កែវ ពេជ្រពិសី បានអះអាងថា មនុស្សប្រុសដែលជាអនាគតស្វាមីថ្មីរបស់នាងជាអ្នកណានោះ គឺត្រូវតែតាមដាននិងពិនិត្យមើលឱ្យបានច្បាស់លាស់ជាមុនសិន មិនមែនរៀបការដោយតក់ក្រហល់ដូចមុនទេ ហេតុនេះហើយបានជានាងសម្រេចចិត្តពន្យារពេលរៀបការដោយគ្មានពេលកំណត់ឡើយ។
តើប្រុសណាទៅដែលចូលខ្លួនមកស្អំរបួសបេះដូង អ្នកមេម៉ាយកែវ ពេជ្រពិសី ដែលដំបៅរយៈពេលជិត១០ឆ្នាំនេះ? ខណៈដែលកន្លងមកលេចឮថា នាងត្រូវបានមន្ត្រីធំផ្កាយ៣ម្នាក់តាមរាយអន្ទាក់ស្នេហ៍…។
កែវ ពេជ្រពិសី នៅតែរារែកចិត្តរឿងបង្ហាញមុខគូស្នេហ៍ថ្មី ដោយនាងសំអាងថា នៅពេលនេះមិនទាន់ ច្បាស់លាស់ជាមួយគ្នា១០០% នាងមិនទាន់អាចបញ្ចេញបានឡើយ។

ការប្រយ័ត្នប្រយែងខ្លាំងរបស់ពេជ្រពិសី នៅពេលនេះ ស្របពេលដែលមានដំណឹងថា មានពោះម៉ាយផ្កាយ៣ម្នាក់ព្យាយាមរាយអន្ទាក់ស្នេហ៍នាង ដោយធានាថា នឹងចូលចែចូវតាមប្រពៃណីខ្មែររៀបការជាចំហទៀតផង។
ប៉ុន្តែយ៉ាងណា ដំណឹងនេះមិនធ្វើឱ្យពេជ្រពិសី រំភើបឡើយ ព្រោះនាងត្រូវការពិនិត្យបុរសម្នាក់នោះឱ្យបានហ្មត់ចត់សិនទើបសម្រេចចិត្តថា រៀបការនៅពេលណាបាន។ នាងថា ការរៀបមង្គលការមិនមែនចេះតែធ្វើដោយតក់ក្រហល់បានទេ គឺត្រូវការពេលវេលាសមស្របណាមួយ ហើយពេលនេះ នាងមិនទាន់ធ្វើការសម្រេចចិត្តបានទេថា នឹងរៀបការជាលើកទី២នៅពេលណាបាន ព្រោះអត់ច្បាស់លាស់។

វាចារបស់កែវ ពេជ្រពិសី បែបនេះ បញ្ជាក់ថា អ្នកមេម៉ាយរូបនេះនៅតែឈឺដំបៅបេះដូងរយៈពេល១០ឆ្នាំមកហើយនោះ មិនទាន់ជាសះស្បើយទេ ហើយដើម្បីកុំឱ្យស្នាមរបួសចាស់រើឡើងវិញ នាងត្រូវតែមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសគូស្នេហ៍ថ្មី ដែលក្នុងនោះថែមទាំងបានផាត់ចោលសំណើស្នេហ៍ប្រុសក្រៅស្រុកទៀតផង ព្រោះខ្លាចដើរជាន់ដានចាស់។

ពេជ្រពិសី អះអាងថា នាងនៅតែចង់រៀបការជាលើកទី២ ដោយចង់បង្កើតគ្រួសារមួយមានប្តីកូនយ៉ាងសាមញ្ញដូចគេដែរ។ នាងថា ពេលខ្លះក្នុងនាមជាម្ចាស់សម្អាងការ នាងថែមទាំងតូចចិត្តពេលដែលទៅតែងខ្លួនឱ្យគេរៀបការ ប៉ុន្តែបែរជាខ្លួនឯងចង់ការដែរ តែមិនបានរៀបការទៅវិញ។ សម្រាប់ប្រុសៗតាមស្រលាញ់នាងវិញ នាងថា ពិតជាមានទាំងក្នុងនិងក្រៅស្រុកដូចការលេចឮកន្លងមកមែន។

កែវ ពេជ្រពិសី បានបង្ហូរទឹកនេត្រារៀងរាល់រាត្រីនៅពេលដែលម្តាយជាទីស្រលាញ់របស់នាង អ្នកស្រីកែវ ស៊ីណា ទទួលមរណភាពកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលធ្វើឱ្យនាងអាឡោះអាល័យម្តាយជាពន់ពេក។

ដោយឡែក អតីតស្វាមីនាង អាណិកជនខ្មែរ នៅអូស្ត្រាលី លោក ចន្ថា ស្រី ដែលបានរៀបការជាមួយពេជ្រពិសី កាលពីឆ្នាំ២០១០ ហើយ លែងលះគ្នាភ្លាមៗនោះ ពេលនេះ រកបានប្រពន្ធថ្មីទៀតទៅហើយ៕