បទ ”រំលឹករឿងចាស់ចង់តែយំ” ដែលជាសំនៀងរបស់តារាចម្រៀងឆាយ វីរៈយុទ្ធ កំពុងអង្រួនបេះដូងយុវវ័យជាច្រើនដែលបានចែកចាយ (Share) ព្រោងព្រាត ព្រោះអត្ថន័យបទចម្រៀងនេះចាក់ដោតត្រូវរឿងពិតរបស់មនុស្សជាច្រើន ដែលធ្លាប់គ្រាំគ្រាបេះដូង ដោយសារតែមនុស្សដែលខ្លួនស្រលាញ់ទុកខ្លួនគ្រាន់តែជា ”កាំជណ្ដើរ” ប៉ុណ្ណោះ។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ ដោយសារតែស្រលាញ់បទចម្រៀងនេះខ្លាំងពេក មានលោកឧកញ៉ាវ័យក្មេងម្នាក់ចេញមុខធានាការចំណាយផលិតបទចម្រៀងនេះឡើងទៀតផង ព្រោះលោកឧកញ៉ា គឺជាអ្នកគាំទ្ររបស់តារាចម្រៀងឆាយ ចាន់ចោម ហៅឆាយ វីរៈយុទ្ធ ជាយូរណាស់មកហើយ។

ឆាយ វីរៈយុទ្ធ បានទទួលស្គាល់ថា រឿងនោះជាការពិត ហើយលោកឧកញ៉ាដែលរ៉ាប់រងការផលិតបទ ”រំលឹករឿងចាស់ចង់តែយំ” នោះ មានឈ្មោះថាឧកញ៉ាម៉េន កានី Oknha GANY MEN (GM) ដែលលោកជាអ្នកជំនួញអចលនទព្យម្នាក់ ហើយបានស្រលាញ់រាប់អាន ថែមទាំងបោះទុនរកស៊ីជាមួយលោកលើមុខជំនួញជាច្រើនកន្លងមក។

វីរយៈយុទ្ធ បានឲ្យដឹងទៀតថា លោកឧកញ៉ាចំណាយថវិកាទាំងស្រុងក្នុងការផលិតបទចម្រៀងថ្មីនេះឡើង មានទំនុកច្រៀង មេឡូឌី និងទំនុកភ្លេង ដែលអាចឈានទៅការផលិតខារ៉ាអូខេក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ឆាយ វីរៈយុទ្ធ ដែលជោគជ័យបទចម្រៀងបែបមនោសញ្ចេតនាជាច្រើនបទកន្លងមកហើយនោះ នឹងកាន់តែលេចធ្លោថែមទៀតជាមិនខាន តាមរយៈបទ ”រំលឹករឿងចាស់ចង់តែយំ” ដែលមានលោកឧកញ៉ាគាំទ្រយ៉ាងពេញទំហឹងនៅក្រោយខ្នងនេះ៕
