Sunday, September 21, 2025
Homeតារាខ្មែរជីជី ថា “បុរសល្អ មិនមែនជាបុរសដែលមានលុយច្រើនទេ”

ជីជី ថា “បុរសល្អ មិនមែនជាបុរសដែលមានលុយច្រើនទេ”

ស្រីស្រស់ពេជ្រ សូលីដា ហៅជីជី បានបង្ហាញមុខសង្សារថ្មីជាសាធារណៈ ដោយពួកគេជិះម៉ូតូកញ្ចាស់មួយគ្រឿងជាមួយគ្នាយ៉ាងសាមញ្ញបំផុត ដែលគេស្ទើរតែមិនជឿថា ពិធីការិនីរបស់ CTN រូបនេះ ដាក់ខ្លួនដល់ថ្នាក់នេះឡើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀត ជីជី វាចាប្រាប់អ្នកកាសែតថា “បុរសល្អមិនមែនជាបុរសដែលមានលុយច្រើនទេ”។

ការអះអាងរបស់ជីជី នៅពេលនេះទំនងមើលទៅនាងហាក់បាក់ស្បាតតែម្តងរឿងយកសង្សារជាកូនមន្ត្រីធំ ឬកូនអ្នកមាន ព្រោះប្រុសៗទាំងនោះមិនអាចបំពេញក្តីសុខឱ្យនាងបាននោះទេ ដោយសារមានតែលុយ តែខ្វះភាពកក់ក្តៅបេះដូង ទើបពេលនេះនាងសម្រេចិត្តមកសាងស្នេហ៍ថ្មីជាមួយប្រុសសាមញ្ញម្នាក់ដែលមិនមែនហ៊ឺហាជិះរថយន្តទំនើបៗតម្លៃរាប់សែនដុល្លារនោះទេ គឺប្រុសនោះជិះតែម៉ូតូកញ្ចាស់១គ្រឿង តែអាចបំពេញក្តីសុខឱ្យនាងបានគ្រប់យ៉ាងទាំងអស់។

ថៅកែលក់លៀសហាល នាងជីជី ថែមទាំងជិះម៉ូតូជាមួយគូស្នេហ៍ថតនៅពីមុខលៀសហាលរបស់នាងទៀតផង។

ដោយឡែក អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញទស្សនៈថា តើមានស្រីស្អាតប៉ុន្មាននាក់ទៅដែលមានចិត្តដូចជីជី ដែលទាត់ចោលសំណើរស្នេហ៍ប្រុសៗអ្នកជិះរថយន្តថ្លៃកប់ពពក មកភ្ជាប់ស្នេហ៍ជាមួយបុរសម្នាក់ជិះម៉ូតូកញ្ចាស់បែបនេះ?

អ្នកខ្លះទៀតបានលើកឡើងថា ស្នេហាស្មោះប្រាកដជាមានមែននៅលើលោកនេះ។ ប៉ុន្តែអ្នកខ្លះទៀតបែរជានិយាយថា នោះគ្រាន់តែជាការសម្តែងរបស់ជីជី ប៉ុណ្ណោះ ព្រោះពេលនាងទៅចូលរួមកម្មវិធីអ្នកសិល្បៈ គេមិនដែលឃើញជីជី ជិះម៉ូតូទៅចូលរួមនោះទេ គឺនាងតែងជិះរថយន្តទំនើបៗ ហើយពេលខ្លះមានអ្នកបើកបរឱ្យទៀតផង។

ប្រភពនោះបានឱ្យដឹងថា បងស្រីរបស់ជីជី គឺពេជ្រ សិរីរ័ត្ន ជិះរថយន្តទំនើបៗប្តូរដូចខោអាវ រឿងអីដែលជីជី ស្អាតប៉ុណ្ណឹងដែរ បែរជារកបានសង្សារត្រឹមជិះម៉ូតូកញ្ចាស់បែបនេះទៅវិញ ?

ជីជី បានភ្ជាប់ស្នេហ៍ជាមួយបុរសខ្ពស់ស្តើងម្នាក់ ឈ្មោះ “ជា” ដែលជាកូនអ្នកមានទ្រព្យ ហើយពួកគេស្រលាញ់គ្នាស្ទើរលេប ធ្លាប់បណ្តើរគ្នាចូលក្លឹប និងតាមកម្មវិធីសិល្បៈមួយចំនួនទៀតផង។ សង្សាររបស់ជីជី ពេលនោះជិះរថយន្ត Range Rover ពណ៌ស ហើយពួកគេតែងកៀកកើយគ្នាដូចប្តីប្រពន្ធអ៊ីចឹង។

ប៉ុន្តែនៅក្នុងកម្មវិធីសម្ពោធទូរទស្សន៍មួយ គេប្រទះឃើញ ជីជី ស្និទ្ធគ្នាប្លែកជាមួយមន្ត្រីធំផ្កាយ២ម្នាក់ដូចគូស្នេហ៍ ហើយពេលដំណឹងនេះបានឮដល់ត្រចៀកលោកជា ស្រាប់តែសង្សារជីជី ឆេះដុំព្រោះភ្លើងប្រចណ្ឌ ទើបធ្វើឱ្យចំណងស្នេហ៍ឈានទៅរកភាពរង្គោះរង្គើរហូតដល់ប្រេះឆា។ តាំងពីផ្តាច់ស្នេហ៍ពីកូនអ្នកមានមក ជីជី លែងចាប់អារម្មណ៍ស្នេហ៍កូនអ្នកមានទៀតហើយ ព្រោះនាងធុញប្រុសៗទាំងនោះពូកែប្រចណ្ឌ និងហួងហែងពេក។

ប៉ុន្តែតាំងពីភ្ជាប់គូស្នេហ៍ថ្មីមក ពេលនេះ ជីជី ហាក់ស្រកគីឡូចម្លែក រហូតមានតារារួមអាជីពនាំគ្នា ខ្សឹបខ្សៀវគ្នាថា ជីជី បាក់កម្លាំងទៀតផង។ តែជីជី ថា នាងតមអាហារពេលយប់ ហើយពេលនេះចុះ៣គីឡូ គឺពី៤៥មក៤២គីឡូ ទើបមើលទៅឃើញស្គមជាងមុន។

ជីជី មិនទាន់កំណត់ពេលវេលាចូលរោងការជាមួយសង្សារថ្មីនោះទេ ប៉ុន្តែក្នុងជំនួបជាមួយអ្នកកាសែតកន្លងមក នាងបង្ហើបថា ឃើញគេរៀបការ ចិត្តចង់តែរៀបការដូចគេដែរ។ នាងថា អាច២ឬ ៣ឆ្នាំទៀត នឹងលាភាពនៅលីវហើយ៕

RELATED ARTICLES