ដែលក្រុមហ៊ុន ISUZU បានរៀបចំពិធីជបលៀងណែនាំទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន ISUZU កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

បើយោងតាមប្រសាសន៍របស់ Shui-chiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd ដែលជាអ្នកតំណាងចែកចាយរថយន្ត PICKUPនិងSUV នៅប្រទេសកម្ពុជា បានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុន ISUZU ជ្រើសរើសកំពូលតារាចម្រៀងព្រាប សុវត្ថិ ជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដោយសារតែលោកមាន Lifestyle ត្រូវជាមួយរថយន្ត “Isuzu D-Max Blue Power” ម៉ូដែលថ្មីទាំងអស់។
ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ លោកព្រាប សុវត្ថិ ក៏នឹងចូលរួមសកម្មភាពជាច្រើនជាមួយក្រុមហ៊ុន ISUZU នៅឆ្នាំក្រោយៗផងដែរ។

លោកព្រាប សុវត្ថិ បានឱ្យដឹងក្នុងពិធីណែនាំខ្លួនជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន ISUZU នៅពេលនោះថា លោកបានបើកបររថយន្ត “Isuzu D-Max Blue Power” ដែលជាស៊េរីថ្មីចុងក្រោយបំផុតជិត២ខែ មុនពេលក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ជាផ្លូវការនៅពេលនេះ។

លោកថា អ្វីដែលលោកចូលចិត្តបំផុតនោះ គឺប្រសិទ្ធភាពប្រេងឥន្ធនៈ (4-5L/100km) គឺស៊ីប្រេងតិច និងផាសុកភាពក្នុងពេលបើកបរ មិនថាក្នុងស្ថានភាពផ្លូវបែបណានោះទេ ហើយលោកពិតជារំភើបចិត្តខ្លាំងណាស់ដែលបានធ្វើការជាមួយក្រុមហ៊ុន ISUZU ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅលើពិភពលោក ដែលបានចែក រំលែកទាំងតម្លៃនិងស្ទីលរបស់លោកផងដែរ៕
