ក្រោយពីជាសះស្បើយពីរបួសដែលត្រូវសគេវ៉ៃបែកក្បាល ព្រោះតែញ៉ែប៉ះសង្សារគេ ហើយបបួលចួលដេកផ្ទះសំណាក់ទៀតនោះ នាយចឺម បានឡើងច្រៀងតាមឆាកប្រគំតន្ត្រីបានធម្មតាវិញហើយ និងបានរៀបរាប់ហេតុការណ៍ថា ជនបង្ករៀបគម្រៀងធ្វើស៊ីហើយថែមទាំងហៅអ្នកកាសែតមកចាំយកព័ត៌មានទៀតផង។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានយើងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ នាយចឺម ប្រាប់ថា “តាមពិតស្រីម្នាក់ហ្នុង (ស្រីលាភ) សង្សារខ្ញុំតើបង! គេបែកគ្នាយូរហើយ! តែថ្ងៃហ្នុងខ្ញុំចូលស៊ងគេ ព្រោះឆាតទៅ មិនមែនស្រីលាភ ហ្នឹងទេតបឆាតខ្ញុំ គឺអ្នកវ៉ៃខ្ញុំជាអ្នកលេងជំនួស”។
នាយចឺម បន្តថា “ដោយសារតែផ្ទះបងប្អូនខ្ញុំនៅជិតហ្នុងដែរ ពេលណាត់គ្នា ខ្ញុំទៅតែម្នាក់ឯង ហើយត្រូវគេវ៉ៃតែម្តង។ ខ្ញុំភាំងស្រឡាំងកាំងនិងភ័យខ្លាំងណាស់ ព្រោះគេធ្វើស៊ីខ្ញុំ”។

នាយចឺម បន្តទៀតថា “គេហៅអ្នកកាសែតមកច្រើនណាស់ដើម្បីថតផ្សាយបង្ខូចកិត្តិយសខ្ញុំជាអ្នកចម្រៀង។ ប៉ុន្តែខ្ញុំមិនផ្អាកឡើងច្រៀងទេ គឺយប់ហ្នុងកើតហេតុ ស្អែកល្ងាចខ្ញុំឡើងច្រៀងកម្មវិធីគេធម្មតាហ្នឹង”។

នាយចឺម បន្ថែមថា មិនព្រួយខ្លាចធ្លាក់កូដអាជីពចម្រៀង ដោយសារជាប់ឈ្មោះញ៉ែស្រីត្រូវគេវាយបែកក្បាលនោះទេ ព្រោះនាយជាជនរងគ្រោះ។ ចំណែកសំណុំរឿងនេះនៅដៃតុលាការ ហើយនាយទុកឱ្យខាងសមាគមសិល្បករខ្មែរ រៀបចំធ្វើការងារនេះឱ្យ ខណៈដែលក្រោយកើតហេតុភ្លាមៗនាយទទួលដំណឹងថា ជនបង្កព្រមបង់សំណងជំងឺចិត្ត១ម៉ឺនដុល្លារ តែក្រោយមកឮថា ឱ្យ៥០០ដុល្លារ តែនាយមិនអាចទទួលយកបានឡើយ។

នាយចឺម បញ្ជាក់ថា “ខ្ញុំមានរឿងប៉ុណ្ណឹងហើយ ឱ្យខ្ញុំ៥០០ដុល្លារ ខ្ញុំមិនយកទេ! ឮថាភ្លាមៗគេព្រមបង់១ម៉ឺនដុល្លារ ក្រោយមកថាឱ្យ៥០០ដុល្លារ ឥឡូវរឿងហ្នឹងខ្ញុំទុកឱ្យច្បាប់ជាអ្នកធ្វើការទៅចុះហើយរឿងនេះខាងសមាគមសិល្បករខ្មែរគាត់បានរៀបចំមេធាវីអស់ហើយ”។

ដោយឡែក កាលពីយប់មិញនេះ នាយចឺម ទើបតែចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ហេតុអ្វីកុហកថាគ្មានសង្សារ” ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

