តារាចម្រៀងសុខ មេសា ហៅនាយចឺម បានសារភាពថា ទោះជាពេលនេះនាយអាចឡើងច្រៀងនិងសម្តែងបានមែន ប៉ុន្តែស្នាមមុខរបួសនៅតែឈឺមិនទាន់បាត់ ហើយគ្រូពេទ្យតម្រូវឱ្យលេបថ្នាំជាប្រចាំផងដែរ។
នាយចឺម ក៏សម្តែងការបារម្ភច្រើនពេលចេញទៅច្រៀងសម្តែងនៅតាមបណ្តាខេត្ត ដោយរូបគេហាក់បាក់ស្បាតលែងហ៊ានទៅម្នាក់ឯងហើយ ទាល់តែមានក្រុមរាំទៅអមជាប់ជានិច្ច និងកម្មវិធីខ្លះមានប៉ូលិសនិងសន្តិសុខការពារត្រឹមត្រូវ ទើបនាយហ៊ានទៅច្រៀង។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ នាយចឺម ថ្លែងថា“ខ្ញុំមិនទាន់បាត់ឈឺមុខរបួសទេ។ គ្រូពេទ្យឱ្យលេបថ្នាំ១អាទិត្យសិន បើមិនបាត់ចាំលេបតទៅទៀត។ ឥឡូវខ្ញុំមានការប្រុងប្រយ័ត្នជាងមុន ព្រោះពេលទៅច្រៀងអីទាល់តែកម្មវិធីហ្នុងមានប៉ូលិសសន្តិសុខការពារត្រឹមត្រូវ ទើបខ្ញុំទៅ។ ចំណែកក្រុមរាំខ្ញុំវិញពេលទៅខេត្ត ឥឡូវពួកគាត់នៅជាមួយខ្ញុំរហូត”។

គួរបញ្ជាក់ថា ការបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាយចឺម នៅពេលនេះ ក្រោយពីតារាចម្រៀងសាន់ដេ ត្រូវបានជនបង្កឈ្មោះង៉ែត លីទី បានវាយនាយចឺម របួសដៃជើងនិងរយះក្បាលដេរ៥ថ្នេរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ អំឡុងពេលនាយចឺម ទៅច្រៀងសម្តែងនៅខេត្តប៉ៃលិន ហើយបានឆាតទៅញ៉ែនាងស.រ.ន ហៅស្រីលាភ អាយុ២១ឆ្នាំ ហើយត្រូវជនបង្កលើកបក្ខពួកមកវាយនាយចឺម ទាំងកំរោល ព្រោះខឹងតារាសាន់ដេ នេះ ញ៉ែសង្សាររបស់ខ្លួន។

ថ្វីត្បិតតែនាយចឺម ថា មិនខ្លាចគេលែងហៅច្រៀងទៀត ក្រោយញ៉ែស្រីខុសដេរ៥ថ្នេរនេះក្តី ប៉ុន្តែតារាចម្រៀងជើងចាស់ លោកនូ ស៊ឹប បានឱ្យដំបូន្មាននាយចឺម ថា គួរតែសម្ងំលាក់ខ្លួនមួយរយៈសិនទៅ ព្រោះរឿងនេះមិនមែនតូចតាចទេ។

លោកនូ ស៊ិប ថែមទាំងបញ្ជាក់ថា ខាងសមាគមសិល្បករខ្មែរត្រូវតែហៅនាយចឺម ទៅអប់រំចំពោះរឿងនេះ ព្រោះវាជះផលអាក្រក់ដល់តារាចម្រៀងរូបនេះខ្លាំងណាស់។

ក្រោយដេរ៥ថ្នែរ នាយចឺម បានងាកមកថ្នាក់ថ្នមចិន្តាសង្សាររបស់ខ្លួន នាងគៀត បេឡា ហៅអូនហ្វា វិញ ហើយចំណងស្នេហ៍នៅតែស្អិតល្មួតដូចដើម បើទោះជាមានពេលខ្លះអូនហ្វា អន់ចិត្តនាយចឺម ព្រោះលួចរកម្ហូបក្រៅផ្ទះ ដោយនាងនិយាយដៀមដាមដាក់នាយចឺម ខ្លះៗក្តី។

ដោយឡែក នាយចឺម ថា ទោះជាមានរឿងនេះក្តី តែនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នេះ រូបគេ នឹងធ្វើពិធីជប់លៀង១៥០តុឡើង ផ្ទះវីឡាថ្មី ឱ្យម្តាយនៅខេត្តកំពង់ស្ពឺ ដែលហៅ តារាល្បីៗជាច្រើនចូលរួម៕